ក្រុង​បៃរូត៖ ​ក្រុម​អ្នក​តវ៉ា​បាន​នាំ​គ្នា​ចេញ​តាម​ដង​ផ្លូវ​នានា​នៃ​រដ្ឋធានី​លីបង់​ កាល​ពី​ថ្ងៃ​សៅរ៍​ ដើម្បី​រិះ​គន់​ការ​ដួល​រលំ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​នេះ ​ខណៈ​ការ​ប៉ះ​ទង្គិច​ជា​ច្រើន​លើក​បាន​ផ្ទុះ​ឡើង​រវាង​ក្រុម​អ្នក​តវ៉ា​ និង​ក្រុម​ប្រឆាំង​របស់​ក្រុម​ស៊ីអ៊ីដ ហេបូឡាហ៍​​​គាំទ្រ​ដោយ​អ៊ីរ៉ង់។​

មនុស្ស​រាប់​រយ​នាក់​បាន​ចេញ​តាម​ដង​ផ្លូវ​នៅ​ក្នុង​ការ​តវ៉ា​ និង​នៅ​ជុំវិញ​​ទីលាន ​Martyrs ​នៅ​កណ្តាល​ទីក្រុង​បៃរូត​ ​ ដោយ​មាន​​​ការ​ប៉ះទង្គិច​គ្នា​​​ទ្រង់ទ្រាយ​តូចៗ​​ រវាង​​អ្នក​តវ៉ា ​និង​កងកម្លាំង​សន្តិសុខ​ ដែល​បាន​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ទៅ​លើ​ហ្វូង​បាតុករ​ទាំង​នោះ​។​

កាក​បាទ​ក្រហម​លីបង់​បាន​ថ្លែង​ថា​ មនុស្ស ​៤៨ ​នាក់​បាន​រងរបួស​នៅ​ក្នុង​អំពើ​ហិង្សា​នោះ​ និង ​១១ ​នាក់​ផ្សេង​ទៀត​ ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ​ចំណែក​មនុស្ស​ផ្សេង​ទៀត​ត្រូវ​បាន​ព្យាបាល​នៅ​កន្លែង​តវ៉ា​។​

នេះ​គឺ​ជា​ការ​ប្រមូល​ផ្តុំ​ប្រឆាំង​រដ្ឋាភិបាល​ទ្រង់ទ្រាយ​ធំ​ដំបូង​ ​បាន​ទាក់ទាញ​បាតុករ​ជាច្រើន​មក​ពី​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​​អាជ្ញាធរ​បាន​បន្ធូរបន្ថយ​ការ​បិទ​ប្រទេស​ ដែល​បាន​ដាក់​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា​កន្លង​ទៅ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​​ដ៏​ចម្លែក​នេះ​។​

និស្សិត ​គ្រីស្ទីណា​ មាន​អាយុ ​២១ ​ឆ្នាំ​បាន​និយាយ​ថា៖ ​«​យើង​​បាន​ចេញ​តាម​ដង​ផ្លូវ​ ដើម្បី​ទាមទារ​សិទ្ធិ​របស់​យើង​ ដូច​ជា​អំពាវនាវ​ឲ្យ​មាន​ការ​​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ផ្នែក​វេជ្ជសាស្ត្រ​ អប់រំ​ ការងារ​ និង​សិទ្ធិ​ជា​មូលដ្ឋាន​ដែល​មនុស្ស​គ្រប់​គ្នា​ត្រូវ​ការ​​»​។​

ក្រុម​អ្នក​តវ៉ា​ជា​ច្រើន ​បាន​ពាក់​ម៉ាស់​ការពារ​ខ្លួន​ថា ​ជា​ផ្នែក​នៃ​វិធានការ​អនាម័យ​ដែល​​ត្រូវ​​បាន​ធ្វើ​ឡើង ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​រាលដាល​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ដែល​បាន​ធ្វើ​ឲ្យ​​លីបង់​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​កាន់​តែ​អាក្រក់​​ដែល​បាន​កើត​ឡើង​ចាប់​តាំង​ពី​ប្រទេស​នេះ​ ​បាន​ជាប់​​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ពី​ឆ្នាំ ​១៩៧៥ ​ដល់ ​១៩៩០​៕ AFP/SK