កាលពីថ្ងៃពុធ ទី ១០ មីនា សេតវិមានបានប្រកាសថា រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Anthony Blinken នឹងជួបជាមួយនឹងរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi នៅថ្ងៃទី ១៨ មីនា ខាងមុខនេះ ដែលកិច្ចប្រជុំនេះនឹងធ្វើឡើងនៅទីក្រុង Anchorage រដ្ឋ Alasaka សហរដ្ឋអាមេរិក។
នេះជាកិច្ចប្រជុំដំបូង រវាងមន្ត្រីការទូតជាន់ខ្ពស់នៃប្រទេសទាំង ២ តាំងពីពេលលោកប្រធានាធិបតី Joe Biden ចូលកាន់អំណាច។ កិច្ចប្រជុំនេះ ធ្វើឡើងនៅចំពេលលោក Blinken វិលត្រឡប់មកពីដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោកទៅកាន់សម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិកគឺជប៉ុន និងកូរ៉េខាងត្បូង និងបន្ទាប់ពីកិច្ចប្រជុំវេទិកាសន្តិសុខ «Quad» រវាងអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា៕