ក្រុង​ញូវ​ដែលីៈ ​មន្ត្រី​រដ្ឋបាល​ស្រុក​ប្រចាំ​តំបន់​ម្នាក់​បាន​ថ្លែង​ថា​ មនុស្ស​យ៉ាង​តិច ​៧​ នាក់​បាន​ស្លាប់​ និង​ ៤ ​នាក់​ផ្សេង​ទៀត​រង​របួស​ នៅ​ក្នុង​ការ​ផ្ទុះ​មួយ​នៅ​កន្លែង​រោង​ចក្រ​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋ​ Uttar Pradesh​ ភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។​

​គ្រោះ​ថ្នាក់​អកុសល​នោះ​ បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​ម៉ូឌី​ណា​ហ្គា​ នៃ​ស្រុក​ហ្គា​ហ្សៀ​ប៊េត​នៃ​រដ្ឋ​នោះ​។​

​កាសែត​ Hindustan ​Times​ បាន​ដក់​ស្រង់​សំដី​ស្នង​ការ​ប៉ូលិស ​Neeraj ​Kumar J​adaun ​ដោយ​បាន​ថ្លែង​ថា៖​ «​មនុស្ស​ ៧​ នាក់​ នៅ​ក្នុង​នោះ​រួម​មាន​ស្ត្រី​មួយ​ចំនួន​បាន​ស្លាប់​ និង​មនុស្ស​ ៤​ នាក់​ផ្សេង​ទៀត​ បាន​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ នៅ​ក្នុង​ឧប្បត្តិហេតុ​ភ្លើង​ឆេះ​នោះ​។ ​យោង​តាម​ប៉ូលិស​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ប្រហែល​ ២០-​២៥ ​នាក់​ កំពុង​ជប់​លៀង​នៅ​ក្នុង​រោង​ចក្រ​ នៅ​ពេល​ភ្លើង​នោះ​បាន​ផ្ទុះ​ឆេះ​ឡើង​នៅ​ទី​នោះ​»​។​

​លោក​បាន​ថ្លែង​ថា​៖ «​យើង​កំពុង​ព្យា​យាម​ស្វែង​រក​ម្ចាស់​រោង​ចក្រ​នោះ​ និង​ដំណើរ​ការ​ផ្តល់​អត្ត​សញ្ញាណ​អ្នក​ស្លាប់​ កំពុង​ដំណើរ​ការ​នៅ​ឡើយ​»​៕ Xinhua/SK