
ក្រុមអ្នកតវ៉ាកាន់បដាអំពាវនាវឱ្យដោះលែងមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី។ រូបថត AFP
រដ្ឋប្រហារនៅមីយ៉ាន់ម៉ាកាលពីដើមខែកុម្ភៈ ដែលជារដ្ឋប្រហារលើកដំបូងបង្អស់ក្នុងរយៈពេលជាង ៣ ទសវត្សរ៍ បានផ្លាស់ប្តូរទិដ្ឋភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ វិថីឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះកំពុងតែរង្គោះរង្គើ ជាពិសេសក្រោយការបោះឆ្នោតភ្លូកទឹកភ្លូកដីកាលពីឆ្នាំ ២០១៥ គាំទ្រគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី និងជ័យជម្នះរបស់អ្នកស្រីម្តងទៀតនៅក្នុងការបោះឆ្នោតជាតិខែវិច្ឆិកា ឆ្នាំ ២០២០។
ឥឡូវនេះរដ្ឋប្រហារបាននាំប្រទេសមីយ៉ាន់ម៉ា ត្រឡប់ទៅរកថ្ងៃភាពអន់ថយខាងលទ្ធិប្រជាធិបតេយ្យនេះ ដែលធ្វើឱ្យមានប្រតិកម្មពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកាលពីថ្ងៃទី ១២ កុម្ភៈ ថ្មីៗនេះ បណ្ដាប្រទេសមួយចំនួនក្នុងអាស៊ានបានសម្ដែងក្ដីព្រួយបារម្ភ និងមានប្រតិកម្មចំពោះស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ដែលមានដូចខាងក្រោម៖
ប្រទេសឥណ្ឌូនេស៊ី បានចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃដដែលនេះថា ប្រទេសខ្លួនបាននិងកំពុងគាំទ្រហើយក៏នៅតែបន្តគាំទ្រដល់ការតស៊ូរបស់មីយ៉ាន់ម៉ាឆ្ពោះទៅការផ្លាស់ប្តូរលទ្ធិប្រជាធិបតេយ្យប្រកបដោយសន្តិភាព និងគាំទ្រការគោរពសិទ្ធិមនុស្ស។ ហេតុដូច្នេះយើងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនយោបាយថ្មីៗដែលបានបង្កផលប៉ះពាល់ និងកាន់តែកើនឡើងយ៉ាងខ្លាំងនេះ។
សេចក្ដីថ្លែងការណ៍បានបន្តថា យើងសូមអំពាវនាវដល់ប្រទេសមីយ៉ាន់ម៉ា ឱ្យប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញតរៀងទៅ។ ការគោរពសិទ្ធិសេរីភាពមូលដ្ឋាន និងសិទ្ធិមនុស្សដែលមាននៅក្នុងធម្មនុញ្ញអាស៊ាន និងសេចក្តីប្រកាសស្តីពីសិទ្ធិមនុស្សអាស៊ានគួរតែត្រូវបន្តអនុវត្ត។
លោក Kham-Inh KHI-TCHADETH ឯកអគ្គរដ្ឋទូត និងតំណាងអចិន្រៃ្តយ៍នៃប្រទេសឡាវ បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ជាទស្សនៈរបស់យើងសហគមន៍អន្តរជាតិគួរតែបង្កើតបរិយាកាសអំណោយផលសម្រាប់ប្រទេសមីយ៉ាន់ម៉ា ក្នុងការដោះស្រាយផ្ទៃក្នុងរបស់ខ្លួនដោយមធ្យោបាយសន្តិវិធីដើម្បីឱ្យប្រទេសមីយ៉ាន់ម៉ា បន្តដំណើរការលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនក៏ដូចជាការអភិវឌ្ឍជាតិផងដែរ»។
លោក Ahmad Faisal Muhamad មន្ត្រីការទូតម៉ាឡេស៊ីបានអំពាវនាវឱ្យគ្រប់ភាគីទាំងអស់គាំទ្រ និងគោរពស្ថាប័នប្រជាធិបតេយ្យដំណើរការប្រជាធិបតេយ្យ នីតិរដ្ឋ សិទ្ធិមនុស្ស និងមូលដ្ឋានគ្រឹះសេរីភាពរួមទាំងសិទ្ធិប្រមូលផ្តុំដោយសន្តិវិធី និងសេរីភាពក្នុងការបញ្ចេញមតិជាដើម។
លោកបានបន្តថា៖ «យើងជំរុញឱ្យគ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ាឱ្យមានភាពអត់ធ្មត់ និងដោះស្រាយរាល់ការចោទប្រកាន់អំពីការបោះឆ្នោតក្នុងឥរិយាបថសន្តិភាពតាមរយៈការសន្ទនា និងបង្កើតយន្តការច្បាប់ផងដែរ»។
ដោយឡែកប្រទេសហ្វីលីពីន ក៏បានបង្ហាញការគាំទ្រជានិច្ចដល់ប្រទេសមីយ៉ាន់ម៉ា។ សេចក្ដីថ្លែងការណ៍ពីប្រទេសហ្វីលីពីន បានសរសេរថា៖ «ស្ដ្រីម្នាក់នេះ (លោកស្រី អ៊ុងសាន ស៊ូជី) គឺជានិមិត្តរូបនៃលទ្ធិប្រជាធិបតេយ្យយ៉ាងជ្រាលជ្រៅ និងត្រូវបានកោតសរសើរយ៉ាងខ្លាំងក្នុងចំណោមប្រជាជនហ្វីលីពីន»។
ប្រទេសសិង្ហបុរី ក៏បានសរសេរក្នុងសេចក្ដីថ្លែងការណ៍ថា៖ «ប្រទេសសិង្ហបុរី សូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពចុងក្រោយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ យើងកំពុងតាមដានស្ថានការណ៍នេះ យ៉ាងដិតដល់ហើយសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់អត់ធ្មត់បន្តកិច្ចចរចានានា ដើម្បីឆ្ពោះទៅរកលទ្ធផលវិជ្ជមាន និងសន្តិភាព។ មីយ៉ាន់ម៉ា គឺជាមិត្តជិតស្និទ្ធរបស់សិង្ហបុរី និងជាសមាជិកសំខាន់របស់អាស៊ាន។ យើងសង្ឃឹមថា ស្ថានការណ៍នឹងវិលមករកភាពប្រក្រតីវិញឆាប់បំផុត»។
លោកស្រី LE THI TU-YET MAI មន្ត្រីការទូត និងជាអ្នកតំណាងអចិន្រៃ្តយ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបានឱ្យដឹងថា៖ «ក្នុងកាលៈទេសៈបែបនេះវាចាំបាច់ណាស់ដែលសហគមន៍អន្តរជាតិ និងដៃគូ-អភិវឌ្ឍន៍បន្តការគាំទ្រដល់លទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ ប្រទេសវៀតណាម សូមលើកទឹកចិត្តដល់ការបន្តការសន្ទនាការផ្សះផ្សា និងសង្ឃឹមថា ស្ថានភាពនឹងត្រឡប់ទៅភាពប្រក្រតីស្របតាមឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា»។
ខណៈពេលដែលសមាជិកភាគច្រើនរបស់អង្គការសហប្រជាជាតិហាក់ដូចសស្រោកសស្រាំនឹងបញ្ហានៅប្រទេសមីយ៉ាន់ម៉ា ប្រទេសចិន និងរុស្ស៊ី បានចាត់ទុកបញ្ហាយោធាមីយ៉ាន់ម៉ានៅមីយ៉ាន់ម៉ា ថាជាកិច្ចការផ្ទៃក្នុងទៅវិញ។ ប្រទេសទាំង ២ មានប្រវត្តិទំនាក់ទំនងល្អជាមួយយោធាមីយ៉ាន់ម៉ារហូតមក។ មកដល់បច្ចុប្បន្ន ប្រទេសទាំង ២ ត្រូវប្រឈមនឹងការថ្កោលទោសរបស់ពលរដ្ឋមីយ៉ាន់ម៉ាតាមរយៈយុទ្ធនាការតាមអ៊ីនធឺណិតផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមអ្នកតវ៉ាមីយ៉ាន់ម៉ាក៏បានបន្តធ្វើបាតុកម្មនៅមុខស្ថានទូតនៃប្រទេសទាំង ២ នៅក្នុងសប្តាហ៍នេះដោយជំរុញឱ្យពួកគេឈប់គាំទ្ររបបយោធាតទៅទៀត។ បាតុករម្នាក់នៅមុខស្ថានទូតចិនប្រចាំនៅទីក្រុងយ៉ាំងហ្គោន (Yangon) បានប្រាប់សារព័ត៌មានថា៖ «យើងចង់ឱ្យរដ្ឋាភិបាលចិនគាំទ្ររដ្ឋាភិបាលជាប់ឆ្នោតរបស់យើង និងឈរជាមួយប្រជាជនយើង។ យើងសង្ឃឹមថា ប្រទេសចិន នឹងមិនគាំទ្រមេដឹកនាំរដ្ឋប្រហារទេ»។
ដោយឡែកបាតុករម្នាក់ទៀតដែលបានចូលរួមធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារនៅមុខស្ថានទូតរុស្ស៊ីក្នុងទីក្រុងយ៉ាំងហ្គោន (Yangon) កាលពីថ្ងៃសុក្រ ក៏បានប្រាប់សារព័ត៌មាន The Irrawaddy ថា៖ «យើងចង់ឱ្យពួកគេឮសំឡេងរបស់យើង»។
ប៉ុន្តែអ្នកតំណាងរុស្ស៊ីបាននិយាយថា ប្រទេសខ្លួនជឿជាក់ថា ការដោះស្រាយការខ្វែងគំនិតគ្នារវាងកម្លាំងនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់រដ្ឋអធិបតេយ្យ។ បន្ថែមពីនេះប្រទេសរុស្ស៊ី បានទទូចដល់សហគមន៍អន្តរជាតិកុំឱ្យរិះគន់របបយោធាចៀសជាង «ការផ្តល់ជំនួយជាក់ស្តែងដល់អាជ្ញាធរថ្មីនៃប្រទេសមីយ៉ាន់ម៉ា» ដើម្បីបំពេញកាតព្វកិច្ចរបស់ពួកគេរាប់បញ្ចូលទាំងផ្នែកសិទ្ធិមនុស្សផងនោះ។
យ៉ាងណាមិញមេដឹកនាំយោធាមីយ៉ាន់ម៉ាបានពន្យារការឃុំឃាំងលោកស្រី អ៊ុងសាន ស៊ូជី ខណៈការឃុំខ្លួនរបស់លោកស្រីត្រូវផុតកំណត់នៅថ្ងៃចន្ទ។ លោកស្រីនឹងនៅតែត្រូវជាប់ឃុំឃាំងដល់ថ្ងៃទី ១៧ កុម្ភៈ ហើយលោកស្រីនឹងបង្ហាញខ្លួននៅតុលាការតាមរយៈវីដេអូខល៕