កាល​ពី​ថ្ងៃ​ពុធ ឬទី​ ២១​ តុលា​ នាយក​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​ជាតិ​របស់​អាមេរិក​លោក ​John Ratcliffe​ បាន​និយាយ​ថា​ ប្រទេស​រុស្ស៊ី​ និង​អ៊ីរ៉ង់​បាន​ព្យាយាម​ជ្រៀតជ្រែក​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ឆ្នាំ ​២០២០​។ ​លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ ដែល​មាន​ការ​ចូលរួម​ពី​លោក Chris ​Wray​ នាយក ​FBI ​ផង​ដែរ​។​

ការ​ប្រកាស​របស់​លោក Ratcliffe ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ព្រួយ​បារម្ភ​ក្នុង​កម្រិត​ប្រកាស​អាសន្ន​មួយ ​ដែល​មន្ត្រី​ជាន់​ខ្ពស់​សហរដ្ឋ​អាមេរិក​ចង់​បង្ហាញ​ថា​ មាន​តួអង្គ​បរទេស​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​ទំនុក​ចិត្ត​ពលរដ្ឋ​អាមេរិក​ទៅ​លើ​ភាព​ត្រឹម​ត្រូវ​នៃ​​ការ​បោះ​ឆ្នោត​បាត់បង់ ​និង​មាន​ចេតនា​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះ​ឆ្នោត​។​

លោក ​Ratcliffe ​បាន​និយាយ​ថា ​ប្រទេស​អ៊ីរ៉ង់ ​គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អ៊ីមែល​ដែល​ធ្វើ​ឱ្យ​មើល​ទៅ​ដូច​ជាសារ​នេះ​ផ្ញើ​មក​ពី​គេហទំព័​ររបស់ Proud Boys មាន​ភ្ជាប់​ជាមួយ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​តាមរយៈ​វីដេអូ​នៅ​ក្នុង​អ៊ីមែល​មួយ​ចំនួន​។​បើ​តាម​លោក ​Ratcliffe ​វីដេអូ​ខ្លះ​ត្រូវ​បាន​កាត់​ត​ដោយ​អ្នក​ជំនាញ​ដែល​ព្យាយាម​បង្ហាញ​ថា​ ការ​ក្លែង​បន្លំ​សន្លឹក​ឆ្នោត​ក្លែង​ក្លាយ​អាច​នឹង​កើត​មាន​។​

នាយក​ទីភ្នាក់ងារ​ស៊ើប​ការណ៍​​សម្ងាត់​ជាតិ​បាន​បន្ថែម​ថា៖​ «​ទិន្នន័យ​អាច​ត្រូវ​បាន​ប្រើ​ដោយ​ជន​បរទេស​ក្នុង​ការ​ប៉ុនប៉ង​ផ្តល់​ព័ត៌មាន​មិន​ពិត​ដល់​អ្នក​បោះ​ឆ្នោត​។ ​ចេតនា​នៃ​ការ​ផ្ញើ​សារ​នេះ ​ពួក​គេ​សង្ឃឹម​ថា​ នឹង​បង្ក​ឱ្យ​មាន​ភាព​ច្របូក​ច្របល់​ភាព​វឹកវរ​ និង​ធ្វើ​ឱ្យ​ខូច​ទំនុក​ចិត្ត ​របស់​ប្រជាជន​ចំពោះ​លទ្ធិប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក​»​។​

ជាង​នេះ​ទៅ​ទៀត ​លោក ​Ratcliffe ​បាន​សង្កត់​ធ្ងន់​ថា៖ ​«​យើង​បាន​ដឹង​ថា ​ព័ត៌មាន​របស់​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន​ត្រូវ​បាន​ប្រទេស​អ៊ីរ៉ង់ ​ទទួល​បាន​ ហើយ​ខ្លះ​ទៀត​ប្រទេស​រុស្ស៊ី ​ជា​អ្នក​ទទួល​បាន​ ​ហើយ​មន្ត្រី​រដ្ឋាភិបាល​បាន​រក​ឃើញ​ថា​ ​អ៊ីរ៉ង់​ផ្ញើ​អ៊ីមែល​ក្លែង​បន្លំ ​ដើម្បី​បំភិត​បំភ័យ​អ្នក​បោះ​ឆ្នោត​ ញុះ​ញង់​ឱ្យ​មាន​ភាព​វឹក​វរ​ក្នុង​សង្គម​ និង​បំបាក់​ប្រធានាធិបតី​ Donald ​Trump​»​។​

អ្នក​នាំពាក្យ​សាកល​វិទ្យាល័យ​មួយ​នៅ​រដ្ឋ​ហ្វ្លរីដា​បាន​និយាយ​ថា​ មាន​មនុស្ស ​១៨៣ ​នាក់ ​រួម​ទាំង​និស្សិត​ បុគ្គលិក​ និង​អតីត​និស្សិត​បាន​ទទួល​អ៊ីមែល​បែប​នេះ​។​ លោក Kristen Clarke ​ជា​ប្រធាន ​និង​ជា​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​មេធាវី ដើម្បី​សិទ្ធិ​ស៊ីវិល​ស្រប​តាម​ច្បាប់ ​(Committee for Civil Rights Under Law) ​បាន​និយាយ​ថា​ គណៈកម្មាធិការ​ទទួល​បាន​សេចក្ដី​រាយការណ៍​ប្រហែល ​៣៦ ​ពី​អ្នក​បោះ​ឆ្នោត​ដែល​ពួក​គាត់​ទទួល​បាន​សារ​អ៊ីមែល​ស្រដៀងៗ​គ្នា​កាល​ពី​ថ្ងៃ​អង្គារ ហើយ​យ៉ាង​ហោច​ណាស់ ១ ក្នុង​ចំណោម​នោះ​ គឺ​មក​ពី​រដ្ឋ​អារីហ្សូណា​។​

ក្នុង​នោះ​ខ្លឹមសារ​អ៊ីមែល​មួយ​ដែល​ផ្ញើ​ទៅ​អ្នក​បោះ​ឆ្នោត​នៅ​រដ្ឋ​ហ្វ្លរីដា​បាន​សរសេរ​ថា៖ «អ្នក​នឹង​បោះ​ឆ្នោត​ឱ្យ ​Trump ​នៅ​ថ្ងៃ​បោះ​ឆ្នោត ​ឬ​ក៏​យើង​នឹង​ទៅ​តាម​អ្នក»។ អ៊ីមែល​នេះ​ត្រូវ​បាន​ផ្ញើ​ពី «info@officialproudboys.com» ហើយ​ទាមទារ​ឱ្យ​បុគ្គល​នោះ​បោះ​ឆ្នោត​ឱ្យ ​Trump​។

គួរ​បញ្ជាក់​ថា ​ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​អាមេរិក​ធ្លាប់​បាន​ព្រមាន​ថា ​អ៊ីរ៉ង់​អាច​នឹង​ជ្រៀតជ្រែក​ធ្វើ​ឱ្យ​លោក Trump ​ចាញ់​ឆ្នោត​ ហើយ​រុស្ស៊ី​កំពុង​ព្យាយាម​ជួយ​គាត់​ក្នុង​ការ​បោះ​ឆ្នោត។ អ្នក​ជំនាញ​ក្រៅ​រដ្ឋាភិបាល​បាន​និយាយ​ថា ​ប្រសិន​បើ​អ្វី​ដែល​លោក Ratcliffe និយាយ​ពិត​ជា​ត្រឹមត្រូវ​អ៊ីរ៉ង់​នឹង​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឱ្យ​លោក ​Trump​ មើល​ទៅ​មិន​ល្អ​ដោយ​អំពាវនាវ​ឱ្យ​មាន​ការ​គាំទ្រ​ការ​គំរាម​កំហែង​។​

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​អ្នក​នាំពាក្យ​ស្ថាន​បេសកកម្ម​អ៊ីរ៉ង់​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​បាន​បដិសេធ​ថា ​អ៊ីរ៉ង់​មិន​បាន​ជ្រៀតជ្រែក​ក្នុង​ការ​បោះឆ្នោត​អាមេរិក​ទេ​។ ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​លោក ​Alireza Miryousefi អ្នក​នាំ​ពាក្យ​របស់​អ៊ីរ៉ង់​បាន​និយាយ​ថា៖ «អ៊ីរ៉ង់​គ្មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​ជ្រៀតជ្រែក​ក្នុង​ការ​បោះ​ឆ្នោត​របស់​អាមេរិក​ទេ​ ហើយ​ក៏​មិន​ចាប់​អារម្មណ៍​ចំពោះ​លទ្ធផល​ដែរ»។

ងាក​មក​មេ​ដឹកនាំ​សំឡេង​ភាគ​តិច​នៃ​បក្ស​ប្រជាធិបតេយ្យ​នៅ​ព្រឹទ្ធសភា​លោក ​Chuck Schumer ​ដែល​បាន​ទទួល​ដំណឹង​នេះ​នៅ​ក្នុង​សន្និសីទ​កាសែត​ស្តីពី​សន្តិសុខ​បោះឆ្នោត​កាល​ពី​រសៀល​ថ្ងៃ​ពុធ​បាន​និយាយ​ថា​ ​លោក​មិន​យល់​ស្រប​ជាមួយ​នឹង​អ្វី​ដែល​លោក Ratcliffe ​លើក​ឡើង​ថា​អ៊ីរ៉ង់​កំពុង​ព្យាយាម​ធ្វើ​បាប​លោក ​Trump​។ លោក ​Schumer​ បាន​ប្រាប់​សារព័ត៌មាន ​MSNBC ថា៖ «ខ្ញុំ​ដឹង​ច្បាស់​ថា​ចេតនា​របស់​អ៊ីរ៉ង់​ក្នុង​ករណី​នេះ ​និង​ប្រទេស​រុស្ស៊ី ​ក្នុង​ករណី​ជា​ច្រើន​ទៀត ​គឺ​ចង់​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ទំនុក​ចិត្ត​ក្នុង​ការ​បោះឆ្នោត​របស់​ប្រទេស​យើង​។ តែ​សកម្មភាព​នេះ​ខ្ញុំ​មិន​ជឿ​ថា​ មាន​គោល​បំណង​ក្នុង​ការ​បង្អាប់​ប្រធានាធិបតី ​Trump ​ឡើយ»។​

យ៉ាង​ណា​ក៏​ដោយ​អ៊ីមែល​នេះ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ហើយ​ប្រភព​ព័ត៌មាន​ស៊ើបការណ៍​មួយ​បាន​និយាយ​ថា​ គេ​នៅ​មិន​ទាន់​ច្បាស់​ថា ​នរណា​នៅ​ពី​ក្រោយ​ការ​ផ្ញើ​អ៊ីមែល​នេះ​ នៅ​ឡើយ​ទេ​។ ​ប្រភព​ពី​រដ្ឋាភិបាល​មួយ​ផ្សេង​ទៀត​បាន​និយាយ​ថា មន្រ្តី​សហរដ្ឋ​អាមេរិក​កំពុង​ស៊ើប​អង្កេត​ថា​ តើ​ប្រជាជន​អ៊ីរ៉ង់​បាន​លួច​ចូល​ទៅ​ក្នុង​បណ្តាញ ​ឬ​គេហទំព័រ​របស់ ​Proud Boys ​ដើម្បី​ចែកចាយ​ឯកសារ​គំរាម​កំហែង​ដែរ​ឬ​ទេ។ ប្រភព​នេះ​បាន​និយាយ​ថា ​ក្រុម​មន្រ្តី​សហរដ្ឋ​អាមេរិក​សង្ស័យ​រដ្ឋាភិបាល​អ៊ីរ៉ង់​មាន​ជាប់​ពាក់ព័ន្ធ ប៉ុន្តែ​ភ័ស្តុតាង​នៅ​តែ​មិន​ច្បាស់​ការណ៍។

ចំណែក​លោក ​Trump ​ក្នុង​ជំនួប​មួយ​នៅ​រដ្ឋ North ​Carolina​ មិន​បាន​និយាយ​ទាក់ទង​នឹង​សេចក្តី​ប្រកាស​នោះ​ទេ ​ប៉ុន្តែ​បាន​អះអាង​ម្តង​ហើយ​ម្តង​ទៀត​ថា ​អ៊ីរ៉ង់​ប្រឆាំង​នឹង​ការ​ចង់​កាន់​តំណែង​ជា​ថ្មី​របស់​លោក។ លោក​បាន​សន្យា​ប្រសិន​បើ​លោក​ឈ្នះ​ ១ ​អាណត្តិ​ទៀត ​លោក​នឹង​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ថ្មី​ជាមួយ​អ៊ីរ៉ង់​យ៉ាង​ឆាប់​រហ័ស ​ដែល​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​។

លោក​បាន​និយាយ​ថា​៖ «​អ៊ីរ៉ង់​មិន​ចង់​ឱ្យ​ខ្ញុំ​ឈ្នះ​ទេ។ ប្រទេស​ចិន ​មិន​ចង់​ឱ្យ​ខ្ញុំ​ឈ្នះ​នោះ​ទេ។ ​អ្វី​ដែល​ខ្ញុំ​នឹង​ទទួល​បាន​ដំបូង​គេ ​បន្ទាប់​ពី​យើង​បាន​ឈ្នះ​ឆ្នោត ​គឺ​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​»​៕​

សុខ ស្រីលុច