ក្រុង​សេ​អ៊ូលៈ​ ក្រសួង​បង្រួបបង្រួម​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​​ឲ្យ​ដឹង​ថា​ មន្ត្រី​កូរ៉េ​ខាង​ត្បូង​ រាប់​សិប​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយាល័យ​ទំនាក់ទំនង​អន្តរ​កូរ៉េ ​នៅ​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ចន្ទ​ ទោះ​បី​ក្រុង​ព្យុងយ៉ាង​បាន​ដក​បុគ្គលិក​របស់​ខ្លួន​ចេញ​ពី​ការិយាល័យ​នេះ​កាល​ពី​សប្តាហ៍​មុន​ភ្លាមៗ​ក្តី​។​

យោង​តាម​ក្រសួង​នេះ​បាន​ឲ្យ​ដឹង​ថា ​មន្ត្រី​កូរ៉េ​ខាង​ត្បូង​ប្រហែល ​៤០ ​នាក់​បាន​ឆ្លង​ព្រំដែន​ទឹក​ដី​ភាគ​ខាង​លិច​នៅ​តាម​ផ្លូវ​របស់​ពួក​គេ​​ទៅ​កាន់​ការិយាល័យ​ទំនាក់ទំនង​នៅ​ព្រំដែន​ក្រុង​ Kaesong​ របស់​កូរ៉េ​ខាង​ជើង​។ មន្ត្រី​ទាំង​នោះ​បាន​ថ្លែង​ថា​ ដោយ​មាន​​​មនុស្ស​ប្រហែល​រាប់​សិប​នាក់​ទៀត​រង់ចាំ​នៅ​ទី​នោះ​ មាន​មន្ត្រី​កូរ៉េ​ខាង​ត្បូង​ប្រហែល ៦០ ​ទៅ​ ៧០ ​នាក់ ត្រូវ​បាន​គេ​រំពឹង​​ថា​នឹង​​ធ្វើ​ការ​នៅ​ការិយាល័យ​នោះ​នៅ​ក្នុង​សប្តាហ៍​នេះ​។​

ការ​បញ្ជូន​មន្ត្រី​របស់​ពួក​គេ​បាន​ធ្វើ​ឡើង​នៅ​ទី​នោះ​ ទោះ​បី​ជា​កូរ៉េ​ខាង​ជើង​បាន​ដក​បុគ្គលិក​របស់​ខ្លួន​ចេញ​ពី​ការិយាល័យ​កាល​ពី​ថ្ងៃ​សុក្រ​ក្តី​។​

លោក គីម ចាងស៊ូ អនុ​ប្រធាន​ការិយាល័យទំនាក់ទំនង​ ធ្វើ​ដ​ំណើរ​ទៅ​កា​ន់​ក្រុង​ Kaesong នៅព្រំដែនខាងជើង។Yonhap

កូរ៉េ​ខាង​ជើង​មិន​បាន​ផ្តល់​ហេតុផល​ឲ្យ​បាន​ច្បាស់​អំពី​ការ​ដក​នោះ​ទេ ​គ្រាន់​តែ​និយាយ​ថា​ ការ​សម្រេច​ចិត្ត​នោះ​ ត្រូវ​បាន​​ផ្អែក​ទៅ​លើ​បទ​បញ្ជា​មួយ​ចេញ​ពី ​«​ទី​បញ្ជា​ការ​ជាន់​ខ្ពស់​»​។ ​ក្រុម​អ្នក​ជំនាញ ​និង​អ្នក​វិភាគ​បាន​និយាយ​ថា ​វិធានការ​​មួយ​នេះ​​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ដាក់​សម្ពាធ​ក្រុង​សេអ៊ូល​ត្រូវ​ធ្វើ​ឲ្យ​បាន​ច្រើន​ដើម្បី​បញ្ចុះបញ្ចូល​អាមេរិក​ឲ្យ​​កាត់​បន្ថយ​ការ​ទាមទារ​របស់​ខ្លួន ​នៅ​ក្នុង​ការ​ចរចា​លុប​បំបាត់​កម្មវិធី​នុយក្លេអ៊ែរ​ ដែល​បាន​ជាប់​គាំង​នោះ​។​

លោក ​គីម ​ចាងស៊ូ ​ជា​អនុ​ប្រធាន​ការិយាល័យ​ទំនាក់ទំនង​បាន​ថ្លែង​នៅ​មុន​ឆ្លង​កាត់​ព្រំដែន​នោះ​ថា​៖ «​រដ្ឋាភិបាល​មុនៗ​បាន​ខំ​ប្រឹងប្រែង​បើក​ចំហ​ទំនាក់ទំនង​​រវាង​កូរ៉េ​ទាំង ​២ ​និង​ការិយាល័យ​ទំនាក់ទំនង​រួម​កូរ៉េ​ខាង​ត្បូង-​ជើង ​បាន​បើក​កាល​ពី​ឆ្នាំ ​២០១៨​ ថា​ជា​លទ្ធផល​មួយ​គួរ​ឲ្យ​កត់​សម្គាល់​​»​។​

លោក​ គីម ​ចាងស៊ូ​ បាន​បន្ថែម​ទៀត​ថា៖ ​«​ទោះ​បី​ជា​កូរ៉េ​ខាង​ជើង​បាន​ដក​បុគ្គលិក​ចេញ​ពី​ការិយាល័យ​នោះ​ក៏​ដោយ​ ក៏​ក្តី​សង្ឃឹម​នៅ​តែ​មាន​ជានិច្ច​ថា​ យើង​​​ចង់​បន្ត​ការងារ នោះ​​​​ដដែល»៕ Yonhap/SK