មន្ត្រី​កាណាដា​បានជួប​ជាមួយ​អតីត​អ្នក​ការទូត​លោក​ Michael Kovrig ដែលត្រូវ​បានឃុំ​ខ្លួននៅ​ក្នុង​ប្រទេស​ចិន ​អស់រយៈ​ពេលជាង​ពីរ​ឆ្នាំ​ក្នុងករណី​ទាក់ទង​ទៅនឹង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ទូរ​គមនាគមន៍​យក្ស​ចិន ​Huawei​ កាលពី​ឆ្នាំ​ ២០១៨។

លោក ​Kovrig​ និង​អ្នកជំនួញ Michael Spavor ត្រូវបាន​ចិនបាន​ឃុំខ្លួន​តាំងពីថ្ងៃទី ១០ ​ខែ ធ្នូ​ ឆ្នាំ ២០១៨​ បន្ទាប់ពី​កាណាដា​បានឃុំខ្លួន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Huawei ​គឺ​លោក​ Meng Wanzhou ​ដែលជា​កូនស្រី​របស់​ស្ថាបនិក​ក្រុមហ៊ុន​ទូរ​គមនាគមន៍​ចិន​ ។

រដ្ឋអាជ្ញាចិន​បាន​ប្រកាស​កាលពី​ឆ្នាំមុនថា​ ​លោក​ Kovrig ត្រូវបាន​គេចោទ​ប្រកាន់​ពី​បទសង្ស័យ​ធ្វើ​ចារកម្ម​សម្ងាត់ និងសង្ស័យ​ពី​បទធ្វើ​ចារកម្ម​ឱ្យ​អង្គភាព​បរទេស និង​ផ្តល់​ព័ត៌មាន​សម្ងាត់​របស់​រដ្ឋ​ដោយ​ខុសច្បាប់។ ​ដោយ​កាល​ពី​ខែកញ្ញា​ ឆ្នាំ ២០១៩ ​នាយក​រដ្ឋមន្ត្រី​កាណាដា​លោក ​Justin Trudeau​ បានចោទ​ប្រកាន់​ប្រទេស​ចិន ​ថា​បានប្រើ​ការ​ឃុំឃាំង​ជា​ឧបករណ៍​ ដើម្បី​សម្រេច​គោលដៅ​នយោបាយ​របស់ខ្លួន៕