ក្រុង​យ៉ាំងហ្គោន៖​ យោធា​មីយ៉ាន់ម៉ា​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ នៅ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ជា​សាធារណៈ​ដ៏​កម្រ​មួយ​ថា​ មន្ត្រី​ជាន់​ខ្ពស់​ ​២ ​រូប ត្រូវ​បាន​​បណ្តេញ​​ចេញ​ពី​តំណែង​ ដោយសារ​ពួក​គេ ​«ខកខាន​មិន​បាន​ទទួល​ខុស​ត្រូវ​»​ ក្រោយ​ពី​ឧប្បត្តិហេតុ​បាក់​ដី​នៅ​ក្នុង​ប្រទេស​នេះ​ ​បាន​បង្ក​​ឲ្យ​កម្មករ​អណ្តូង​រ៉ែ​យ៉ាង​តិច​ ១៧៤ ​នាក់​ស្លាប់ ​យ៉ាង​អាណោច​អាធ័ម​បំផុត​នៅ​ទីនោះ​។​

ភ្លៀង​រដូ​វវស្សា​បាន​ធ្លាក់​យ៉ាង​ខ្លាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ បាន​ធ្វើ​ឲ្យ​មាន​ភក់​ហូរ​ធ្លាក់​ពី​លើ​ភ្នំ​មួយ​ ទៅ​លើ​ក្រុម​កម្មករ​ ដែល​កំពុង​លាង​សម្អាត​ត្បូង​ដ៏​មាន​តម្លៃ​ នៅ​ក្នុង​តំបន់​ប៉ាកាន់ធ៍​​ ​នៅ​រដ្ឋ​រ៉ាក់ឃីន​ភាគ​ខាង​ជើង នៃ​ប្រទេស​មីយ៉ាន់ម៉ា​។​

ក្រុម​ជន​រងគ្រោះ​ទាំង​នោះ​​ ភាគ​ច្រើន ​គឺ​ជា​ក្រុម​ជន​ចំណាក​ស្រុក​ក្រីក្រ​ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​ទូទាំង​ប្រទេស​មួយ​នេះ​ ដើម្បី​ត្រៀម​លក្ខណៈ​នៅ​ក្នុង​ការ​ជីក​អណ្តូង​រ៉ែ​ទ្រង់ទ្រាយ​ធំ​ ប្រកប​ដោយ​គ្រោះ​ថ្នាក់​បំផុត​ ដោយ​ពួក​គេ​​បាន​សង្ឃឹម​ថា​ នឹង​ជីក​រក​ត្បូង​ដ៏​មាន​តម្លៃ​ជា​ច្រើន​ ដែល​បាន​ប្រកប​អាជីវកម្ម​ ដោយ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ នៅ​ក្នុង​ប្រទេស​មួយ​នេះ​។​

នេះ ​គឺ​ជា​សោកនាដកម្ម​យ៉ាង​អាក្រក់​បំផុត​ គួរ​ឲ្យ​​ចងចាំ​ក្នុង​ឆាក​ជីវិត​​ ​ដែល​បាន​វាយ​ប្រហារ​អណ្តូង​រ៉ែ​​ ជា​ឧស្សាហកម្ម​បាន​វិនិយោគ​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ ដែល​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ មាន​ទំនាក់ទំនង​ជាមួយ​យោធា​នៅ​មីយ៉ាន់ម៉ា​។​

អ្នក​នាំពាក្យ​កងទ័ព​លោក​ឧត្តម​សេនីយ៍​ត្រី ​Zaw Min Tun ​បាន​ថ្លែង​ប្រាប់​ AFP ​ថា៖ ​«ពួក​គេ​មាន​កាតព្វកិច្ច​​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រាយការណ៍​អំពី​ការ​ឈ្លាន​ពាន​ណា​មួយ ​នៅ​ក្នុង​តំបន់​មាន​ការ​រឹត​បន្តឹង​សន្តិសុខ​នោះ​»។

«ពួក​គេ ​ខកខាន​មិន​បាន​ទទួល​ខុស​ត្រូវ»។

លោក​បាន​បន្ថែម​ថា​ យោធា​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ និង​មាន​វិធានការ​យ៉ាង​ត្រឹមត្រូវ​ប្រឆាំង​នឹង​បុរស​ទាំង ​២ ​រូប​នេះ​នឹង​ត្រូវ​ចាត់​ឡើង​។ ​

កម្មកររ៉ែ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​ជា​ច្រើន​នាក់​ត្រូវ​បាន​កប់​នៅ​ក្នុង​រណ្តៅ​ធំៗ​ ខណៈ​កម្មករ​ជា​ច្រើន​នាក់​ទៀត​នៅ​បាត់​ខ្លួន​។ ពួក​គេ​បាន​ចូលរួម​ជាមួយ​អ្នក​ផ្សេង​រាប់​សិប​នាក់​​ដែល​បាន​ស្លាប់​ក្នុង​ ១ ​ឆ្នាំៗ​នៅ​តំបន់​ប៉ាកាន់​ធ៍​នេះ៕ AFP/SK