កាលពី​ថ្ងៃ​សុក្រ ទី ៧ ឧសភា​មន្ត្រី​ឥណ្ឌា បាន​ជំរុញ​នាយករដ្ឋមន្ត្រី​ខ្លួន​សម្រេច​ឱ្យមាន​ការបិទខ្ទប់​ទូទាំងប្រទេស ខណៈ​ករណី​ឆ្លង​កូវីដ១៩ មាន​ការកើនឡើង។

យោងតាម​ការដកស្រង់​សម្តី​តាមរយៈ​កាសែត Associated Press អ្នកជំនាញ​ផ្នែក​សុខភាព​របស់​រដ្ឋាភិបាល​ឥណ្ឌា​លោក​ RandeepGuleria បាន​និយាយថា ការបិទខ្ទប់​ប្រទេស​ទាំងមូល​គឺ​ចាំបាច់​ដូច​កាលពី​ឆ្នាំមុន​ជាពិសេស​នៅ​តំបន់​ដែលមាន​មនុស្ស​ជាង ១០ ភាគ​នៃ​អ្នក​ដែល​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន។

មេដឹកនាំ​គណបក្សប្រឆាំង​លោក​ Rahul Gandhi កាលពី​ថ្ងៃទី ៧ ឧសភា​ក៏បាន​ទាមទារ​ឱ្យមាន​ការបិទ​ និង​គាំទ្រ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ស្បៀង​ដល់​ប្រជាជន​ក្រីក្រ។ លោក​បាន​និយាយ​នៅក្នុង​លិខិត​ដែល​ផ្ញើ​ទៅ​ប្រធានាធិបតី​ឥណ្ឌា​ថា៖ «ការចំណាយ​របស់​ប្រជាជន​នឹង​បង្កឱ្យមាន​ផលវិបាក​ទៅដល់​ប្រជាជន​យើង​ខ្លាំង»។

ការអំពាវនាវ​ឱ្យមាន​ការបិទខ្ទប់​ប្រទេស​នេះ​គឺ​កើតឡើង​ បន្ទាប់ពី​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​ចុងក្រោយ​ ដែល​បណ្តាល​ឱ្យមាន​ផលប៉ះពាល់​ទៅដល់​ប្រព័ន្ធ​ថែទាំ​សុខាភិបាល។

ការឆ្លង​ក្នុង​សហគមន៍​លើក​នេះ​បាន​រីករាលដាល​នៅក្នុង​ប្រទេស​ឥណ្ឌា​ចាប់តាំងពី​ខែកុម្ភៈ​ឆ្នាំនេះ។ ករណី​ឆ្លង​ខ្លាំង​ក្នុង​សហគមន៍​នេះ​គឺ​ចាប់​មាន​ឡើង​តាំងពី​មាន​ការសម្រេចចិត្ត​អនុញ្ញាត​ឱ្យ​ក្រុមមនុស្ស​ច្រើន​ប្រមូល​ផ្តុំគ្នា​សម្រាប់​ពិធីបុណ្យ​សាសនា​ និង​ការជួបជុំ​ឃោសនា​នយោបាយ។

ក្នុង​រយៈពេល ១ ខែ​កន្លងមកនេះ​រដ្ឋ​ចំនួន​ ២៨ នៅក្នុង​ប្រទេស​ឥណ្ឌា​បានប្រកាស​ពី​ការរឹតត្បិត​មួយចំនួន​ ប៉ុន្តែ​មិនបាន​សម្រេច​ឱ្យមាន​ការបិទខ្ទប់​ប្រទេស​ទាំងមូល​ឡើយ។ វិធានការ​រឹតត្បិត​ទាំងនោះ​រួមមាន​ការបញ្ជា​ឱ្យ​ស្នាក់​នៅតាម​គេហដ្ឋាន ការហាមឃាត់​ជើងហោះហើរ​អន្តរជាតិ​ និង​ក្នុងស្រុក​ និង​ការផ្អាក​ធ្វើដំណើរ​តាម​ផ្លូវដែក​នៅក្នុង​ប្រទេស។

នៅក្នុង​អំឡុង​ការរឹតត្បិត​កាលពី​ឆ្នាំមុន​នោះ រដ្ឋាភិបាល​បានផ្តល់​ជា​ជំនួយ​មួយចំនួន​រួមមាន ស្រូវ​សាលី​អង្ករ​ និង​សណ្តែក​ដល់​ប្រជាជន​ក្រីក្រ​បំផុត​អស់​រយៈពេល​ជិត ១ ឆ្នាំ ហើយ​ក៏មាន​ថវិកា​បន្តិចបន្តួច​ផងដែរ។

កាលពី​ឆ្នាំមុន​នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក​ Narendra Modi ក៏បាន​ប្តេជ្ញា​ផ្តល់​កញ្ចប់​ជំនួយ​សេដ្ឋកិច្ច​ជាង ២៦០ ពាន់​លាន​ដុល្លារ​អាមេរិក​ផងដែរ។ ប៉ុន្តែ​ការបិ​ខ្ទប់​នោះបាន​ធ្វើឱ្យ​កម្មករ​ធ្វើ​ចំណាកស្រុក​ជាច្រើន​នាក់​ដែល​បង្ក​ឱ្យ​ពុំមាន​ការងារ​ធ្វើ​ និង​ភៀសខ្លួន​ទៅ​ភូមិ​នានា។

ការរឹតត្បិត​របស់​ប្រទេស​ឥណ្ឌា​បាន​បណ្តាល​ឱ្យ​សេដ្ឋកិច្ច​ធ្លាក់ចុះ ២៣ ភាគរយ​នៅក្នុង​ត្រីមាស​ទី ២ កាលពី​ឆ្នាំ ២០២០ ទោះបី​ជាការស្ទុះ​ងើប​ឡើងវិញ​ខ្លាំង​កំពុងតែ​ដំណើរការ​មុនពេល​ការឆ្លង​បាន​កើនឡើង​យ៉ាងខ្លាំង​នាពេលថ្មីៗនេះ​ក៏ដោយ។ នេះ​បើ​យោង​តាម​ការរាយការណ៍​របស់ AP ។

នៅក្នុង​អំឡុង​ការរីករាលដាល​ក្នុង​សហគមន៍​លើក​នេះ ប្រទេស​ឥណ្ឌា​បាន​ប៉ះពាល់​ទៅដល់​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ​របស់ខ្លួន​ដោយ​កង្វះ​នូវ អុកស៊ីហ្ស៊ែន គ្រែពេទ្យ និង​សម្ភារ​វេជ្ជសាស្ត្រ​មួយចំនួន ដោយសារ​ចំនួន​អ្នក​វិជ្ជមាន​មាន​ច្រើន​សន្ធឹកសន្ធាប់។

ករណី​ឆ្លង​សហគមន៍​នៅ​ប្រទេស​ឥណ្ឌា​លើក​នេះ​បាន​ធ្វើឱ្យ​បណ្តា​ប្រទេស​នានា​ក្នុង​ពិភពលោក​ចូលរួម​ក្នុង​ការផ្តល់​ជំនួយ​វេជ្ជសាស្ត្រ​ទៅ​ប្រទេស​ឥណ្ឌា​ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​ក្នុង​សហគមន៍​នេះ។

យោងតាម​ទិន្នន័យ​របស់ Worldometers គិត​ត្រឹម​ថ្ងៃទី ៩ ឧសភា​អ្នក​វិជ្ជមាន​កូវីដ១៩ សរុប​នៅ​ប្រទេស​ឥណ្ឌា​មាន​ជាង ២២ លាន​នាក់ និង​អ្នកស្លាប់​ដោយសារ​កូវីដ១៩ មាន​ប្រមាណ​ជាង ២៤ ម៉ឺន​នាក់៕