ក្រុង​ប៉ារីស៖​ មនុស្ស​រាប់​ពាន់​នាក់​បាន​ហែ​ក្បួន​នៅ​ក្នុង​ក្រុង​ជា​ច្រើន ​នៅ​ជុំវិញ​ពិភព​លោក​សម្រាប់​ការ​ជួប​ជុំ​សប្តាហ៍​ទី២ ​កាល​ពី​ថ្ងៃ​សៅរ៍​ ដើម្បី​គាំទ្រ​ដល់​ចលនា​ Black Lives Matter​ នៅ​អាមេរិក ​ប៉ុន្តែ​ក៏​បាន​លើក​ឡើង​ពី​ការ​រើស​អើង​ពូជ​សាសន៍ ​និង​អំពើ​សាហាវ​ព្រៃផ្សៃ​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ​ផ្ទាល់​ដែរ​។​

មាន​ការ​ជួប​ជុំ​ជា​ច្រើន​នៅ​ក្នុង​ក្រុង​នានា​នៅ​ទូទាំង​អឺរ៉ុប​ដោយ​មនុស្ស​រាប់​ពាន់​នាក់ ​បាន​ធ្វើ​បាតុកម្ម​នៅ​ក្នុង​ក្រុង​មួយ​ចំនួន​នៅ​​ប្រទេស​បារាំង​ និង​ការ​ប៉ះទង្គិច​បាន​ផ្ទុះ​ឡើង​នៅ​ក្រុង​ប៉ារីស​ និង​ក្រុង​លីយ៉ុង​។

ប៉ូលិស​បាន​ចាប់​ខ្លួន​អ្នក​តវ៉ា​ជា​ច្រើន​នាក់​នៅ​ក្នុង​ក្រុង​ឡុងដ៍ ​ក្រោយ​ពី​អំពើ​ហិង្សា​នៅ​ពេល​ដែល​ពួក​គេ​បាន​ប្រឈម​នឹង​មនុស្ស​ ដែល​គាំទ្រ​ភាព​ស្មើ​គ្នា​នៃ​ជាតិ​សាសន៍​​នៅ​ទីនោះ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ​បូរីស ​ចន​សុន​ បាន​ប្រកាស​បដិសេធ​ការ​ប្រព្រឹត្ត​ការ​រើស​រើស​ពូជសាសន៍​របស់​ពួក​គេ​។​ ​

បាតុកម្ម​ជា​ប្រវត្តិសាស្ត្រ​រយៈពេល​ជា​ច្រើន​សប្តាហ៍ ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​ស្លាប់​របស់​លោក​ George Floyd​ ជា​ជនជាតិ​អាមេរិក​ដើម​កំណើត​អាហ្វ្រិក ​​ប្រព្រឹត្ត​ដោយ​ប៉ូលិស​ម្នាក់​ដែល​ជា​ការ​ស្លាប់​ថ្មី​បំផុត​នៅ​ក្នុង​​ចំណោម​បុរស​ស្បែក​ខ្មៅ ​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ការ​អនុវត្ត​ច្បាប់​របស់​ប៉ូលិស​ស្បែក​ស​នៅ​អាមេរិក​។

ការ​ស្លាប់​គួរ​ឲ្យ​ឈឺ​ចាប់​បំផុត​របស់​លោក​ ខណៈ​​ប៉ូលិស​ដែល​យក​ជង្គង់​សង្កត់​​ក​របស់​លោក​ ត្រូវ​បាន​ថត​ដោយ​អ្នក​ដើរ​ឆ្លង​កាត់​ និង​បាន​ចែក​រំលែក​ភ្លាម​ៗ​​នៅ​​លើ​បណ្តាញ​សង្គម​ដោយ​បង្ក​ឲ្យ​ផ្ទុះ​កំហឹង ​ជា​លើក​ដំបូង​នៅ​អាមេរិក ​និង​នៅ​ជុំវិញ​ពិភព​លោក​។ ​

​​ប្អូន​ស្រីរបស់​លោក HawaTraore (កណ្តាល​) ថ្លែងក្នុងអំឡុងការតវ៉ា​។ AFP

ភាព​ចលាចល​ទ្រង់ទ្រាយ​ធំ​នេះ ​បាន​បង្ខំ​ឲ្យ​មាន​ការ​សន្ទនា​ជា​សកល​មិន​ធ្លាប់​មាន​ពី​មុន​អំពី​កេរ​ដំណែល​នៃ​ភាព​ជា​ទាសករ ​និង​ការ​ដាក់​អាណា​និគម​របស់​អឺរ៉ុប​ និង​អំពើ​ហិង្សា​របស់​ពល​រដ្ឋ​ស្បែក​ស​ប្រឆាំង​ពណ៌​សម្បុ​ររបស់​មនុស្ស​ និង​ការ​ប្រើ​យោធា​របស់​ប៉ូលិស​នៅ​អាមេរិក។

ប៉ូលិស​បាន​ឃាត់​ក្រុម​អ្នក​តវ៉ា​នៅ​ក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​សៅរ៍​មិន​ឲ្យ​ហែ​ក្បួន​ឆ្លង​កាត់​រដ្ឋធានី​នេះ ​ដោយ​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ក្រោយ​ពី​ក្រុម​បាតុករ​បាន​គប់​ទៅ​លើ​ពួក​គេ​ ដោយ​វត្ថុ​រឹងៗ​នោះ​។​

នៅ​ក្នុង​ក្រុង​លីយ៉ុង​ភាគ​អាគ្នេយ៍​ប៉ូលិស​បាន​ប្រើប្រាស់​កាណុង​បាញ់​ទឹក​ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ​នៅ​ចុង​បញ្ចប់​នៃ​ការ​ធ្វើ​បាតុកម្ម ​ដែល​មាន​ការ​ចូលរួម​ពី​មនុស្ស​ប្រហែល​ ​២ ​ពាន់​នាក់​។ ​

ការ​ធ្វើ​បាតុកម្ម​នៅ​ក្រុង​ប៉ារីស ​ត្រូវ​បាន​អំពាវនាវ​ដោយ​ក្រុម​ដាក់​សម្ពាធ​មួយ​ក្រុម ​ដែល​បាន​ធ្វើ​យុទ្ធនា​ការ​ដើម្បី​យុត្តិធម៌​ជូន​ Adama Traore ​ជា​បុរស​ស្បែក​ខ្មៅ​ម្នាក់ ​ដែល​ស្លាប់​នៅ​ក្នុង​ការ​ឃុំ​ឃាំង​របស់​ប៉ូលិស​កាល​ពី​ឆ្នាំ ​២០១៦​។

ប្អូនស្រី​របស់​លោក ​Traore ​បាន​អំពាវនាវ​ដល់​អ្នក​ដែល​ចូលរួម​ការ​ជួប​ជុំ​នេះ​ឲ្យ​ប្រកាស​​ពី​ការ​បដិសេធ​ភាព​យុត្តិធម៌​ ប្រកាស​​បដិសេធ​ចោល​អំពើ​ហិង្សា​សង្គម​ ការ​រើស​​អើង​ពូជ​សាសន៍​ និង​អំពើ​ហិង្សា​របស់​ប៉ូលិស​។

អ្នក​តវ៉ាម្នាក់កាន់បដាស​រសេរ​ថា ​«គ្មានយុត្តិធម៌ គ្មា​ន​សន្តិ​ភា​ព» នៅក្នុង​កា​រត​វ៉ា​ប្រឆាំងការរើសអើងពូជសាសន៍។ AFP

នាង​ធ្វើ​ការ​ប្រៀប​ធៀប​រវាង​ការ​ស្លាប់​លោក​ Floyd ​នៅ​ក្នុង​ក្រុង​មីននៀ​ប៉ូលីស​ និង​ការ-​ស្លាប់​បង​ប្រុស​នាង​ និង​បាន​អំពាវនាវ​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​យ៉ាង​ពេញ​ទំហឹង​ទៅ​លើ​ការ​ស្លាប់​របស់​បង​ប្រុស​នាង។

អង្គការ​លើក​លែង​ទោស​អន្តរជាតិ ​(Amnesty International) ​អំពាវនាវ​​ឲ្យ​មាន​ការ​កែ​ទម្រង់​ជា​ប្រព័ន្ធ​នៃ​ការ​អនុវត្ត​របស់​ប៉ូលិស​នៅ​បារាំង​។

ការ​ជួប​ជុំ​ជា​ច្រើន​បាន​កើត​ឡើង​នៅ​ចុង​សប្តាហ៍​ ខណៈ​​ក្រុម​ឃ្លាំ​មើល​ប៉ូលិស​បាន​បង្ហាញ​ថា​ ខ្លួន​​ទទួល​បាន​ពាក្យ​បណ្តឹង​ ​១ ៥០០ ​​ប្រឆាំង​មន្ត្រី​ក្នុង​​ឆ្នាំ ២០១៩​៕ AFP/PSA