ក្រុង​រីយ៉ាដ​: ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ​ បាន​ថ្លែង​ដោយ​ដក​ស្រង់​សម្តី​ពី​ក្រសួង​មហា​ផ្ទៃ​ថា​ មន្ត្រី​អារ៉ាប៊ី​ សាអ៊ូឌីត​ ៤​ នាក់​ ត្រូវ​បាន​បាញ់​សម្លាប់ ​និង​៤​ នាក់​ដទៃ​ទៀត ​បាន​រង​របួស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​ដែល​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​របស់​ពួក​គេ ​បាន​រង​ការ​វាយ​ប្រហារ​ប្រដាប់​អាវុធ​នៅ​ក្នុង​ខេត្ត​ Asir ​ភាគ​ខាង​ត្បូង​។​

ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន​អារ៉ាប៊ី​ សាអ៊ូឌីត​(​ SPA​)​ បាន​រាយ​ការណ៍​ឲ្យ​ដឹង​ដោយ​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ថា​ ជន​ណា​ម្នាក់​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​នោះ​ថា​មន្ត្រី​៣​នាក់​ ត្រូវ​បាន​បាញ់​សម្លាប់​ភ្លាម​ៗ​ខណៈ​ដែល​ប៉ុស្តិ៍​ឈរ​ជើង​របស់​ពួក​គេ​ស្ថិត​ក្រោម​ការ​វាយ​ប្រហារ​នោះ​។​

ទី​ភ្នាក់​ងារ​ SPA ​បាន​រាយ​ការណ៍​​ឲ្យ​ដឹង​ថា​៖​ «​ក្រុម​មន្ត្រី​សន្តិ​សុខ ​បាន​សម្រេច​ក្នុង​ការ​កំណត់​ភិន​ភាគ​ជន​សង្ស័យ​មួយ​ចំនួន​ពាក់​ព័ន្ធ​ទៅ​ក្នុង​បទ​ឧក្រិដ្ឋ​មួយ​ និង​បាន​ចាប់​ខ្លួន​ពួក​គេ​ពីរ​នាក់​ដែល​ពួក​គេ​សុទ្ធ​តែ​ជា​ជន​ជាតិ​អារ៉ាប៊ី​សាអ៊ូឌីត​»​។​ «​ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​ធ្វើ​ការ​ស៊ើប​អង្កេត​នោះ​ឈ្មោះ​របស់​ពួក​គេ​មិន​ត្រូវ​បាន​លាត​ត្រដាង​ឡើយ​»​។​

SPA ​បាន​រាយ​ការណ៍​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ ជន​សង្ស័យ​អារ៉ាប៊ី​ សាអ៊ូឌីត​ទី​បី​ បាន​បាញ់​កាំភ្លើង​ខណៈ​បុរស​នោះ​ព្យាយាម​រត់​គេច​ខ្លួន ​ដោយ​បាន​សម្លាប់​មន្ត្រី​ម្នាក់​ទៀត​និង​បាន​បង្ក​ការ​រង​របួស​ដល់​មន្ត្រី​ ៤ ​នាក់​ដទៃ​ទៀត​។​

ការ​វាយ​ប្រហារ​នោះ ​បាន​កើត​ឡើង​ស្រប​ពេល​ដែល​អារ៉ាប៊ី ​សា​អ៊ូឌីត​ បាន​ធ្លាក់​ក្នុង​ភាព​ចលា​ចល​នៃ​សង្គ្រាម​ដែល​បាន​អូស​បន្លាយ​រយៈ​ពេល​យូរ​នៅ​ក្នុង​ប្រ​ទេស​ជិត​ខាង​ភាគ​ខាង​ត្បូង​របស់​ខ្លួន​គឺ​យេម៉ែន​ដែល​អង្គ​ការ​សហ​ប្រ​ជា​ជាតិ​ (​UN​) ​បាន​ចាត់​ទុក​ជា​ប្រ​ទេស​ជួប​វិបត្តិ​មនុស្ស​ធម៌​ធ្ងន់​ធ្ងរ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភព​លោក​។​

នៅក្នុងខែមីនាឆ្នាំ ២០១៥ អារ៉ាប៊ី សាអ៊ូឌីត បានប្រតិបត្តិការក្រុមចម្រុះនៃក្រុមរដ្ឋអារ៉ាប់ធ្វើការប្រយុទ្ធប្រឆាំងដើម្បីបណ្តេញក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអុីរ៉ង់ក្នុងទឹកដីយេម៉ែន និង ជួយ​ស្តារ​រដ្ឋា​ភិ​បាល​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរ​ជាតិរបស់​ប្រទេស​នេះ​ឲ្យ​បាន​ឡើង​ក្តាប់​អំណាច។

ក្រុងរីយ៉ាដ និងគូបដិបក្សនិកាយស៊ីអ៊ីតគឺក្រុងតេអេរ៉ង់ បានគាំទ្រក្រុមភាគីប្រឆាំងនៅក្នុងតំបន់ ឬទីកន្លែងដ៏ក្តៅគគុក មួយចំនួននៅទូទាំងតំបន់មជ្ឈិមបូព៌ា ដែលប្រជាជន ភាគច្រើន ជា​អ្នក​កាន់​និកាយ​ស៊ីអ៊ីត​រួម​ទាំង​លីបង់​ស៊ីរី​អុីរ៉ាក់​និង​យេម៉ែន៕ AFP/ SN