ក្រុង​អាឌីសអាបេបា៖ ​ប្រភព​ប៉ូលិស​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ មនុស្ស​យ៉ាង​តិច ​១៦៦ ​នាក់​បាន​ស្លាប់ ​នៅ​ក្នុង​ប្រទេស​អេត្យូពី​ ក្រោយ​ពី​ការ​ស្លាប់​របស់​តារា​ចម្រៀង​ដ៏​ល្បី​ឈ្មោះ​ម្នាក់​ ​បាន​ផ្ទុះ​ការ​តវ៉ា​ហិង្សា​ ដែល​បាន​បង្ក​ឲ្យ​មាន​ការ​ធ្វើ​កុបកម្ម​​នៅ​ក្នុង​តំបន់​អូរ៉ូមៀ ​និង​រដ្ឋធានី​អាឌីស​ អាបេបា ​របស់​ប្រទេស​នេះ​។​

ស្នងការ​រង​ប៉ូលិស​ប្រចាំ​តំបន់​អូរ៉ូមៀ​ គឺ​លោក​ហ្គីរម៉ាហ្គីឡាម​ បាន​ថ្លែង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ថា​ មនុស្ស​ចំនួន ​១៥៦ ​នាក់​បាន​ស្លាប់​ នៅ​ក្នុង​ការ​ធ្វើ​កុបកម្ម​ នៅ​ក្នុង​នោះ​រួម​មាន​ សមាជិក​កងកម្លាំង​សន្តិសុខ​ចំនួន ​១១ ​នាក់​ផង​ដែរ​។​

ប៉ូលិស​នៅ​ក្នុង​រដ្ឋធានី​អាឌីស​ អាបេបា​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ​មនុស្ស​ ១០ ​នាក់​បាន​ស្លាប់​ នៅ​ក្នុង​ការ​ធ្វើ​កុបកម្ម​នៅ​ក្នុង​នោះ​រួម​មាន​មន្ត្រី​ប៉ូលិស ​២ ​នាក់​។​

លោក ​ហាឆាលូ​ ហ៊ុន​ឌីសសា​ ជា​អ្នក​ចម្រៀង​ម្នាក់​ ដែល​បាន​ផ្តោត​ទៅ​លើ​សិទ្ធិ​របស់​ក្រុម​ជនជាតិ​ភាគ​តិច​អូរ៉ូម៉ូ​នៅ​ប្រទេស​អេត្យូពី​ ហើយ​លោក​បាន​ក្លាយ​ជា​សំឡេង​ដ៏​មាន​ប្រជាប្រិយ​នៅ​ក្នុង​រលក​នៃ​ការ​តវ៉ា​មួយ​ ដែល​បាន​ឈាន​ទៅ​រក​ការ​ទម្លាក់​នាយក​រដ្ឋមន្ត្រី​កាល​ពី​​ឆ្នាំ ​២០១៨ ​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ក្រុម​ខ្មាន់​កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​កាល​ពី​ថ្ងៃ​ចន្ទ​។​

បន្ទាប់​ពី​លោក​បាន​ស្លាប់​ ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ទីក្រុង​អាឌីស-អាបេបា ​និង​តំបន់​អូរ៉ូមៀ​ ដែល​ជា​ស្រុក​កំណើត​របស់​ប្រជាជន​ជនជាតិ​ភាគ​តិច​អូរ៉ូម៉ូ​។​

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​រាយការណ៍​ថា​ អាជ្ញាធរ​បិទ​អ៊ីនធឺណិត៕ Xinhua/SK