កាល​ពី​ខែ​ធ្នូ ​កន្លង​ទៅ មន្ត្រី​ម៉ាឡេស៊ី​បាន​រក​ឃើញ​ករណី​ទាសភាព​សម័យ​ទំនើប​នៅ​រោងចក្រ​ផលិត​ស្រោមដៃ​ជ័រ ​Brightway Holdings នៅ​ជិត​ទីក្រុង​គូឡាឡាំពួ​ ក្នុង​អំឡុង​ពេល​ដើរ​បាត់​ខ្លួន​នៅ​តាម​រោងចក្រ និង​អន្តេវាសិកដ្ឋាន​របស់​កម្មករ​នៅ​ប្រទេស​ម៉ាឡេស៊ី បើ​ទោះ​ជា​ក្រុម​សវនកម្ម​សង្គម​បាន​ដាក់​របាយការណ៍​ដល់​រដ្ឋាភិបាល​ថា មុន​នេះ ១ ឆ្នាំ​ជាង​ថា គ្មាន​ករណី​ទាសភាព​អ្វី​ឡើយ។

ក្រុម​មន្ត្រី​បាន​និយាយ​ថា គេ​បាន​រក​ឃើញ​កម្មករ​រស់នៅ​ក្នុង​កុងតឺន័រ​ដឹក​ទំនិញ ដែល​ស្ថិត​ក្នុង​ស្ថានភាព​មិន​អំណោយផល​ដោយ​រដ្ឋមន្ត្រី​ធនធាន​មនុស្ស លោក M. Saravanan បាន​អះអាង​ថា អាច​ពាក់ព័ន្ធ​នឹង​ករណី​ទាសភាព​សម័យ​ទំនើប។

បើ​ក្រឡេក​ទៅ​មើល​ពេល ១ ឆ្នាំ​កន្លះ​មុន​ក្រុម​អធិការកិច្ច​មក​ពី​ក្រុមហ៊ុន​សវនកម្ម​សង្គម ដែល​ជា​ក្រុមហ៊ុន​ឯកជន ដែល​មាន​នាទី​ត្រួត​ពិនិត្យ​បញ្ហា​បរិស្ថាន​សង្គម ​និង​ក្រម​សីលធម៌​ផ្សេង​ទៀត​នៅ​ក្នុង​ឧស្សាហកម្ម​ចាប់​ពី​រោងចក្រ​ផលិត​ប្រដាប់ប្រដា​ក្មេង​លេង រហូត​ដល់​រោចក្រ​ផ្នែក​ប្រេងដូង បាន​ចុះ​ទៅ​ត្រួត​ពិនិត្យ​មើល​ទីតាំង​រោងចក្រ​កើត​ហេតុ​នេះ ៣ ដង​រួច​ទៅ​​ហើយ។

នៅ​ក្នុង​របាយការណ៍​ចំនួន ៣ លើក ពួក​គេ​ក៏​បាន​លម្អិត​លើ​សកម្មភាព​រំលោភ​ក្រម​សីលធម៌​ពិភព​លោក​ចំនួន ៦១ ករណី និង​រក​ឃើញ​ការ​រំលោភ​បំពាន​ច្បាប់​ការងារ​ម៉ាឡេស៊ី​ចំនួន ៥០ ករណី​ផង​ដែរ។

ទោះ​យ៉ាងណា នៅ​ក្នុង​របាយការណ៍​សង្ខេប​នៃ​របាយការណ៍​នីមួយៗ បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា៖ «មិន​មាន​ករណី​បង្ខំ​ឱ្យ​ធ្វើ​ពលកម្ម​ចាប់ចង ឬ​ឃុំ​ខ្លួន​កម្មករ​ដែល​បាន​ធ្វើ​ការ​នៅ​រោងចក្រ​នេះ​ឡើយ»។

នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន Brightway លោក G. Baskaran បាន​បង្ហាញ​របាយការណ៍​សវនកម្ម​ពី​ឆ្នាំ ២០១៩ និង ២០២០ ដល់​សារព័ត៌មាន Reuters កាល​ពី​ខែ​មេសាថា «យើង​មិន​បាន​អនុវត្ត​ពលកម្ម​ដោយ​បង្ខំ ឬ​ទាសភាព​សម័យ​ទំនើប​ក្នុង​ទម្រង់​ណា​មួយ​ទេ»។

ការ​អះអាង​នេះ​មាន​លក្ខណៈ​ផ្ទុយ​គ្នា​ផ្ទុយ​នឹង​របាយការណ៍ ដែល​បង្ហាញ​ពី​ករណី​រំលោភបំពាន​លក្ខខណ្ឌ​ការងារ មាន​ចែង​ក្នុង​របាយការណ៍។ យ៉ាង​ណា​មិញ​សវនករ​សង្គម​ដែល​ប្រើ​ដោយ​យីហោ​ពិភព​លោក ក្នុង​ការ​កំណត់​ថា រោងចក្រ​ផ្គត់ផ្គង់​នៅ​ក្រៅ​ប្រទេស​របស់​ខ្លួន​បំពេញ​ទៅ​តាម​ក្រម​សីលធម៌ ​ឬ​អត់ មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កំណត់​អំពី​ហានិភ័យ​ការងារ​ឡើយ ហើយ​ថែម​ទាំង​អាច​បិទបាំង​បញ្ហា​ទាំង​នោះ​ទៀត​ផង។

ក្រុមហ៊ុន​សវនកម្ម​បាន​និយាយ​ថា ច្បាប់​នៅ​ជុំវិញ​ពិភព​លោក​ហាម​ឃាត់​ការ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ ប៉ុន្តែ​មិន​មាន​វិធាន​ណា​មួយ​គ្រប់គ្រង​គុណភាព​នៃ​ការ​ធ្វើ​សវនកម្ម​ដែល​ជា​ការងារ​ស្ម័គ្រចិត្ត​នោះ​ទេ។ ជា​ធម្មតា​សវនករ​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ក្រុមហ៊ុន ដែល​ពួក​គេ​កំពុង​ធ្វើ​សវនកម្ម ដែល​បង្ក​ឱ្យ​មាន​ទំនាស់​ផល​ប្រយោជន៍ ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​ធ្វើ​សវនកម្ម ដូចជា​ករណី​រោចក្រ​ជួល​ឱ្យ​ក្រុមហ៊ុន​សវនកម្ម​នោះ​សរសេរ​វិជ្ជមាន​ពី​ខ្លួន ដើម្បី​រក្សា​អាជីវកម្ម​ក៏​មាន។

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ចុះ​ត្រួតពិនិត្យ និង​កម្មករ​នៅ​រោងចក្រ ​Brightway បាន​និយាយ​ថា ក្រុមហ៊ុន​ក៏​ធ្លាប់​រៀបចំ​សម្ដែង​នៅ​ពេល​ដែល​ក្រុម​សវនករ​ចុះ​មក​ពិនិត្យ​ក៏​មាន។

ទោះជា​យ៉ាង​ណា​ក្ដី​ គេ​មិន​បាន​រក​ភ័ស្តុតាង​ណា​មួយ ដើម្បី​បង្ហាញ​ពី​ករណី ដែល​ក្រុមហ៊ុន​នេះ​ជួល​សវនករ​អង់គ្លេស Intertek Group ឱ្យ​ធ្វើ​រឿង​នេះ ឬ​យ៉ាង​ណា​ឡើយ ដោយសារ​ក្រុមហ៊ុន​នេះ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ។ យ៉ាង​ណា​មិញ​ក្រុមហ៊ុន Intertek បាន​និយាយ​ថា សវនកម្ម​របស់​ខ្លួន​ប្រព្រឹត្ត​ទៅ​ត្រឹមត្រូវ​តាម​នីតិវិធី និង​ស្តង់ដា​តឹងរ៊ឹង ហើយ​ក្រុមហ៊ុន​ខ្លួន​ជា​ក្រុមហ៊ុន​ឯករាជ្យ​ ទៀងត្រង់ និង​ហ្មត់ចត់​ផង​ដែរ។

ប្រហែល ១ ខែ ក្រោយ​ពេល​មន្ត្រី​ម៉ាឡេស៊ី​ចុះ​ត្រួត​ពិនិត្យ​មើល​រោងចក្រ​មក គយ និង​ការពារ​ព្រំដែន​សហរដ្ឋអាមេរិក បាន​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​រោងចក្រ ​Brightway។ គយ​សហរដ្ឋ​អាមេរិក កំពុង​ពិនិត្យ​មើល​ការ​ចោទ​ប្រកាន់ ដែល​រួមមាន​ការ​បង្ខំ​ដោយ​ជាប់​បំណុល​ការ​ធ្វើ​ការ​លើស​ម៉ោង និង​ការ​ស្នាក់​នៅ​មិន​បាន​ល្អ​ផង​ដែរ។

ជា​ការ​ឆ្លើយតប​រោចក្រ Brightway បាន​និយាយ​ថា គយ​សហរដ្ឋអាមេរិក មិន​បាន​ស្នើសុំ​ព័ត៌មាន​លម្អិត​ពី​ក្រុមហ៊ុន​ខ្លួន​នោះ​ទេ។

លោក Ana Hinojosa នាយក​ប្រតិបត្តិ​នៅ​ការិយាល័យ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន CBP បាន​និយាយ​ថា៖ «ក្រុមហ៊ុន​ជា​ច្រើន​មិន​ចង់​ឱ្យ​មាន​គេ​មក​ធ្វើ​ការ​វាយ​តម្លៃ​ទាក់ទិន​នឹង​ករណី​ពលកម្ម​ដោយ​បង្ខំ​ទេ ព្រោះ​អាច​នឹង​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ​ប្រាក់​ចំណេញ ​និង​ម្ចាស់​ភាគហ៊ុន​របស់​ពួក​គេ»។

សវន​ករ​សង្គម ២ រូប​ផ្សេង​ទៀត ​ដែល​បាន​ពិនិត្យមើល​របាយការណ៍​របស់​រោងចក្រ ​Brightway បាន​និយាយ​ថា ការ​រក​ឃើញ​មួយ​ចំនួន អាច​បង្ហាញ​ពី​ករណី​ពលកម្ម​បង្ខំ ដោយ​យោង​តាម​អង្គការ​ពលកម្ម​អន្តរជាតិ។ យ៉ាងណា​មិញ ការ​រក​ឃើញ​ពាក់ព័ន្ធ​នៅ​ក្នុង​របាយការណ៍​របស់​រោងចក្រ Brightway រួមមាន ការ​ធ្វើ​ការ​ច្រើន​ហួស​ម៉ោង​ថ្លៃ​ឈ្នួល​ថោក និង​ស្ថានភាព​រស់នៅ និង​ការងារ​មិន​មាន​សុវត្ថិភាព​ប៉ុណ្ណោះ។

សកម្មជន​ការងារ​បាន​និយាយ​ថា ការ​សន្និដ្ឋាន​របស់​របាយការណ៍​របស់​រោងចក្រ ​Brightway គឺ​ជា «ការ​បំភាន់​ទាំង​ស្រុង» ​ពី​ព្រោះ​ពួក​គេ​មើល​រំលង​ភ័ស្តុតាង​ដែល​មាន​នៅ​ក្នុង​របាយការណ៍​លម្អិត​ដោយ​ខ្លួន​ឯង។ ចំពោះ​ក្រុមហ៊ុន ដែល​ជា​ដៃគូ​ដែល​គ្រាន់ តែ​អាន​សេចក្តី​សង្ខេប​នៃ​របាយការណ៍​អាច​នឹង​មិន​បានដឹង​ពី​ករណី​លម្អិត​នៃ​ពលកម្ម​បង្ខំ​ទេ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ម៉ាឡេស៊ី គឺ​ជា​មជ្ឈមណ្ឌល​ផលិត​ស្ទើរ​គ្រប់​ផលិតផល​តាំង​ពី​ប្រេងដូង​រហូត​ដល់​គ្រឿង​បន្លាស់​ទូរស័ព្ទ iPhone ដែល​តែង​ជួល​ជន​ចំណាក​ស្រុក​មក​ពី​ប្រទេស​នានា​រួមទាំង​បង់ក្លាដែស និង​នេប៉ាល់ ហើយ​ជា​ប្រទេស​ទី២ បន្ទាប់​ពី​ប្រទេស​ចិន ដែល​តែង​ប្រឈម​នឹង​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក​ទាក់ទិន​នឹង​ពលកម្ម​បង្ខំ៕