ក្រុងហ្សឺណែវៈ យោងតាម​អង្គការសហប្រជាជាតិ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ថា ចំនួន​ប្រជាពលរដ្ឋ​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ពី​មុន​ចំនួន ៦៨,៥ លាន​នាក់​ត្រូវ​បាន​បង្ខំ​ឲ្យ​គេច​ចេញ​ពី​ផ្ទះ​សំបែង​របស់​ពួកគេ ដោយសារ​សង្គ្រាម អំពើ​ហិង្សា និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ហើយ​ជា​ការ​កត់​សម្គាល់ គឺ​នៅ​កន្លែង​ដូចជា​ប្រទេស​មីយ៉ាន់ម៉ា និង​ប្រទេស​ស៊ីរី។ នៅ​ត្រឹម​ចុង​ឆ្នាំ ២០១៧ ចំនួន​នេះ គឺ​ជិត ៣ លាន​ខ្ពស់​ជាង​ឆ្នាំ​មុន និង​បាន​បង្ហាញ​ការ​កើន​ឡើង​ចំនួន ៥០ ភាគរយ​ពី​ចំនួន ៤២,៧ លាន​នាក់​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះ​របស់​ពួកគេ​ក្នុង​រយៈកាល ១ ទសវត្សរ៍​កន្លង​ទៅ។ នេះ​បើ​តាម​របាយ​ការណ៍​ដោយ​ទីភ្នាក់ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហប្រជាជាតិ។

អង្គការសហប្រជាជាតិ បាន​បន្តថា តួលេខ​បច្ចុប្បន្ន គឺ​ស្មើនឹង​ចំនួន​ប្រជាជន​ទាំងមូល​ក្នុង​ប្រទេស​ថៃ ហើយ​ចំនួន​នៃ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​លំនៅ​ឋាន​ទាំង​បង្ខំ គឺ​ស្មើ​នឹង​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស ១១០ នាក់​ទូទាំង​ពិភពលោក។

លោក Filippo Grandi ឧ​ត្ត​ម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន បាន​ថ្លែង​ថា៖ «យើង​កំពុង​ស្ថិត​នៅ​ក្នុង​អំឡុង​ពេល​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ដែល​ភាព​ជោគជ័យ​ក្នុង​ការ​គ្រប់​គ្រង ការ​ជម្លៀស​ទាំង​បង្ខំ​នៅ​ទូទាំង​ពិភពលោក តម្រូវ​ឲ្យ​មាន​វិធីសាស្ត្រ​ថ្មី​មួយ​ដែល​មាន​ភាព​ទូលំ​ទូលាយ​ខ្លាំង ជាង​មុន ដើម្បី​ឲ្យ​ប្រទេស​នានា និង​សហគមន៍​នានា​មិន​ត្រូវ​បាន​ទុក​ចោល ហើយ​ដោះស្រាយ​បញ្ហា​តែ​ម្នាក់​ឯង​នោះ​ទេ»។

លោក បាន​ថ្លែងប្រាប់​អ្នកយក​ព័ត៌មាន​ក្នុង​ក្រុង​ហ្សឺ​ណែវ​មុននឹង​ធ្វើការ​ដាក់ចេញ​នូវ​របាយការណ៍​នេះ​ថា ប៉ុន្តែ​ប្រហែល ៧០ ភាគរយ​នៃ​ចំនួន​នោះ គឺជា​ប្រជាពលរដ្ឋ​មក​ពី​ប្រទេស​ចំនួន ១០។

លោក​បាន​ថ្លែងថា៖ «ប្រសិនបើ​មាន​ដំណោះស្រាយ​នៅក្នុង​ប្រទេស​ទាំង ១០ នោះ​ឬ​យ៉ាង​ហោច​ណាស់​នៅ​ក្នុង​ចំណោម​ពួកគេ តួលេខ​ដ៏​ធំ​នេះ អាច​នឹង​ចាប់​ផ្តើម​ធ្លាក់​ចុះ ជា​ជាង​កើន​ឡើង​រាល់​ឆ្នាំ»។ លោក​បាន​អំពាវនាវ​ឲ្យ​មាន​ឆន្ទៈ​នយោបាយ​ជាង​មុន ដើម្បី​បញ្ឈប់​វិបត្តិ ដែល​បង្ខំ​មនុស្ស​ជាច្រើន​ចេញ​ពី​លំនៅឋាន​របស់​ខ្លួន។

​​ពលរដ្ឋស៊ីរី ដែលត្រូវ​ជម្លៀស​​ចេញពីផ្ទះសំបែង​​សម្លឹ​ង​មើលកញ្ចក់រថយន្តក្រុង​។ AFP

របាយការណ៍ បាន​បង្ហាញថា មនុស្ស​ចំនួន ១៦,២ លាន​នាក់ ត្រូវបាន​ជម្លៀស​កាល​ពី​ពេល​ថ្មីៗ​កាល​ឆ្នាំ​មុន និង​រួម​ទាំង​អ្នក​ដែល​ត្រូវបាន​បង្ខំ​ឲ្យ​គេច​ចេញ​ជា​លើក​ទី​មួយ ព្រម​ទាំង​អ្នក​ដែល​ត្រូវ​បាន​ជម្លៀស​កាល​ពី​ពេល​មុន។

UNHCR បាន​ឲ្យ​ដឹងថា មនុស្ស​ប្រហែល ៤៤៥០០ នាក់ ដែល​ត្រូវបាន​បណ្តេញ​ចេញ​ពីផ្ទះ​សំបែង​របស់​ពួកគេ​ជា​រៀង​រាល់​ថ្ងៃ ឬ មនុស្ស​ម្នាក់​ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះ​សំបែង​រៀង​រាល់ ២ វិនាទី។

មនុស្ស​ភាគច្រើន​ភៀសខ្លួន​នៅក្នុង​ប្រទេស​របស់​ពួកគេ​ផ្ទាល់ និង​ត្រូវ​បានកំណត់​អត្ថន័យ​ថា មនុស្ស​ត្រូវ​បាន​គេ ជម្លៀស​ក្នុង​ប្រទេស។

ត្រឹម​ចុងឆ្នាំ ២០១៧ មនុស្ស​ត្រូវ​ជម្លៀស​នៅក្នុង​ប្រទេស​ប្រហែល ៤០ លាន​នាក់ នៅ ទូទាំង​ពិភពលោក ធ្លាក់​ចុះ​តិច​តួច​ពី​ឆ្នាំ​មុន ដោយ​កូឡុំប៊ី ស៊ីរី និង​កុងហ្គោ​មាន​ចំនួន​ច្រើន​ជាង​គេ​បំផុត៕