
ក្រុមអ្នកតវ៉ាចូលរួមការជួបជុំមួយប្រឆាំងនឹងអំពើហិង្សាលើស្រ្តី និងវិសមភាពយេនឌ័រនៅទីក្រុងស៊ីដនីកាលពីថ្ងៃទី ១៥ មីនា ឆ្នាំ ២០២១។ រូប AFP
ស្ដ្រីប្រមាណជាង ១ ម៉ឺននាក់ បានប្រមូលគ្នាតាមទីក្រុង និងទីប្រជុំជនជាង ៤០ កន្លែង ជុំវិញប្រទេសអូស្ត្រាលី អំពាវនាវឱ្យបញ្ឈប់អំពើហិង្សាលើស្ត្រី។
ចលនា #March4Justice នេះ ធ្វើឡើងក្រោយមានករណីចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទនៅជុំវិញសភាអូស្ត្រាលី ប៉ុន្តែចលនានេះក៏ចង់បំផុសករណី ដែលកើតឡើងដូចគ្នាចំពោះស្ត្រីដទៃទៀត នៅទូទាំងពិភពលោកផងដែរ។
បញ្ហាធំៗ ដែលបានលើកឡើងរួមមាន ទី១ អំពើហិង្សាលើរាងកាយ ផ្លូវភេទក្នុងគ្រួសារ និងនៅតាមទីសាធារណៈ កើតឡើងមិនឈប់ឈរ ខណៈដែលស្ត្រីនៅតែបន្តប្រឈមមុខអសន្តិសុខសង្គម ដោយសារការមិនចេះគ្រប់គ្រងអារម្មណ៍របស់មនុស្សប្រុស និងគ្មានក្ដីអាណិតអាសូរចំពោះមនុស្សស្រីផងដែរ។ ទី២ ទាក់ទិននឹងការឆ្លើយតបរបស់ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធនឹងករណីអំពើហិង្សាទាំងនេះរួមមានប៉ូលិសតុលាការ និងស្ថាប័នតំណាងនានាដែលមិនយកចិត្តទុកដាក់លើបញ្ហានេះ។
ការចោទប្រកាន់មួយចំនួនរួមមានដូចជា ករណីអ្នកស្រី Brittany Higgins អតីតបុគ្គលិករដ្ឋបាលដែលបានអះអាងថា អ្នកស្រីត្រូវបានរំលោភដោយក្រុមការងាររបស់អ្នកស្រីនៅក្នុងការិយាល័យរបស់រដ្ឋមន្ត្រីក្នុងឆ្នាំ ២០១៩។
ដោយឡែក កាលពីដើមខែនេះដែរអគ្គរដ្ឋអាជ្ញា លោក Christian Porter បានបដិសេធនូវការចោទប្រកាន់មួយថា លោកបានរំលោភក្មេងស្រីអាយុ ១៦ ឆ្នាំម្នាក់ កាលពីឆ្នាំ ១៩៨៨ នៅពេលដែលពួកគេទាំង ២ នាក់នៅជាសិស្សនៅឡើយ។ លោកបានបដិសេធមិនព្រមចុះចេញពីតំណែងជុំវិញការចោទប្រកាន់នេះទេ។
នាយករដ្ឋមន្ត្រីScott Morrison បានចេញមកឆ្លើយតប និងនិយាយទៅកាន់អ្នកដង្ហែក្បួនបាតុកម្មនៅ Canberra ប៉ុន្តែក្រុមអ្នកបាតុកម្មបានបដិសេធមិនទទួលយកការបកស្រាយនេះ ដោយនិយាយថាការប្រជុំ «ជាសម្ងាត់» ដែលលើកឡើងដោយលោកនាយករដ្ឋមន្ត្រី គឺជាការមិនគោរពដល់ជនរងគ្រោះ។
អ្នករៀបចំក្បួនដង្ហែតវ៉ា Janine Hendry បានប្រាប់ ABC ថា៖ «ខ្ញុំគិតថា ប្រសិនបើលោកនាយករដ្ឋមន្ត្រីពិតជាយកចិត្តទុកដាក់ចំពោះស្ត្រី ខ្វល់ពីសំឡេងរបស់យើងគាត់គួរតែបើកការប្រជុំជាលក្ខណៈបើកចំហ ដើម្បីឱ្យពួកគាត់បានស្ដាប់ពីបញ្ហាយើងផង»។
ជាមួយគ្នានេះដែរ ក្រុមអ្នកនយោបាយជាស្ត្រីបានថ្លែងកាលពីថ្ងៃចន្ទថា ពួកគេនឹងព្យាយាមធ្វើវិសោធនកម្មទៅលើចំណុចចន្លោះប្រហោងណាមួយ ដែលបានព្រាងក្នុងសេចក្ដីព្រាងច្បាប់ ដែលការពារសមាជិកសភា និងតុលាការពីករណីបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ។
កន្លងមកសភាបានក្លាយទៅជាកន្លែងធ្វើការ ដែលមានបរិយាកាស «មិនគួរទ្រាំបាន»។ នៅមុនការបោះឆ្នោតឆ្នាំ ២០១៩ ស្ត្រីជាច្រើនបានលាឈប់ការងារពីសភា ដោយលើកឡើងពីមូលហេតុថា មានគេបៀតបៀនតែមិនបានបញ្ជាក់ច្បាស់ថា ធ្វើតាមរូបភាពបែបណាឡើយ៕