ក្រុង​សេអ៊ូល៖ ​មន្ត្រី​ក្រុង​សេអ៊ូល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ​នាយក​រដ្ឋមន្ត្រី​លោក ​លី​ ណាក ​យ៉ុន​ ទំនង​ជា​នឹង​ជួប​ផ្ទាល់​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ ស៊ីនហ្សូ​ អាបេ ​នៅ​អំឡុង​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទីក្រុង​តូក្យូ​នៅ​សប្តាហ៍​ក្រោយ​ ទោះ​បី​ជា​ផែន​ការ​នោះ ​នៅ​មិន​ទាន់​បាន​បញ្ជាក់​​អះ​អាង​ឲ្យ​បាន​​ជាក់​លាក់​ក្តី​។​

លោក​ លី​ ណាក ​យ៉ុន​ នឹង​ទស្សនកិច្ច​ទៅ​ក្រុង​តូក្យូ​ ដើម្បី​ចូលរួម​ពិធី​ឡើង​គ្រង​រាជ្យ​របស់​ព្រះ​ចៅ​អធិរាជ​ជប៉ុន​ព្រះ​នាម​ ណារូ​ហ៊ីតូ​ ដែល​គ្រោង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​ ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ ​ដែល​អ្នក​សង្កេតការណ៍​បាន​ថ្លែង​ថា​ អាច​បង្កើត​ចំណង​ទំនាក់​ទំនង​មិត្តភាព​នៅ​ក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​ ដែល​មាន​ជម្លោះ​ជុំវិញ​ការ​រឹត​ត្បិត​នាំចេញ ​និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ក្នុង​សង្គ្រាម​របស់​រដ្ឋាភិបាល​ក្រុង​តូក្យូ​។​

មន្ត្រី​នៅ​ក្រសួង​ការ​បរទេស​ក្រុង​សេអ៊ូល ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​លក្ខខណ្ឌ​អនាមិក​ ក្នុង​ការ​ឆ្លើយ​តប​សំណួរ​​សួរ​អំពី​ថា​ តើ​លោក ​លី ​មាន​ផែនការ​នឹង​រៀបចំ​កិច្ច​ពិភាក្សា​ជាមួយ​លោក​ ស៊ីនហ្សូ​ អាបេ ​ឬ​យ៉ាង​ណា ​លោក​ថា៖ «​ជំនួប​នោះ​នៅ​មិន​ទាន់​បាន​បញ្ជាក់​អះអាង​នៅ​ឡើយ​ទេ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា ​អាច​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ជួប​លោក ​ស៊ីនហ្សូ​ អាបេ​»​។​

លោក​បាន​បន្ថែម​ថា​៖ «​សម្រាប់​ពេល​បច្ចុប្បន្ន​ យើង​គិត​ថា​វា​នឹង​កើត​ឡើង​ ប៉ុន្តែ​ភាគី​ម្ខាង​ទៀត​នៅ​មិន​ទាន់​បាន​ផ្តល់​កាល​បរិច្ឆេទ​ឲ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ​»។​

ប្រភព​ការ​ទូត​នៅ​ទី​នេះ​បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន ​Yonhap ថា ​លោក លី ​និង ​អាបេ​ អាច​នឹង​ជួប​គ្នា​ទ្វេភាគី​នៅ​ថ្ងៃ​ពុធ​ ឬ​ព្រហស្បតិ៍​ ក្រោយ​ពី​ពិធី​ឡើង​គ្រង​រាជ្យ​ចប់ និង​ការ​ទទួល​ទាន​អាហារ​ជា​ទី​ដែល​មេ​ដឹកនាំ​​ជប៉ុន​អាច​នឹង​ពិបាក​លៃ​លក​ពេល​ដើម្បី​រៀបចំ​កិច្ច​ពិភាក្សាទ្វេ​ភាគី​នោះ​៕