កាល​ពី​ថ្ងៃ​ពុធ​ ទី ១៨ ខែវិច្ឆិកា ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ជាន់​ខ្ពស់​ប្រចាំ​រដ្ឋ Arizona លោកស្រី Katie Hobbs បាន​ប្រកាស​ថា ​លោកស្រី​កំពុង​ប្រឈម​មុខ​នឹង​ការ​កើន​ឡើង​នៃ​ការ​គំរាម​កំហែង​ហិង្សា ក្រោយ​ពី​ការ​ចេញ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ក្នុង​រដ្ឋ​នេះ ​ហើយ​លោកស្រី​បាន​ចោទ​ប្រកាន់​លោក​ប្រធានាធិបតី​ Donald Trumpថា ​បាន​ចែកចាយ​ព័ត៌មាន​មិន​ពិត ​ដើម្បី​ធ្វើ​ឱ្យ​ខូច​នូវ​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត។

លោកស្រី Hobbs ដែល​ជា​រដ្ឋលេខាធិការ​នៃ​រដ្ឋ ​Arizona ហើយ​ជា​សមាជិក​បក្ស​ប្រជាធិបតេយ្យ​បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​ថា ​ការ​គំរាមកំហែង​ទៅ​កាន់​លោកស្រី​ដោយ​ផ្ទាល់ ​ក្រុម​គ្រួសារ​ ក្រុម​បុគ្គលិក​របស់​លោកស្រី​គឺ «គួរ​ឱ្យ​ស្អប់​ខ្ពើម​ណាស់» តែ​ការ​គំរាម​កំហែង​ទាំង​នេះ​ គឺ​មិន​អាច​រារាំង​ការ​បំពេញ​ភារកិច្ច​របស់​លោកស្រី​បាន​ទេ។

លោកស្រី ​Hobb បាន​និយាយ​ថា៖ «បុគ្គល​មួយ​ចំនួន​ដែល​រួម​មាន​លោក​ប្រធានាធិបតី ​(Donald Trump) សមាជិក​សភាជាតិ ​និង​មន្ត្រី​ជាប់​ឆ្នោត​ដទៃ​ទៀត គឺ​កំពុង​តែ​បន្ត​ចែកចាយ​ព័ត៌មាន​មិន​ពិត​ និង​កំពុង​ជំរុញ​បុគ្គល​ដទៃ​ទៀត​មិន​ឱ្យ​ជឿ​ទុក​ចិត្ត​ទៅ​លើ​លទ្ធផល​បោះឆ្នោត​តាម​របៀប ១ ​ដែល​រំលោភ​ពាក្យ​សម្បថ​របស់​ពួក​គេ​»។

ក្រុម​បាតុករ​តវ៉ា​លទ្ធផល​បោះឆ្នោត​ធ្លាប់​បាន​ទៅ​ប្រមូល​ផ្ដុំគ្នា​នៅឯ​គេហដ្ឋាន​របស់​លោកស្រី ​Hobb ហើយ​បាន​ស្រែក​ថា៖«យើង​ចង់​បាន​​ការ​ធ្វើ​សវនកម្ម» និង ​«Katie ចេញ​មក​លេង​មក យើង​កំពុង​មើល​អ្នក»។​

បន្ថែម​លើ​ករណី​គំរាម​កំហែង​លោកស្រី ​Hobb មាន​ការ​រាយការណ៍​ថា​ មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​នៅ​រដ្ឋ​ដទៃ​ទៀត ​ជា​ពិសេស​នៅ​រដ្ឋ Georgia, Nevada, Michigan និង Pennsylvania​ ក៏​បាន​ទទួល​ការ​គំរាមកំហែង​ហិង្សា​ផង​ដែរ ក្រោយ​ពី​ចេញ​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី។

ជ័យជម្នះ Joe Biden នៅ​រដ្ឋ Arizona​ គឺ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ ដែល​បេក្ខជន​មក​ពី​បក្ស​ប្រជាធិបតេយ្យ​បាន​ទទួល​ជ័យជម្នះ​នៅ​រដ្ឋ​នេះ។ មក​ដល់​ពេល​នេះ​លោក Biden បាន​ទទួល​អង្គ​បោះឆ្នោត​សរុប​ចំនួន ៣០៦ ​ធៀប​នឹង​អង្គ​បោះឆ្នោត ២៣២ ដែល​លោក Trump បាន​ទទួល។

លោក Trump នៅ​មិន​ទាន់​ទទួល​យក​ការ​ចុះចាញ់ ហើយ​បាន​ធ្វើ​ការ​អះអាង​ដោយ​មិន​មាន​ភ័ស្តុតាង​ថា ​ជ័យជម្នះ​របស់​លោក​ត្រូវ​បាន​បក្ស​ប្រជាធិបតេយ្យ​លួច​តាមរយៈ​ការ​ក្លែង​សន្លឹកឆ្នោត​ដ៏​ទូលំទូលាយ។ លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​តវ៉ា​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​រដ្ឋ Swing State មួយ​ចំនួន ហើយ​ការ​អះអាង​របស់​លោក ​Trump ក៏​បាន​ជំរុញ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​រាប់​ពាន់​នាក់​ឱ្យ​ធ្វើ​​បាតុកម្ម​តវ៉ា​លទ្ធផល​ជ័យជម្នះ​របស់​លោក Biden​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។

រដ្ឋបាល​លោក ​Trump ​បាន​ហាម​ឃាត់​ស្ថាប័ន​រដ្ឋាភិបាល​មិន​ឱ្យ​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​លោក​ Biden ក្នុង​ដំណើរការ​ផ្ទេរ​អំណាច។ នីតិវិធី​នៃ​ការ​បោះឆ្នោត​អាមេរិក​នៅ​តែ​បន្ត​ទៅ​មុខ ដែល​នៅ​ចុង​ខែ​វិច្ឆិកា និង​ដើម​ខែធ្នូ ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ទាំង​នេះ​នឹង​ត្រូវ​ធ្វើ​ការ​បញ្ជាក់​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត៕