ក្រុង​វែលីងតោន៖​ មនុស្ស ​៥ ​នាក់​បាន​ស្លាប់​ និង ​១៨ ​នាក់​ផ្សេង​ទៀត​រង​របួស​ ហើយ​មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​ត្រូវ​បាន​ជាប់​តែលតោល​ ក្រោយ​ពី​ភ្នំ​ភ្លើង​នៅ​លើ​កោះ​ដ៏​មាន​ប្រជាប្រិយ​សម្រាប់​ភ្ញៀវ​ទេសចរ​នោះ​ បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស ​នូវែលសេឡង់​ កាល​ពី​ថ្ងៃ​ចន្ទ​។​

ប៉ូលិស​បាន​និយាយ​ថា​ មនុស្ស​ប្រហែល ​៥០ ​នាក់ ​កំពុង​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​លើ​កោះ​ស​នោះ​ នៅ​ពេល​ភ្នំ​ភ្លើង​បាន​ផ្ទុះ​ឡើង​ភ្លាមៗ​កាល​ពី​ថ្ងៃ​ត្រង់​ ដោយ​បាន​បញ្ចេញ​កំអ៊ែល​ផេះ ​និង​កម្ទេច​ថ្ម​ឡើង​ទៅ​លើ​អាកាស​។​

មនុស្ស​ជាង ​១០ ​នាក់ ​បាន​ជម្លៀស​ចេញ​ពី​កោះ​នោះ​ និង ​៥ ​នាក់ ​ក្នុង​ចំណោម​ពួក​គេ​ ចាប់​តាំង​ពី​ពេល​នោះ​មក​បាន​ស្លាប់​។ ​អ្នក​ដែល​នៅ​រស់​ត្រូវ​បាន ​និង​កំពុង​ព្យាបាល​របួស​នៅ​ក្នុង​នោះ​មាន​អ្នក​​របួស​​ធ្ងន់ធ្ងរ​។​

នៅ​មិន​ទាន់​បាន​ដឹង​ច្បាស់​អំពី​ក្រុម​អ្នក​នៅ​លើ​កោះ​នៅ​ឡើយ​ទេ​ បច្ចុប្បន្ន​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ មាន​ចំនួន​ទ្វេ​ដង​ ដែល​នៅ​តែ​ជាប់​តែលតោល​នៅ​លើ​កោះ​នោះ​។​

ស្នងការ​​រង​ប៉ូលិស លោក​ ចន​ ធីម ​បាន​ថ្លែង​ថា​៖ «​យើង​នៅ​មិន​ទាន់​ដឹង​ច្បាស់​អំពី​ចំនួន​ពិត​ប្រាកដ​នៅ​លើ​កោះ​នោះ​នៅ​ឡើយ​ ហើយ​នៅ​មិន​ប្រាកដ​អំពី​សុវត្ថិភាព​របស់​ពួក​គេ​ទេ​»​។​

លោក​បាន​ថ្លែង​ថា​ នៅ​ពេល​យប់​សកម្មភាព​ភ្នំ​ភ្លើង​អា​ច​​ធ្វើ​ឲ្យ​គ្រោះថ្នាក់​​យ៉ាង​ខ្លាំង​។​

«​កោះ​នោះ​ គឺ​មិន​មាន​ស្ថិរភាព​​ទេ ​​ក្រោយ​ពី​ភ្នំ​ភ្លើង​ផ្ទុះ​ឡើង​ បង្ក​ឲ្យ​គ្រោះថ្នាក់​នៅ​ទី​នោះ»៕ AFP/SK​