កាល​ពី​ថ្ងៃ​សុក្រ​ ទី ២៧ ខែ វិច្ឆិកា​ ទីភ្នាក់ងារ​ចារកម្ម​កូរ៉េ​ខាង​ត្បូង​បាន​ប្រាប់​សមាជិក​សភា​ថា ​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​ Kim Jong Un ​បាន​បញ្ជា​ឱ្យ​សម្លាប់​មនុស្ស​យ៉ាង​តិច ២ នាក់ ​ហើយ​ហាម​ឃាត់​ការ​នេសាទ​នៅ​សមុទ្រ និង​បាន​បិទ​ការ​ចេញចូល​រដ្ឋធានី​ព្យុងយ៉ាង ​ដែល​ជា​ផ្នែក​មួយ​ដើម្បី​ការពារ​ការ​រីក​រាលដាល​កូវីដ ១៩​ និង​ការ​ខូចខាត​សេដ្ឋកិច្ច​។

សមាជិក​សភា​ម្នាក់ឈ្មោះ​លោក​ Ha Tae-keung​ បាន​ដក​ស្រង់​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សម្ងាត់​ជាតិ​ដែល​និយាយ​ថា ​លោក ​Kim​ កំពុង​បង្ហាញ​កំហឹង​ និង​ចាត់​វិធានការ​មិន​សម​ហេតុផល​ចំពោះ​ការ​រាលដាល​ជំងឺ​កូវីដ ១៩ រួម​ទាំង​ផល​ប៉ះពាល់​សេដ្ឋកិច្ច។​

លោក​បន្ថែម​ថា ​ប្រទេស​កូរ៉េ​ខាង​ជើង ​បាន​សម្លាប់​មន្ត្រី​សំខាន់ ​១ ​រូប ​នៅ​ក្នុង​ខែ​សីហា ​ពី​បទ​រំលោភ​លើ​បទប្បញ្ញត្តិ​របស់​រដ្ឋាភិបាល​ដែល​រឹតត្បិត​ទំនិញ​នាំចូល​ពី​បរទេស និង​សម្លាប់​អ្នក​ប្តូរ​ប្រាក់​នៅ​ទីក្រុង​ព្យុងយ៉ាង​ម្នាក់​កាល​ពី​ខែ​តុលា​ បន្ទាប់​ពី​ត្រូវ​បាន​ចោទ​ថា ​ជា​អ្នក​ដើរ​តួ​ធ្វើ​ឱ្យ​អត្រា​ប្តូរ​ប្រាក់​ធ្លាក់​ចុះ​។

កូរ៉េ​ខាង​ជើង​ បាន​ហាម​ឃាត់​ការ​នេសាទ​ និង​ការ​ផលិត​អំបិល​នៅ​សមុទ្រ​បន្ថែម​ទៀត​ ដើម្បី​ការពារ​ទឹក​សមុទ្រ​ពី​ការ​ឆ្លង​វីរុស​នេះ​។ ភ្នាក់ងារ​សម្ងាត់​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា ប្រទេស​កូរ៉េ​ខាង​ជើង ​ក៏​បាន​ប៉ុនប៉ង​លួច​ចូល​បណ្តាញ​របស់​ក្រុមហ៊ុន​ឱសថ​កូរ៉េ​ខាង​ត្បូង​មួយ​ ដែល​កំពុង​ព្យាយាម​បង្កើត​វ៉ាក់សាំង​ការពារ​កូវីដ ១៩​ ប៉ុន្តែ​មិន​បាន​ជោគជ័យ​។

ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​អះអាង​ថា ​មិន​បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ ១៩ ​នៅ​ប្រទេស​របស់​ខ្លួន​ទេ។ បើ​កូរ៉េ​ខាង​ជើង​មាន​ការ​រីក​រាលដាល​កូវីដ​ ១៩ ​នេះ វា​អាច​ផ្តល់​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​​ពី​ព្រោះ​ប្រព័ន្ធ​ថែរក្សា​សុខភាព​នៅ​កូរ៉េ​ខាង​ជើង​នៅ​មាន​កម្រិត​ និង​ខ្វះខាត​សម្ភារ​វេជ្ជសាស្រ្ត។ ​រោគ​រាតត្បាត​នេះ ​បាន​បង្ខំ​ឱ្យ​ប្រទេស​កូរ៉េ​ខាង​ជើង ​បិទ​ព្រំដែន​របស់​ខ្លួន​ជាមួយ​ប្រទេស​ចិន​ ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត ​និង​ជា​អ្នក​ផ្តល់​ជំនួយ​ក្នុង​ខែ​មករា ​ឆ្នាំ ​២០២០។ ការ​បិទ​ព្រំដែន​រួមជា​មួយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជា​បន្ត​បន្ទាប់​ និង​ការ​ដាក់​ទណ្ឌកម្ម​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ផង​ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​កូរ៉េ​ខាង​ជើង។

និយាយ​ពី​ពាណិជ្ជកម្ម​រវាង​កូរ៉េខាង​ជើង​ ជាមួយ​ចិន​ក្នុង​រយៈពេល ​១០ ខែ​ដំបូង​នៃ​ឆ្នាំ ២០២០​ មាន​ចំនួន​សរុប​ ៥៣០ លាន​ដុល្លារ​អាមេរិក​ ដែល​ស្មើ​នឹង​ ២៥%​ នៃ​តួលេខ​កាល​ពី​ឆ្នាំ​មុន។ ​ទីភ្នាក់ងារ​សម្ងាត់​ជាតិ​បាន​និយាយ​ថា ថ្លៃ​ស្ករ​ និង​គ្រឿងទេស​ បាន​កើន​ឡើង ៤ ដង​ ពី​តម្លៃ​មុន​មាន​ការ​រីក​រាលដាល​ជំងឺ​នេះ​។

ក្រុម​ឃ្លាំមើល​ទៅ​លើ​កូរ៉េ​ខាង​ជើង​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សេអ៊ូល​បាន​និយាយ​ថា ​អត្រា​ប្តូរ​រូបិយប័ណ្ណ​ពី​វ៉ុន​ទៅ​ជា​ប្រាក់​ដុល្លារ​នៅ​កូរ៉េ​ខាង​ជើង ​បាន​ធ្លាក់​ចុះ​គួរ​​ឱ្យ​កត់​សម្គាល់​នា​ពេល​ថ្មីៗ​នេះ ​ដោយសារ​តែ​ប្រជាជន​មិន​អាច​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស ​បន្ទាប់​ពី​ការ​រត់​ពន្ធ​ត្រូវ​បាន​កាត់​ផ្តាច់​ក្រោយ​ពី​​បិទ​ព្រំដែន​ជាមួយ​ចិន។

សកម្មភាព​របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ចុង​ខែ​មករា ​ដើម​ឆ្នាំ​នេះ ​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កូរ៉េ​ខាង​ជើង​ត្រូវ​រាំង​ស្ទះ។ ​វិធានការ​ដែល​កូរ៉េ​ខាង​ជើង​បាន​អនុវត្ត​មាន​ដូចជា ​កាត់​បន្ថយ​លំហូរ​ចូល​រូបិយប័ណ្ណ​បរទេស កាត់​បន្ថយ​ពាណិជ្ជកម្ម​ស្រប​ច្បាប់​ និង​ខុស​ច្បាប់​ជាមួយ​ប្រទេស​ចិន​ ដែល​មាន​ចំនួន ៩៥ ​ភាគរយ ​នៃ​ពាណិជ្ជកម្ម​របស់​កូរ៉េ​ខាង​ជើង។ ​សូម្បី​តែ​មាន​រោគ​រាតត្បាត​ក៏​ដោយ ​ក៏​កូរ៉េខាងជើង​នៅ​តែ​បន្ដ​មាន​សម្ពាធ​ទាក់ទង​នឹង​សេដ្ឋកិច្ច​របស់ខ្លួន​ដដែល ដោយ​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក​ជា​ឯកតោ​ភាគី។

សាស្ត្រាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ​ជាតិ​សេអ៊ូល ​លោក​ Kim Bng-yeon​បាន​និយាយ​កាល​ពី​ខែ ​ធ្នូ ឆ្នាំ ២០១៩ ​ខណៈ​ពេល​កំពុង​មាន​រោគ​រាតត្បាត​ថា របប​ដែល​លោក គីម ​កំពុង​កាន់កាប់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ខាត​បង់​អប្បបរមា​ចំនួន​ ១ ពាន់​លាន​ដុល្លារ​អាមេរិក​ ក្នុង​ ១ ឆ្នាំ។

លោក​បាន​ព្យាករ​ថា ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​នឹង​ជួប​វិបត្ដិ​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ទៀត។ ​បើ​យោងតាម​ទិន្នន័យ​គយ​ប្រទេស​ចិន នៅ​ក្នុង​ខែ​មីនា​ ឆ្នាំ​ ២០២០​ បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​បិទ​ព្រំដែន ​ការ​នាំចេញ​របស់​កូរ៉េ​ខាង​ជើង​ទៅ​កាន់​ប្រទេស​ចិន ​បាន​ធ្លាក់​ចុះ​ ៩៦ ​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ ២០១៩​។

ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​កូវីដ ១៩ ​កូរ៉េ​ខាង​ជើង​ក៏​បាន​បិទវិស័យ​ទេសចរណ៍​របស់​ខ្លួន។ ​រមណីយដ្ឋាន​ជិះ​ស្គី​ និង​ស្ប៉ា​ ដែល​ទើប​តែ​បើក​ថ្មី​ បច្ចុប្បន្ន​ពុំ​មាន​ដំណើរ​ការ​ឡើយ។ សកម្មភាព​ទីផ្សារ​ឯកជន​ក្រៅ​ផ្លូវ​ការ​ក៏​ត្រូវ​បាន​បញ្ឈប់​ផង​ដែរ​ នៅ​ពេល​ដែល​កូរ៉េ​ខាង​ជើង​បាន​រារាំង​អ្នក​រត់​ពន្ធ​​ក្នុង​ការ​នាំចូល​អីវ៉ាន់​ខុស​ច្បាប់។​ វិធានការ​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ការ​បញ្ឈប់​ជំងឺ​រាត​ត្បាត​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន​ច្រើន​ជាង​ការ​ដាក់​ទណ្ឌកម្ម​ពី​ក្រៅ​ប្រទេស​ទៅ​ទៀត​។

អ្នក​វិភាគ​បាន​និយាយ​ការ​បញ្ឈប់​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស​មិន​មាន​ភាព​ស៊ី​ចង្វាក់​គ្នា​ជាមួយ​នឹង​ការ​គណនា​រូបិយប័ណ្ណ​កូរ៉េ​ខាង​ជើង ​និង​ប្រាក់​ដុល្លារ​ទេ។​ លើស​​ពី​នេះ​ទៅ​ទៀត រឿង​អសមត្ថភាព​ក្នុង​ការ​ប្រើ​លុយ​បរទេស​នឹង​ជំរុញ​ទីផ្សារ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​ដោយ​តម្លៃ​លុយ​ធ្លាក់ចុះ​តែ​ការ​វិនិយោគ​មាន​សម្ទុះ។ ​អរិភាព​ និង​ភាព​អត់​ការងារ​ធ្វើ​ក្នុង​ចំណោម​ប្រជាជន​នឹង​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ជា​ពិសេស​ក្នុង​ចំណោម​មនុស្ស​ដែល​ធ្វើ​ជំនួញ។ ការ​កែ​តម្រូវ​ភ្លាមៗ​ ឬ​ការ​ធ្លាក់​ចុះ​តម្លៃ​រូបិយប័ណ្ណ​ភ្លាមៗ​ អាច​ជា​រឿង​ដែល​មិន​អាច​ចៀសផុត​ដូច​កាល​ឆ្នាំ​ ២០០៩។

យោង​តាម​ទិន្នន័យ​របស់​គយ​ប្រទេស​ចិន​ កត្តា​ដែល​ធ្វើ​ឱ្យ​មាន​ការ​ធ្លាក់​ចុះ​រូបិយប័ណ្ណ​នេះ​ គឺ​ដោយសារ​ការ​នាំចូល​របស់​កូរ៉េ​ខាង​ជើង​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​គឺ​ស្ទើរ​តែ​មិន​មាន​ទាល់​តែ​សោះ​នៅ​ក្នុង​ខែ​កញ្ញា។ ចាប់​តាំង​ពី​ប្រទេស​ចិន ​បាន​ចូលរួម​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​យ៉ាង​តឹងរ៊ឹង​ក្នុង​ឆ្នាំ ២០១៧ ​ ការ​នាំចេញ​របស់​កូរ៉េ​ខាង​ជើង​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង ​ប៉ុន្តែ​ការ​នាំចូល​រហូត​ដល់​ឆ្នាំ ២០១៩ ​នៅ​តែ​មាន​ប្រតិបត្តិការ​ល្អ។

កាល​ពី​ឆ្នាំ ២០១៧ ​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​ទៅ​លើ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កូរ៉េ​ខាង​ជើង​រួម​មាន ​ការ​ហាម​ឃាត់​ការ​លក់​ឧស្ម័ន​ធម្មជាតិ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង មាន​ន័យ​ថា​ ការ​ផ្គត់ផ្គង់​ការ​លក់​ ឬ​ការ​ផ្ទេរ​រាល់​សារធាតុរាវ​ និង​ឧស្ម័ន​ធម្មជាតិ​ទៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កូរ៉េ​ខាង​ជើង​មិន​ត្រូវ​បាន​អនុញ្ញាត​ដាច់​ខាត​។ អង្គការ​សហប្រជាជាតិ​ក៏​ហាម​ឃាត់​រដ្ឋ​ជា​សមាជិក​មិន​ឱ្យ​នាំចូល​ផលិតផល​ពី​កូរ៉េ​ខាង​ជើង​ដែរ ដែល​មាន​វាយនភណ្ឌ​ដូចជា​ក្រណាត់​ និង​ផលិតផល​សម្លៀក​បំពាក់​ជា​ដើម​៕