ក្រុង​សេអ៊ូល៖ ​ទន្លេ​ និង​កន្លែង​ទឹក​ធ្លាក់​សំខាន់ៗ​ជា​ច្រើន​ ​នៅ​ក្នុង​តំបន់​ភាគ​និរតី​ នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​បាន​ហូរ​ជន់​លិច​ ឬ​បាន​ឈាន​ជិត​ដល់​ការ​ជន់​លិច​ នៅ​តាម​កន្លែង​មួយ​ចំនួន​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយសារ​ភ្លើង​ធ្លាក់​យ៉ាង​ខ្លាំង​នៅ​ទីនោះ​ ដោយ​បាន​បង្ខំ​ឲ្យ​ក្រុម​ពលរដ្ឋ​ក្នុង​តំបន់​រត់​ភៀស​ខ្លួន​ និង​កាត់​ផ្តាច់​ដល់​ការ​ដឹក​ជញ្ជូន​ថែម​​ទៀត​ផង​។​

យោង​តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា​ ភ្លៀង​ធ្លាក់​ខ្លាំង ​ក៏​បាន​បង្ក​ឲ្យ​មាន​ការ​រអិល​បាក់​ដី​មួយ​នៅ​ក្នុង​ខេត្ត​ចូល​ឡា​ភាគ​ខាង​ជើង​ ដោយ​បាន​បណ្តាល​ឲ្យ​មនុស្ស ​២ ​នាក់​ស្លាប់​។​

ភ្លៀង​ធ្លាក់​រយៈពេល ​២ ​ថ្ងៃ​ បាន​បង្ក​ឲ្យ​ទឹក​ជំនន់​នៅ​ទន្លេ​ស៊ុម​ជីន​នៅ​ក្នុង​ស្រុក​ហ្គុក​ស៊ុង​ និង​ហ្គូរយី​ ស្រុក​ទាំង ​២ ​នេះ​បាន​ស្ថិត​នៅ​ក្នុង​ខេត្ត​ចូល​ឡា​ភាគ​ខាង​ត្បូង​។​

ច្រាំង​ទន្លេ​នៅ​ក្នុង​ទីក្រុង​ណាម​វ៉ុន​ នៅ​ជិត​ស្រុក​ហ្គូរយី​ បាន​បាក់​រលំ​នៅ​ប្រហែល​ម៉ោង ​១២ ​និង ​៥០ ​នាទី​រសៀល​។​

មន្ត្រី​បាន​បន្ថែម​ថា ​ការិយាល័យ​ប្រចាំ​តំបន់​របស់​ក្រសួង​ដែន​ដី​ ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ការ​ដឹក​ជញ្ជូន​ បាន​ថ្លែង​វាយ​តម្លៃ​អំពី​ទំហំ​នៃ​ការ​ខូច​ខាត​ ដោយសារ​ទឹក​ជំនន់​អាច​ឈាន​ដល់ ​៥០-១០០ ​ម៉ែត្រ​។​ ​ការ​វាយ​តម្លៃ​នោះ​ នៅ​តែ​ពិបាក​ទទួល​បាន​ព័ត៌មាន​ពិត​ប្រាកដ​ ដោយសារ​មិន​អាច​ទៅ​ដល់​កន្លែង​រងគ្រោះ​នោះ​។​

ភូមិ​​មួយ​​នៅ​​ក្នុង​​ស្រុក​​ម៉ូ​ជូ​ នៅ​ខេត្ត​​ចូលឡា​ភាគខាង​​ជើង​ ត្រូ​វ​ជន់​លិច​។ Yonhap

ខណៈ​ដី​កសិកម្ម​ដ៏​ធំ​ល្វឹងល្វើយ​ និង​ផ្ទះ​ជា​ច្រើន​ខ្នង​ ត្រូវ​បាន​ទឹក​ជន់​លិច​គ្មាន​សល់​ ហើយ​អាជ្ញាធរ​បាន​ថ្លែង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា​ ពួក​គេ​បាន​ចេញ​បញ្ជា​ឲ្យ​ក្រុម​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ដែល​រង​ផល​ប៉ះពាល់​ ត្រូវ​ជម្លៀស​ខ្លួន​ចេញ​ពី​ទី​នោះ​ជា​បន្ទាន់​។​

មនុស្ស​ប្រហែល ​៣០០ ​នាក់​ បាន​ចាក​ចេញ​ពី​ភូមិ​នៅ​ជិត​ច្រាំង​ទន្លេ​ ជា​ទី​កន្លែង​ដែល​មាន​ផ្ទះ​យ៉ាង​តិច ​៧០ ​ខ្នង​ ត្រូវ​បាន​ជន់​លិច​នៅ​​ក្នុង​ទឹក​។​

កម្រិត​ទឹក​ទន្លេ​យុងសាន​ និង​ទន្លេ​សំខាន់​ផ្សេង​ទៀត​នៅ​ក្នុង​ខេត្ត​នោះ​ បាន​ពេញ​ប្រៀប​ ខណៈ​តំបន់​ទឹក​ធ្លាក់ ​១ កន្លែង​នៅ​ក្នុង​ទីក្រុង​ហ្គាងជូ​ ចម្ងាយ ​២៧០ ​គីឡូ​ម៉ែត្រ​ពី​ទីក្រុង​សេអ៊ូល​ភាគ​ខាង​ត្បូង​ បាន​ហូរ​ជន់​លិច​ច្រាំង​មួយ​ចំនួន​។ ​អាជ្ញាធរ​ទន្លេ​បាន​បើក​ទំនប់​ទឹក​ ដោយ​បាន​បណ្តាល​ឲ្យ​ភូមិ​រាប់​សិប​កន្លែង​ ផ្តាច់​ការ​ទាក់ទង​ជា​បណ្តោះ​អាសន្ន​។​

យោង​តាម​អាជ្ញាធរ​ប្រចាំ​តំបន់​បាន​ឲ្យ​ដឹង​ថា ​ការ​បាក់​ដី ​១ បាន​កើត​ឡើង​នៅ​ប្រហែល​ម៉ោង ​៤​ និង ​៤២ ​នាទី​ល្ងាច​ នៅ​ក្នុង​ស្រុក​ចាងស៊ូ​ ខេត្ត​ចូលឡា​ភាគ​ខាង​ជើង​ ហើយ​បាន​កប់​ផ្ទះ ​១ នៅ​ក្នុង​ភក់​។​

មនុស្ស ​២ ​នាក់ ​ជា​បុរស​មាន​វ័យ ​៥៩ ​ឆ្នាំ​ម្នាក់​ និង​ប្រពន្ធ​របស់​គាត់​​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​បាន​ស្លាប់​ ពួក​គេ​បាន​ថ្លែង​ថា​ ថ្វី​បើ​ខ្លួន​មិន​បាន​ដឹង​អំពី​ព័ត៌មាន​ពិត​ប្រាកដ​ ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ ត្រូវ​បាន​កប់​នៅ​ក្នុង​ភក់​នោះ​។ ​មន្ត្រី​បាន​ថ្លែង​ថា​ មនុស្ស​ប្រហែល ​២​-​៣ ​នាក់​កំពុង​បាត់​ខ្លួន៕​ Yonhap/SK