កាល​ពី​ថ្ងៃ​ចន្ទ ទី ៨ ខែ​កុម្ភៈ ខុទ្ទកាល័យ​រដ្ឋលេខាធិការ​នៃ​រដ្ឋ Georgia ប្រកាស​បើក​ការ​ស៊ើបអង្កេត​លើ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​មួយ​រវាង​អតីត​ប្រធានាធិបតី Donald Trump និង​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ជាន់​ខ្ពស់ ដែល​ក្នុង​នោះ​លោក​បាន​ទាមទារ​ឱ្យ​មន្ត្រី «ស្វែងរក» សំឡេង​ឆ្នោត​​គ្រប់គ្រាន់​ ដើម្បី​ឱ្យ​លោក​ឈ្នះ​នៅ​រដ្ឋ​នេះ។

កាល​ពី​ថ្ងៃទី ២ មករា លោក Trump បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​លោក​រដ្ឋលេខាធិការ Brad Raffen sperger និង​មន្ត្រី​រៀបចំ​បោះឆ្នោត​ផ្សេង​ទៀត ដើម្បី​បញ្ចុះបញ្ចូល​មន្ត្រី​ទាំងនេះ​ឱ្យ​ផ្លាស់ប្ដូរ​លទ្ធផល​ជ័យជម្នះ​របស់​លោក Joe Biden នៅ​រដ្ឋ​នេះ មុន​សភា​អាមេរិក​ធ្វើ​ការ​បញ្ជាក់​ជា​ផ្លូវ​ការ។

ការ​បើក​ការ​ស៊ើបអង្កេត​ត្រូវ​បាន​ធ្វើ​ឡើង​ដោយសារ​ពាក្យ​បណ្ដឹង​របស់​សាស្ត្រាចារ្យ​សាលា​ច្បាប់​នៃ​សាកលវិទ្យាល័យ George Washington លោក John Banzhaf III ដែល​បាន​ចោទ​ប្រកាន់​លោក Trump ថា​បាន​រំលោភ​ច្បាប់​ជា​ច្រើន​ក្នុង​ទំនាក់ទំនង​នោះ៕