ក្រុង​ប៊ែរឡាំង៖ ​មនុស្ស​រាប់​រយ​នាក់​បាន​ធ្វើ​កុបកម្ម​នៅ​កណ្តាល​ទីក្រុង​ស្តាតត៍ហ្គាត ​នៃ​ប្រទេស​អាល្លឺម៉ង់​ ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ ដោយ​បាន​គប់​ដុំ​ថ្ម​ និង​ដប​ទៅ​លើ​ប៉ូលិស​ និង​ចូល​លួច​ប្លន់​ហាង​ជាច្រើន​កន្លែង​ ក្រោយ​ពី​វាយ​កម្ទេច​បង្អួច​ហាង​លក់​ទំនិញ​អស់​ជា​ច្រើន​ទៀត។​

អាជ្ញាធរ​បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ចេញ​ពី​ទីក្រុង​ភាគ​និរតី​នេះ​ ថា​៖ «បច្ចុប្បន្ន ​ប៉ូលិស​កំពុង​ធានា​សន្តិសុខ​ និង​កំពុង​សួរ​ចម្លើយ​មនុស្ស​ជាង ​២០ ​នាក់​ ដែល​បាន​ចាប់​ខ្លួន​ជា​បណ្តោះ​អាសន្ន»​។​

សេចក្តី​ថ្លែង​ការណ៍​នោះ ​បាន​​ឲ្យ​ដឹង​ទៀត​ថា​ ប៉ូលិស​ ​១២ ​នាក់​ ក៏​បាន​រង​របួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ជាមួយ​​អ្នក​ធ្វើ​កុបកម្ម​។​

លោក ​Sascha ​Binder ​ដែល​កំពុង​ដឹកនាំ​សមាជិក​សភា​តំបន់​របស់​គណបក្ស​សង្គម​ប្រជាធិបតេយ្យ​បាន​ថ្កោល​ទោស​អំពើ​ហិង្សា​នោះ ​យ៉ាង​ខ្លាំង​។​

«​វា​ជាក់​ស្តែង​ណាស់​ គឺ​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត​ ដែល​នៅ​កណ្តាល​ប្រទេស​របស់​យើង​ក្លាយ​ជា​​កន្លែង​សង្គ្រាម​ស៊ីវិល​កំពុង​ផ្ទុះ​ឡើង​។​ យើង​មិន​ដឹង​ថា​មាន​សមរភូមិ​ប្រយុទ្ធ​គ្នា​ នៅ​តាម​ដង​ផ្លូវ​​នានា​នៅ​ក្នុង​រដ្ឋ BadenWuerttemberg មាន​ទំហំ​ធំ​បែប​នេះ​ទេ​»​។​

ភាព​តានតឹង​បាន​ផ្ទុះ​ឡើង​រយៈ​ពេល​ខ្លី​ ក្រោយ​ពេល​រំលង​អាធ្រាត្រ ដោយសារ​ប៉ូលិស​ត្រួត​ពិនិត្យ​ ទៅ​លើ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ខ្លះ​ ដែល​បាន​ប្រមូល​ផ្តុំ​បិទ​ទីលាន ​Schlossplatz ​ធំ​ជាង​គេ​បំផុត​របស់​ទីក្រុង​នេះ​។​

ការ​ប៉ះ​ទង្គិច​គ្នា​បន្ទាប់​មក​ បាន​ផ្ទុះ​ឡើង​នៅ​ទីនោះ​ ខណៈ​ក្រុម​បាតុករ​ជា​ច្រើន​ក្រុម​បាន​ផ្ទុះ​ហិង្សា​ ដោយ​ពួក​គេ​បាន​ប្រើប្រាស់​ដំបង​ ឬ​ដែក​ទីប ​វាយ​កម្ទេច​កញ្ចក់​រថយន្ត​ប៉ូលិស​អស់​ជា​ច្រើន​គ្រឿង​នៅ​ក្នុង​តំបន់​នោះ​៕ AFP/SK