ក្រុង​ម៉ូស្គូ៖ ​មនុស្ស​រាប់​រយ​នាក់​ បាន​ចូល​រួម​ការ​តវ៉ា​ថ្ងៃ​ទី ២ ​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ក្រុង​ខាបារ៉ូវស្គ៍ ​នៃ​​ប្រទេស​រុស្ស៊ី​ចុង​ខាង​កើត ​ជុំវិញ​ការ​ចាប់​ខ្លួន​អភិបាល​ក្រុង​ដ៏​មាន​ប្រជាប្រិយភាព ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​អ្នក​ជំនួញ​អស់​ជា​ច្រើន​នាក់​។

លោក ​Sergei Furgal ​មាន​អាយុ ​៥០ ​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​និង​ត្រូវ​បាន​គេ​ឲ្យ​ឃុំ​ខ្លួន ​២ ​ខែ​ មុន​នឹង​​កាត់​ទោស​ជុំវិញ​បទ​ឧក្រិដ្ឋ​រយៈពេល ​១៥ ​ឆ្នាំ​កន្លង​ទៅ។

យោង​តាម​ការ​ប៉ាន់​ប្រមាណ​មុនៗ ​បាន​ឲ្យ​ដឹង​ថា ​វិធានការ​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មួយ​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ក្រុង​ខាបារ៉ូវស្គ៍ ​ដែល​ត្រូវ​បាន​ចូលរួម​ដោយ​មនុស្ស​ចន្លោះ​ពី ​១ ម៊ឺន​នាក់ ​ទៅ ​៤ ម៊ឺន​នាក់​។

យោង​តាម​ទីភ្នាក់ងារ​​ព័ត៌មាន ​TASS ​បាន​ឲ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​អាទិត្យ​មនុស្ស​រាប់​រយ​នាក់​បាន​ដើរ​ហែ​ក្បួន​ឆ្លង​កាត់​ក្រុង​នេះ​ទៅ​កាន់​ការិយាល័យ​រដ្ឋាភិបាល​​ក្នុង​តំបន់​។

អ្នក​គាំទ្រ​ក្នុង​តំបន់​របស់​ឥស្សរជន​ប្រឆាំង​រុស្ស៊ី​ឈាន​មុខ ​គឺ​លោក Alexei Navalny បាន​ដាក់​ចំនួន​អ្នក​ចេញ​មក​តវ៉ា​ប្រហែល ​២ ​ពាន់​នាក់។

លោក ​Furgal ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​ប្រជែង​យក​តំណែង​អភិបាល​ក្រុង​ក្នុង​ឆ្នាំ ​២០១៨ ​ដោយ​ធ្វើ​ឲ្យ​បក្ស​រួបរួម​រុស្ស៊ី​របស់​លោក ពូទីន ​ទទួល​ភាព​អាម៉ាស់​។​

ការ​ចាប់​ខ្លួន​លោក​ Furgal នេះ ​បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោក​ ពូទីន ​ដែល​បាន​កាន់​តែ​តំណែង​ ២ ​ទសវត្សរ៍​បាន​ឈ្នះ​ឆ្នោត​ភ្លូក​ទឹក​ភ្លូក​ដី​ទៅ​លើ​ការ​កែ​ទម្រង់​រដ្ឋធម្មនុញ្ញ ​ដែល​អាច​ឲ្យ​លោក​បន្ត​​តំណែង​​ដល់​ឆ្នាំ​ ២០៣៦​៕ AFP/PSA