មន្ត្រី​នៃ​ទីភ្នាក់ងារ​​សម្ងាត់​អាមេរិក​ (US Secret Service) ១ រូប ​ត្រូវ​បាន​ដាក់​ក្រោម​ការ​ស៊ើប​អង្កេត​បន្ទាប់​ពី​រូប​នាង​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​សមាជិក​​សភា​ថា ​បាន​ក្បត់​ជាតិ​ ក្រោយ​ពី​ពួក​គេ​បាន​ធ្វើ​ការ​បញ្ជាក់​លទ្ធផល​អង្គ​បោះ​ឆ្នោត​ថា​ លោក​ Joe Biden បាន​ឈ្នះ​តំណែង​ប្រធានាធិបតី​អាមេរិក​។

ការ​ស៊ើប​អង្កេត​នេះ​ត្រូវ​បាន​រាយការណ៍​ជា​លើក​ដំបូង​នៅ​យប់​ថ្ងៃ​ចន្ទ ដោយ​កាសែត​វ៉ាស៊ីនតោន​ ប៉ុស្តិ៍ ​ដែល​បាន​បង្ហាញ​រូបភាព​សារ​មួយ​ចំនួន​របស់​មន្ត្រី​រូប​នេះ ​បង្ហោះ​ទៅ​កាន់​បណ្ដាញ​សង្គម​។ ព័ត៌មាន​នៃ​ការ​ស៊ើប​អង្កេត​កើត​ឡើង​នៅ​ពេល​ដែល​ភ្នាក់ងារ​អនុវត្ត​ច្បាប់​ផ្សេងៗ ពង្រីក​ការ​ស៊ើប​អង្កេត​រក​មន្ត្រី​របស់​ពួក​គេ​ដែល​សង្ស័យ​ថា ​បាន​ចូលរួម​ក្នុង​ធ្វើ​កុបកម្ម​សម្រុក​ចូល​អគារ​សភា​កាល​ពី​ថ្ងៃទី ​៦ ខែ​មករា​ ដែល​ឈាន​ដល់​ការ​ស្លាប់​មនុស្ស​ចំនួន ៥ នាក់​។

នាង​ក៏​បាន​បង្ហោះ​រូបភាព កាត់​ត​មួយ​ដែល​បង្ហាញ​រូប​លោក​ប្រធានាធិបតី​ Donald Trump ចំនួន ​២ ចាប់​ដៃ​ខ្លួន​ឯង​នៅ​ក្នុង​សេតវិមាន ហើយ​ដាក់​ចំណង​ជើង​ថា ​«អបអរ​សាទរ​​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិភាព​»។ ១ ​ថ្ងៃ​ក្រោយ​ពី​ការ​ធ្វើ​កុបកម្ម​មន្ត្រី​ដែល​គេ​មិន​បញ្ចេញ​​​អត្តសញ្ញាណ​ បាន​បង្ហោះ​សារ​រិះគន់​ការ​ប៉ុនប៉ង​ដក​លោក Trump ចេញ​ពី​តំណែង​ទៅ​កាន់​ Facebook ហើយ​បាន​ចោទ​ប្រកាន់​សមាជិក​សភា​ដែល​បាន​ទទួល​យក​លទ្ធផល​បោះឆ្នោត​ថា ​«បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​នៅ​លើ​ទូរទស្សន៍​ផ្សាយ​បន្ត​ផ្ទាល់»។

ក្នុង​សារ​មួយ​ទៀត​នាង ​បាន​​ចោទ​ប្រកាន់​ថា ​ក្រុម​ឆ្វេង​និយម​នៅ​ពី​ក្រោយ​កុបកម្ម​នេះ​ មិនមែន​ក្រុម​អ្នក​គាំទ្រ​លោក​ Trump ទេ​។ នាង​បាន​​សរសេរ​ថា​៖ «អរុណ​សួស្ដី​អ្នក​ស្នេហា​ជាតិ​! ម្សិលមិញ​ចាប់​ផ្ដើម​ដោយ​ស្រស់​ស្អាត​ តែ​ដូច​ធម្មតា​ក្រុម​ Antifa [ក្រុម​ឆ្វេង​និយម​] បាន​ធ្វើ​ឱ្យ​ខូច​អារម្មណ៍​ ដោយ​វាយ​ប្រហារ​ប៉ូលិស​ និង​សម្លាប់​អតីត​យុទ្ធជន​កង​ទ័ព​អាកាស​»។

ការ​ស៊ើប​អង្កេត​របស់​សេវាកម្ម​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​ប៉ូលិស​អគារ​សភា​អាមេរិក​បាន​ចាប់​ផ្តើម​ស៊ើប​អង្កេត​ប៉ូលិស​របស់​ពួក​គេ​ចំនួន ១៧ នាក់ ​ដែល​​សង្ស័យ​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​ទាក់ទង​នឹង​កុបកម្ម​កាល​ពី​ថ្ងៃ​ពុធ​។ មក​ដល់​ពេល​នេះ​ប៉ូលិស​ ២ រូប ​ត្រូវ​បាន​ព្យួរ​ការងារ​ដោយ​ម្នាក់​បាន​ថត​រូប Selfie ជាមួយ​អ្នក​ធ្វើ​កុបកម្ម​នៅ​​ក្នុង​សភា និង​ម្នាក់​ទៀត​ពាក់​មួក ​«Make America Great Again» ហើយ​ធ្វើ​ការ​នាំ​ផ្លូវ​ អ្នក​ធ្វើ​កុបកម្ម​នៅ​ក្នុង​សភា​។

យ៉ាង​ហោច​ណាស់​មាន​ប៉ូលិស​ចំនួន ៧ នាក់ ​មក​ពី​កង​អង្គភាព​ចំនួន ៥ ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស​ក៏​ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ផ្ទៃ​ក្នុង ខណៈ​វត្តមាន​របស់​ពួក​គេ​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​អំឡុង​ពេល​នៃ​កុបកម្ម​នេះ បាន​លេច​ចេញ​មក​តាមរយៈ​បណ្ដាញ​សង្គម ឬ​មធ្យោបាយ​ផ្សេង​ទៀត​។

យ៉ាងណា​មិញ សេវា​សម្ងាត់​អាមេរិក​ គឺ​ជា​ទីភ្នាក់ងារ​ទទួល​បន្ទុក​ធ្វើ​ជា​អង្គរក្ស​ការពារ​ប្រធានាធិបតី ​អនុ​ប្រធានាធិបតី​ ក្រុម​គ្រួសារ​ថ្នាក់​ដឹកនាំ​ និង​មេ​ដឹកនាំ​បរទេស​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក​។ ទីភ្នាក់ងារ​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​សន្តិសុខ​មាតុភូមិ​។ កាល​ពី​ថ្ងៃ​ចន្ទ​ រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​សន្តិសុខ​មាតុភូមិ ​លោក​ Chad Wolf បាន​បញ្ជា​ឱ្យ​សេវា​សម្ងាត់​ទទួល​បន្ទុក​ការ​រៀបចំ​សន្តិសុខ​នៃ​កម្មវិធី​ចូល​កាន់​តំណែង​របស់​លោក​ Biden ប៉ុន្មាន​ម៉ោង​មុន​លោក​បាន​លាលែង​ពី​តំណែង​៕