
លោក Thierry Breton ថ្លែងនៅក្នុងអំឡុងសន្និសីទសារព័ត៌មានក្រោយជំនួប ១ ជាមួយលោករដ្ឋមន្ត្រីសេដ្ឋកិច្ចឡេតូនី Janis Vitenbergs។ AFP
គណៈកម្មការទីផ្សារផ្ទៃក្នុងអឺរ៉ុប លោក Thierry Breton បានឱ្យដឹងកាលពីថ្ងៃអាទិត្យ ថា សហគមន៍អឺរ៉ុបមិនទាន់បានបញ្ជាទិញវ៉ាក់សាំង AstraZeneca ថ្មីបន្ថែមទៀត សម្រាប់ខែមិថុនានោះទេ ខណៈសហគមន៍មួយនេះទើបចុះហត្ថលេខាព្រមព្រៀងវ៉ាក់សាំងជាមួយក្រុមហ៊ុន Pfizer-BioNTech រួចមក។
ប្រភពដដែលបានបន្តថា លោករំពឹងថាថ្លៃដើមនៃការបញ្ជាទិញវ៉ាក់សាំង Pfizer-BioNTech លើកក្រោយរបស់សហគមន៍អឺរ៉ុប អាចនឹងខ្ពស់ជាងការបញ្ជាទិញមុន។
កាលពីខែមុនគណៈកម្មការសហគមន៍អឺរ៉ុប ក៏បានចាប់ផ្តើមចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងក្រុមហ៊ុន AstraZeneca ដែលមិនបានគោរពតាមសន្យាក្នុងការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ១៩ តាមកិច្ចសន្យា និងមិនមានផែនការច្បាស់លាស់ ដើម្បីធានាផ្គត់ផ្គង់វ៉ាក់សាំងឱ្យទាន់ពេលវេលា។
ដោយឡែក កាលពីថ្ងៃសុក្រកន្លងទៅ សហគមន៍អឺរ៉ុបបានចុះហត្ថលេខាលើកិច្ចសន្យាវ៉ាក់សាំងថ្មីមួយជាមួយក្រុមហ៊ុន Pfizer-BioNTech ដើម្បីបញ្ជាទិញវ៉ាក់សាំងប្រមាណ ១,៨ ពាន់លានដូសសម្រាប់ឆ្នាំ ២០២១ ដល់ ២០២៣ ដើម្បីបន្តចែកចាយ បរិច្ចាគ និងលក់បន្តផងដែរ៕