មនុស្ស​រាប់​ពាន់​នាក់ ​បាន​ធ្វើ​បាតុកម្ម​នៅ​រដ្ឋធានី ​Podgorica​ នៃ​ប្រទេស​ម៉ុងតេណេហ្គ្រោ ដើម្បី​ប្រឆាំង​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ទើប​ជាប់​ឆ្នោត​ថ្មី ដែល​មាន​គោលបំណង​ផ្លាស់ប្តូរ​ច្បាប់​សាសនា​ដ៏​ចម្រូងចម្រាស​ក្នុង​ប្រទេស ​និង​បង្ក​ឱ្យ​មាន​ភាព​តានតឹង​ជុំវិញ​ទំនាក់ទំនង​ស្មុគស្មាញ​រវាង​​ប្រទេស​នេះ ​ជាមួយ​នឹង​ប្រទេស​ស៊ែប៊ី។

កាល​ពី​ថ្ងៃ​ចន្ទ ​ក្រុម​បាតុករ​បាន​​បន្ទរ​ជា​សំឡេង​ថា ​«នេះ​មិនមែន​ជា​ប្រទេស​ស៊ែប៊ី» ​និង «ក្បត់​ជាតិ»​ នៅ​មុខ​សភា​មុន ​ពេល​​កិច្ច​ជជែក​ដេញ​ដោល​អំពី​ការ​ផ្លាស់ប្តូរ​ច្បាប់​ដែល​បាន​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​ថ្មី។ មុន​ពេល​សម័យ​ប្រជុំ​ចាប់​ផ្តើម​លោក​​នាយក​រដ្ឋមន្រ្តី ​Dusko Markovic ​អនុប្រធាន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សង្គម​ប្រជាធិបតេយ្យ ​(DPS)​ ជា​រដ្ឋាភិបាល​អាណត្តិ​មុន ដែល​អនុម័ត​ច្បាប់​សាសនា​ដើម ​ត្រូវ​បាន​ស្វាគមន៍​ និង​សាទរ​ពី​អ្នក​តវ៉ា​​នៅ​មុខ​សភា​។

មន្រ្តី​មួយ​ចំនួន​នៃ​គណបក្ស​ប្រជាធិបតេយ្យ​សង្គម​ប្រជាធិបតេយ្យ ​(DPS) ​និង​គណបក្ស​សេរី​មួយ​ចំនួន​បាន​គាំទ្រ​ចំពោះ​ការ​តវ៉ា​ប្រឆាំង​របស់​ក្រុម​​បាតុករ​នេះ​ផង​ដែរ​។

បាតុករ​ម្នាក់​ក្នុង​ចំណោម​អ្នក​ដទៃ ​គឺ​លោក ​Nemanja Batricevic ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថ្មី​ថា ​បាន​ប្រគល់​ទ្រព្យ​សម្បត្តិ​ទៅ​ព្រះវិហារ​គ្រិស្តអូស្សូដក់​របស់​ស៊ែប៊ី ​និង​ស៊ែប៊ី។ លោក​​បាន​និយាយ​ថា៖​ «ពួក​គេ​​កំពុង​ប្រគល់​កំណប់​វប្បធម៌​ម៉ុងតេណេ្រហ្គីន​ដល់​វិហារ​គ្រិស្ត​អូស្សូ​ដក់​របស់​ស៊ែប៊ី ​និង​ស៊ែប៊ី​ហើយ។​ ថ្ងៃ​នេះ​ដោយ​មាន​ការ​បោះឆ្នោត​ពុក​រលួយ​ពី​ពួក​ម៉ុង​តេណេ​ហ្គ្រីន​មួយ​ចំនួន​បាន​ធ្វើ​ឱ្យ​ក្រុម​នេះ​ ឡើង​កាន់​កាប់​​ប្រទេស​ម៉ុង​តេណេហ្គ្រោ ម្តង​ទៀត​ហើយ»។

បាតុកម្ម​នេះ ​គឺ​ជា​ការ​តវ៉ា​ធំ​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ប្រទេស​តំបន់​បាល់កង់​ដ៏​តូច​មួយ​នេះ ​ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថ្មី​ ដែល​បាន​ឡើង​កាន់​អំណាច ​បន្ទាប់​ពី​ឈ្នះ​សំឡេង​ឆ្នោត ច្រើន​​​ជាង​បន្តិច​លើ​គណបក្ស​គាំទ្រ​លោក​ខាង​លិច ​ដែល​ធ្លាប់​កាន់​អំណាច​ជា​យូរ​មក​ហើយ។ កាល​ពី​ថ្ងៃ​ទី ​៣០ ​ខែ​សីហា ​ប្លុក​ប្រឆាំង​ចំនួន ៣ ​បាន​ឈ្នះ​ភាគ​ច្រើន​នៃ ៤១ នៃ​អាសនៈ​ទាំង ៨១ នៅ​ក្នុង​សភា​ឈ្នះ​ឆ្នោត​លើ​​​គណបក្ស​ប្រជាធិបតេយ្យ​សង្គម​ប្រជាធិបតេយ្យ​ (DPS)។

ច្បាប់​ស្ដី​អំពី​សាសនា​នេះ ​បាន​​អនុម័ត​កាលពី​ចុង​ឆ្នាំ ​២០១៩ ​ក្នុង​នោះ​ដែរ ​គេ​ឃើញ​មាន​វិហារ​សាសនា​រាប់រយ​កន្លែង​ត្រូវ​បាន​គ្រប់គ្រង​ដោយ​វិហារ​គ្រិស្ត​អូស្សូដក់​របស់​ស៊ែប៊ី​ (SPC) ហើយ​ត្រូវ​​បាន​គេ​ប្រែ​ទៅ​ជា​សម្បត្តិ​របស់​រដ្ឋ​ម៉ុងតេណេហ្គ្រីន​វិញ​។

ប៉ុន្តែ​រដ្ឋាភិបាល​ថ្មី​ដែល​ទើប​ជាប់​ឆ្នោត ​មាន​ទំនោរ​ទៅ​រក​ប្រទេស​ស៊ែប៊ី ​និង​មាន​ភាព​ជិតស្និទ្ធ​ជាមួយ​ព្រះវិហារ​ផង នោះ​បាន​និង​កំពុង​ស្នើ​សុំ​ការ​កែប្រែ​ថ្មី​ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​ព្រះវិហារ​ទាំង​អស់​ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​អូស្សូដក់​របស់​ស៊ែប៊ី ​(SPC) ​និង​មាន​មូលដ្ឋាន​​នៅ​ប៊ែលក្រែន​ (ប្រទេស​ស៊ែប៊ី)​។

ក្រុម​អ្នក​តវ៉ា​បាន​ចោទ​ប្រកាន់​​រដ្ឋាភិបាល​ដែល​បាន​កាន់​អំណាច​កាល​ពី​ដើម​ខែ​នេះ​​ថា ​«ព្យាយាម​លុប​បំបាត់​រដ្ឋ​ម៉ុងតេណេ្រហ្គីន ​និង​អត្តសញ្ញាណ​ជាតិ»។ ​យ៉ាងណា​មិញ ​គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា សភា​នឹង​បោះឆ្នោត​ផ្លាស់ប្តូរ​ច្បាប់​សាសនា​នៅ​ពេល​ណា​។

ខណៈ​ពេល​ដែល​ប្រទេស​ម៉ុងតេណេហ្គ្រោ ​ប្រកាស​ឯករាជ្យ​ពី​ប្រទេស​ស៊ែប៊ី ​កាល​ពី ​១៤ ឆ្នាំ​មុន​ ប្រវត្តិសាស្រ្ត ​និង​វប្បធម៌​របស់​ពួក​គេ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជ្រាលជ្រៅ។ ​ប្រហែល ​១ ភាគ ​៣ នៃ​ប្រជាជន​ប្រមាណ ៦២០ ០០០ នាក់ ​ជា​ជនជាតិ​ស៊ែប៊ី ​ខណៈ​ដែល​​អូស្សូដក់​របស់​ស៊ែប៊ី ​នៅ​តែ​ជា​ស្ថាប័ន​សាសនា​ដ៏​សំខាន់​នៅ​ក្នុង​ប្រទេស។

រដ្ឋាភិបាល​អាណត្តិ​មុន​ទទួល​​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​លោក ​Milo Djukanovic ​ជា​បុគ្គល​រឹងមាំ ​និង​ខ្លាំង​ពូកែ​ម្នាក់​ដែល​ជំរុញ​ឱ្យ​មាន​ការ​បោះឆ្នោត​សភា​ចំពោះ​ច្បាប់​នេះ ​កាល​ខែធ្នូ​ ឆ្នាំ ​២០១៩ ទោះបី​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​វិហារ​គ្រិស្តអូស្សូដក់​របស់​ស៊ែប៊ី ​និង​គណបក្ស​នយោបាយ​ដែល​គាំទ្រ​ស៊ែប៊ីក៏​ដោយ។ ​ក្រុម​អ្នក​រិះគន់​មួយ​​ចំនួន​បាន​ទិតៀន​ច្បាប់​នេះ​​​​ថា ជា​ការ​ប៉ុនប៉ង​រឹបអូស​ទ្រព្យ​សម្បត្តិ​ព្រះវិហារ តែ​អាជ្ញាធរ​បាន​បដិសេធ​ថា មិន​ដែល​មាន​ផែនការ​បែបនេះ​កើត​ឡើង​ឡើយ។

សមាជិកសភា ​DPS​ លោក ​Dragutin Papovic​ បាន​និយាយ​ថា៖ «សំណើ​នេះ​ត្រូវ​បាន​រើសអើង​ប្រឆាំង​នឹង​ពលរដ្ឋ ​២ ភាគ ៣ នៃ​ពលរដ្ឋ​ម៉ុងតេណេហ្គ្រោ​។​ រដ្ឋាភិបាល​នេះ បង្កើត​ឱ្យ​មាន​សហគមន៍​សាសនា​តែ​មួយ​ប្រភេទ​សម្រាប់​ប្រទេស​មួយ​ទាំង​មូល។​ យើង ​នឹង​មិន​អនុញ្ញាត​ឱ្យ​រឿង​នេះ​កើត​ឡើង​ទេ ​ហើយ​យើង​នឹង​ប្រើ​គ្រប់​មធ្យោបាយ​របស់​ប្រជាធិបតេយ្យ ​ដើម្បី​ការពារ​ពលរដ្ឋ​របស់​យើង»។

រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​លោក ​Vladimir Leposavic ​បាន​និយាយ​ថា៖ «គ្មាន​ការ​រើសអើង​រវាង​សហគមន៍​សាសនា​ទេ។​ ជាមួយ​នឹង​ការ​ផ្លាស់ប្តូរ​នេះ ​គឺ​ជា​​ការ​ពង្រឹង​ច្បាប់​សម្បត្តិ​វប្បធម៌​ដែល​គ្រប់គ្រង​ដោយ​សហគមន៍​សាសនា​ប៉ុណ្ណោះ ​ហើយ​ក៏​​គ្មាន​នរណាម្នាក់​អាច​ផ្ទេរ​ទ្រព្យ​សម្បត្តិ​រដ្ឋ​បាន​ដែរ»។

យ៉ាងណា​មិញ ​នៅ​ក្នុង​ពេល​បោះឆ្នោត​ខែ​សីហា គណបក្ស​សង្គម​ប្រជាធិបតេយ្យ​របស់​លោក ​(DPS) ​បាន​ចាញ់​ឆ្នោត​ក្រុម​គណបក្ស​ប្រឆាំង​ដែល​​ដឹកនាំ​ដោយ​សម្ព័ន្ធមិត្ត​ (SPC) ជា​លើក​ដំបូង​ក្នុង​រយៈពេល ​៣ ទសវត្សរ៍​កន្លង​មក​នេះ។​ គណបក្ស​សង្គម​ប្រជាធិបតេយ្យ​របស់​លោក ​(DPS) ​បាន​​បង្វែរ ​ប្រទេស​ម៉ុងតេណេ​ហ្គ្រោ​ឱ្យ​​ចេញ​ឆ្ងាយ​ពី​ឥទ្ធិពល​របស់​ស៊ែប៊ី ​និង​រុស្ស៊ី។ ប្រជាជាតិ​នៅ​តំបន់ Adriatic ​ដែល​រួម​​មាន​ប្រទេស​ម៉ុងតេណេហ្គ្រោ ​បាន​ចូល​ជា​សមាជិក​ណាតូ​ក្នុង​ឆ្នាំ ​២០១៧ ​និង​កំពុង​ស្វែងរក​សមាជិក​ភាព​ក្នុង​​សហភាព​អឺរ៉ុប​ផង​ដែរ​៕​