អគ្គអធិការនៃ​ក្រសួង​​យុត្តិធម៌ ​(DOJ) អាមេរិក​បាន​ប្រកាស​បើក​ការ​ស៊ើប​អង្កេត​ ដើម្បី​ពិនិត្យ​ថា​តើ​អតីត​មន្ត្រី ឬ​មន្ត្រី​បច្ចុប្បន្ន​នៃ​ក្រសួង​បាន​ចូល​រួម​ការ​ប៉ុន​ប៉ង​ ដើម្បី​កែប្រែ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​ ២០២០​។

កាល​ពី​ថ្ងៃ​ចន្ទ​ទី​ ២៥ មករា លោក​អគ្គ​អធិការ Michael Horowitz បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា​៖ «ខុទ្ទកាល័យ​អគ្គ​អធិការ​ (OIG) នៃ​ក្រសួង​យុត្តិធម៌​ (DOJ) គឺ​កំពុង​ចាប់​ផ្ដើម​ការ​ស៊ើប​អង្កេត​ ដើម្បី​ពិនិត្យ​ថា​តើ​អតីត​មន្ត្រី ឬ​មន្ត្រី​បច្ចុប្បន្ន​នៃ​ DOJ បាន​ចូល​រួម​ការ​ប៉ុន​ប៉ង​មិន​ត្រឹមត្រូវ​ដើម្បី​ឱ្យ​ DOJ កែប្រែ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ ២០២០​។ ការ​ស៊ើប​អង្កេត​នឹង​រួម​បញ្ចូល​រាល់​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ ​ដែល​អាច​កើត​ឡើង​ ហើយ​ស្ថិត​នៅ​ក្នុង​យុត្តាធិការ​របស់ OIG​។ OIG មាន​យុត្តាធិការ​ក្នុង​​ការ​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​ការ​ប្រព្រឹត្ត​​របស់​និយោជិត DOJ ទាំង​បច្ចុប្បន្ន​ និង​អតីត​»។

ការ​បើក​ការ​ស៊ើប​អង្កេត​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​ The New York Times កាល​ពី​ថ្ងៃ​សុក្រ​ ទី​ ២ មករា បាន​ធ្វើ​ការ​រាយការណ៍​ថា ​នៅ​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​​សភា​អាមេរិក​ត្រូវ​​ធ្វើ​ការ​បញ្ជាក់​លទ្ធផល​ឆ្នោត មន្ត្រី​ក្រសួង​យុត្តិធម៌​ជាន់​ខ្ពស់​ ១ ​រូប ​ឈ្មោះ Jeffery Clarke បាន​ឃុបឃិត​ជា​មួយ​​នឹង​លោក Donald Trump ដើម្បី​​បណ្ដេញ​ចេញ​អគ្គ​រដ្ឋអាជ្ញា​ស្ដីទី​នៃ​ក្រសួង​យុត្តិធម៌​លោក​ Jeffrey Rosen ​ហើយ​លោក​ Clark នឹង​ស្នង​តំណែង​រួច​ប្រើប្រាស់​​អំណាច​របស់​ក្រ​សួង​ ដើម្បី​បង្ខំ​សមា​ជិក​​សភា​តំណាងឱ្យ​​រដ្ឋ​ Georgia ឱ្យ​លុប​ចោល​លទ្ធ​ផល​​ការ​បោះ​ឆ្នោត​​របស់​ពួក​គេ​។ ផែន​ការ​នេះ​បាន​បរាជ័យ​ក្រោយ​ពី​ថ្នាក់​នាំ​ជាន់​ខ្ពស់​នៃ​ក្រសួង​យុត្តិ​ធម៌​ជា​ច្រើន ​បាន​គំរាម​លា​លែង​ពី​តំណែង ​បើ​សិន​លោក​ Trump ដក​តំណែង​លោក​ Rosen។

បើ​តាម​ប្រភព​មន្ត្រី​ចំនួន ​៤ រូប​ ដែល​​សុំ​មិន​ឱ្យ​បង្ហាញ​អត្តសញ្ញាណកាល​ពី​ខែ​ធ្នូ លោក​ Clark ដែល​ដល់​​ពេល​នោះ​មាន​ទំនាក់​ទំនង​ជា​មួយ​លោក​ Trump បាន​ប្រាប់​លោក​ Rosen និង​អគ្គ​រដ្ឋអាជ្ញា​រង​លោក​ Richard Donoghue ថា​ លោក​ចង់​ឱ្យ​ក្រសួង​រៀប​ចំ​សន្និសីទ​សារព័ត៌មាន​មួយ​ប្រកាស​ថា​ ពួក​គេ​កំពុង​ស៊ើបអង្កេត​​​ការ​​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​នៃ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​។ ក្រោយ​មក​លោក​ Clark បាន​ព្រាង​លិខិត​មួយ​ក្នុង​គោល​បំណង​ឱ្យ​លោក ​Rosen បញ្ជូន​ទៅ​សមា​ជិក​សភា​រដ្ឋ​​ Georgia ដែល​ក្នុង​នោះ​បាន​អះអាង​ដោយ​មិន​ពិត​ថា​ ក្រសួង​យុត្តិធម៌​កំពុង​ស៊ើប​អង្កេត​ការ​ចោទ​ប្រកាន់​ការក្លែង​បន្លំ​អ្នក​បោះ​ឆ្នោត​​​នៅ​ក្នុង​រដ្ឋ​នោះ​ហើយ​ពួក​គេ​គួរតែ​ចាត់​ទុក​ជ័យជម្នះ​របស់​លោក​ Biden នៅ​ទី​នោះ​ជា​មោឃៈ​។

​លោក​ Rosen និង​លោក​ Donoghue បាន​បដិសេធ​មិន​ធ្វើ​​​​តាម​សំណូម​ពរ​ទាំង​២របស់​លោក​ Clarke ទេ​។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ថ្ងៃ​ឆ្លង​ឆ្នាំ​ ២០២១​​ លោក Clark បាន​ទៅ​ជួប​​​ប្រជុំ​ជា​មួយ​លោក​ Trump ហើយ​​ក្រោយ​មក​បាន​ទៅ​ប្រាប់​លោក​ Rosen ថា ​លោក​ប្រធានា​ធិបតី​មាន​បំណង​ដក​លោក​ចេញ​ពី​តំណែង​ហើយ​ជំនួស​​ដោយ​​ខ្លួន​លោក​វិញ ដែល​បន្ទាប់​មក​អាច​​ព្យាយាម​បញ្ឈប់​សភា​ពី​ការ​បញ្ជាក់​​លទ្ធផល​នៃ​ការ​បោះឆ្នោត​។

ដោយ​មិន​ចង់​ចុះ​ចេញ​ពី​តំ​ណែង​​​ដោយ​គ្មាន​ការ​តវ៉ា លោក Rosen បាន​និយាយ​ថា​ លោក​ចាំ​បាច់​ត្រូវ​និ​យាយ​ដោយ​ផ្ទាល់​ជា​មួយ​លោក Trump។ លោក​បាន​ធ្វើការ​​ជា​មួយ​មេធាវី​សេត​វិមាន​លោក Pat Cipollone​ ដើម្បី​ធ្វើ​ការ​ប្រជុំ​នៅ​ល្ងាច​​នោះ។ មុន​ការ​ជួប​ប្រជុំ​ លោក Rosen និង​លោក Donoghue ជូន​ដំណឹង​ដល់​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​នៃ​ក្រសួង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​។ ពួក​គេ​បាន​យល់​ព្រម​ធ្វើ​ការ​លាលែង​ បើ​សិន​លោក​ Trump បណ្ដេញ​​លោក​ Rosen ចេញ​ពី​តំណែង​។

កិច្ច​ប្រជុំ​សេតវិមាន​មាន​ការចូល​​រួម​ពី​លោក​ Rosen លោក Donoghue លោក Cipollone​​ និង​លោក​ Clark។ ភាគី​សង​ខាង​​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​​លោក​ Trump ដោយ​លោក Rosen បាន​ប្រាប់​លោក​ Trump អំពី​ផែនការ​របស់​ថ្នាក់​ដឹក​ក្រសួង​យុត្តិធម៌​បើ​​សិន​លោក​ Trump បណ្ដេញ​​លោក​ចេញ​។

បន្ទាប់​ពី​រយៈ​ពេល​ជិត ៣ ម៉ោង ទី​បំផុត​លោក Trump បាន​សម្រេច​​ថា​ផែន​ការ​របស់​លោក​ Clark នឹង​ត្រូវ​បរាជ័យ ហើយ​លោក​បាន​អនុញ្ញាត​ឱ្យ​លោក​ Rosen បន្ត​ធ្វើ​ជា​អគ្គ​រដ្ឋអាជ្ញា​ស្ដីទី​។

ជា​ការ​ឆ្លើយ​តប​នឹង​ការ​រាយការណ៍​នេះ​លោក​ Clark បាន​និយាយ​ថា​ ការ​ចោទ​ប្រកាន់​ទាំង​នេះ​មាន​ផ្ទុក​ភាព​មិន​ត្រឹមត្រូវ ប៉ុន្តែ​​មិន​បាន​បញ្ជាក់​បន្ថែម​ទេ ដោយ​បាន​និយាយ​ថា​លោក​​មិន​អាច​​ពិភាក្សា​ជា​សាធារណៈ​អំពី​ការ​​សន្ទនា​ណា​មួយ​ជា​មួយ​​លោក Trump ឬ មេធាវី​ន​ៃ​ក្រសួង​យុត្តិធម៌​បាន​ទេ​។

ការ​ស៊ើប​អង្កេត​ដោយ​អគ្គ​អធិការ Horowitz ត្រូវ​បាន​ចាប់​​ផ្ដើម​តាម​​ការ​ទាម​ទារ​ដោយ​​មេ​ដឹកនាំ​សំឡេង​ភាគ​ច្រើន​នៃ​ព្រឹទ្ធ​សភា​លោក Chuck Schumer ដែល​​បាន​និយាយ​រឿង​​លោក​ Clark​ គឺជា​ «រឿង​មិន​ត្រឹមត្រូវ​ដែល​មន្ត្រី​ថ្នាក់​ដឹក​នៃ​ក្រសួង​យុត្តិធម៌ ​Trump ឃុបឃិត​បង្វែរ​ឆន្ទៈ​របស់​ប្រជាជន​។

នេះ​ជា​ផ្នែក​មួយ​នៃការ​ខិតខំ​ប្រឹងប្រែង​ដ៏​យូរ​អង្វែង​របស់​លោក​ Trump ក្នុងការ​ជំរុញ​ឱ្យ​ក្រសួង​​យុត្តិធម៌​អាមេរិក​ឱ្យ​ជួយ​លោក​ក្នុង​ការ​កែប្រែ​លទ្ធផល​បោះឆ្នោត​ឱ្យ​លោក​ឈ្នះ​វិញ​ ដោយ​​អ​តីត​ប្រធានាធិបតី​រូប​នេះ​បាន​ធ្វើ​ការ​អះអាង​ដោយ​មិន​មាន​ភ័ស្តុតាង​ថា​ ប្រធានាធិបតី ​Joe Biden បាន​លួចជ័យ​​ជម្នះ​តាមរយៈ​ការ​ក្លែង​បន្លំ​សន្លឹក​​ឆ្នោត​ និង​អ្នក​បោះឆ្នោត​។

កាល​ពី​ដើម​ខែ​ធ្នូ​ ២០២០ លោក​ Trump បាន​ទាមទារ​ការលាល​ែង​របស់​អគ្គ​រដ្ឋអាជ្ញា​ William Barr ក្រោយ​ពី​លោក​​និយាយ​ជា​សាធារណៈ​ថា​ក្រសួង​យុត្តិធម៌​មិន​អាច​គាំទ្រ​ការ​អះ​អាង​​របស់​លោក​ Trump ទេ​ ហើយ​​ធ្វើ​ការ​បញ្ជាក់​ថា​លោក​នឹង​មិន​ប្រើ​អំណាច​ដើម្បី​កែប្រែ​លទ្ធ-​ផល​​បោះឆ្នោត​ទេ​។ លោក​ Rosen បាន​​ក្លាយ​ជា​អគ្គ​រដ្ឋអាជ្ញា​ស្ដីទី​បន្ទាប់​ពី​ការ​ចាកចេញ​របស់​លោក​ Barr។ កាល​នោះ​លោក​ Trump បាន​កោះហៅ​លោក​ Rosen មក​សេតវិមាន​ ដើម្បី​ទាមទារ​ឱ្យ​ក្រសួង​យុត្តិធម៌​គាំទ្រ​ពាក្យ​បណ្ដឹង​តវ៉ា​ការ​បោះឆ្នោត​របស់​លោក​ និង​​របស់​​សម្ព័ន្ធមិត្ត​លោក​ ហើយ​តែង​តាំង​រដ្ឋអាជ្ញា​ពិសេស​ដើម្បី​ធ្វើ​​ការ​ស៊ើប​អង្កេត​ក្រុមហ៊ុន​ផលិត​​ម៉ាស៊ីន​រាប់​សន្លឹក​ឆ្នោត​ Dominion Voting System។ លោក​ Rosen បាន​បដិសេធ​សំណូម​ពរ​លោក​ Trump​។

យ៉ាង​ណា​មិញ​នៅ​ថ្ងៃ​ចន្ទ​ដដែល​​នេះក្រុមហ៊ុន Dominion Voting System​ បាន​ប្ដឹង​មេធាវី​ផ្ទាល់​​ខ្លួន​របស់​លោក​ Trump គឺ​លោក​ Rudy Giulianiពី​បទ​បង្ខូច​កេរ្តិ៍​ឈ្មោះ​ដោយ​ទាមទារ​សំណង​ចំនួន​ ១,៣ ពាន់​លាន​ដុល្លារ​ ក្រោយ​​​ពី​​លោក Giuliani ជា​​ច្រើន​​លើក​ច្រើន​សាចោទ​ប្រកាន់​ក្រុមហ៊ុន​នេះ​ថា​បាន​ក្លែង​បន្លំ​ការរាប់​សន្លឹក​ឆ្នោត និង​កែប្រែ​លទ្ធផល​បោះឆ្នោត​៕