មនុស្ស​រាប់​សិប​នាក់ កំពុង​បាត់​ខ្លួន​នៅ​ភាគ​ពាយព្យ​ប្រទេស​នីហ្សេរីយ៉ា​ បន្ទាប់​​ពី​ទូក​ដឹក​ទំនិញ​លើស​ទម្ងន់​មួយ​បាន​ដឹក​អ្នក​ដំណើរ​ប្រហែល ១៦០ នាក់ បាន​លិច​នៅ​ក្នុង​ទន្លេ​នីហ្សេ។ នេះ​បើ​តាម​ឱ្យ​ដឹង​ពី​អាជ្ញាធរ​ក្នុង​ស្រុក។ ​

លោក Abdullahi Buhari Wara ប្រធាន​រដ្ឋបាល​នៅ​សង្កាត់ Ngaski បាន​និយាយ​ថា​ ទូក​ដែល​បាន​ចេញ​ដំណើរ​ពី​រដ្ឋ​នីហ្សេរីយ៉ា​ភាគ​កណ្តាល ឆ្ពោះ​ទៅ​កាន់​ភាគពាយព្យ​នៃ​រដ្ឋ Kebbi បាន​ធ្លាយ​ និង​លិច​កាល​ពី​ថ្ងៃ​ ពុធ កន្លង​ទៅ​។

លោក​បាន​ឱ្យ​ដឹង​ថា៖ «ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ គេ​រក​ឃើញ​អ្នក​ដំណើរ​តែ ២២ នាក់​ និង​សាកសព​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​។ អ្នក​ដំណើរ​ប្រហែល​ ១៤០ នាក់​នៅ​បាត់​ខ្លួន​នៅ​ឡើយ​»។

យោង​តាម​មន្រ្តី​គ្រាអាសន្ន​បាន​ឱ្យ​ដឹង​ថា​ ទូក​ដឹក​ទំនិញ​ក្នុង​ស្រុក​ដែល​ដឹក​អ្នក​ដំណើរ​ជាង​ ១០០ នាក់​ បាន​បាក់​ជា​ ២​ បន្ទាប់​ពី​បាន​ប៉ះ​នឹង​គល់​ឈើ​អំឡុង​ពេល​មាន​ព្យុះ​​នៅ​ពេល​ពួក​គេ​ត្រឡប់​មក​ពី​ផ្សារ​ក្នុង​តំបន់​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ទូក​នោះ ក៏​ត្រូវ​បាន​ផ្ទុក​ខ្សាច់​ពី​អណ្តូង​រ៉ែ​មាស​ផង​ដែរ៕