
លោក Joe Biden ថ្លែងនៅក្នុងអំឡុងការប្រកាសតែងតាំងគណៈរដ្ឋមន្ត្រីថ្មីកាលពីថ្ងៃទី ១១ ធ្នូ ឆ្នាំ ២០២០។ រូបថត AFP
មន្ទីរបញ្ចកោណ (Pentagon) បានប្រាប់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (CIA)ថា ខ្លួនគ្រោងនឹងដកការគាំទ្រយោធាមួយភាគធំ ដែលតែងផ្ដល់ដល់បេសកកម្មប្រឆាំងភេរវកម្មរបស់ CIA នៅដើមឆ្នាំក្រោយនេះ។
នេះបើតាមការឱ្យដឹងពីរដ្ឋមន្ត្រី ការពារជាតិស្តីទី លោក Christopher Miller ជម្រាបជូនប្រធានទីភ្នាក់ងារ CIA លោក Gina Haspel ក្នុងលិខិតមួយកាលពីសប្ដាហ៍មុន។
យ៉ាងណាមិញគេមិនទាន់ដឹងច្បាស់ទេថា តើការសម្រេចចិត្តនេះនឹងជះឥទ្ធិពលដល់បេសកកម្មប្រឆាំងភេរវកម្មនៅទូទាំងពិភពលោករបស់ទីភ្នាក់ងារ CIA ប៉ុនណានោះទេ ប៉ុន្តែជាទូទៅបេសកកម្មនេះពឹងផ្អែកលើយោធារបស់មន្ទីរបញ្ចកោណសហរដ្ឋអាមេរិក ដើម្បីជាការគាំទ្រខាងការដឹកជញ្ជូនតាមផ្លូវអាកាសសម្ភារ និងផ្នែកពេទ្យយោធាផងដែរ។
ការសម្រេចដូចនេះ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី ៥ មករា តទៅ ដោយដកក្រុមយោធា DOD (មានសមាជិកច្រើនបំផុតក្នុងពិភពលោក) និងឧបករណ៍យោធាមួយចំនួន រួមទាំងដ្រូនសម្រាប់ប្រយុទ្ធថែមទៀតផង។
អ្នកនាំពាក្យរបស់ទីភ្នាក់ងារ CIA អ្នកស្រី Nicole de Haay ថ្លែងថា៖ «មិនមានទំនាក់ទំនង និងភាពជាដៃគូណារឹងមាំងជាងទំនាក់ទំនងរវាងទីភ្នាក់ងារ CIA និងក្រុមយោធា DoD នេះទេ។ ភាពជាដៃគូដ៏រឹងមាំនេះហើយបាននាំឱ្យមានសមិទ្ធផលជឿនលឿនដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកយ៉ាងខ្លាំង ហើយយើងមានសង្ឃឹមថា ក្រុមយោធា DoD និង CIA បន្តកិច្ចសហការជិតស្និទ្ធនេះសម្រាប់ឆ្នាំខាងមុខ»។
លោក Eric Oehlerich អតីតកងទ័ពជើងទឹក Navy SEAL បានប្រាប់ ABC ថា ការដកថយពីក្រសួងការពារជាតិក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម CIA «អាចគ្រាន់តែត្រូវជាសកម្មភាពគាំទ្រហេតុផលនយោបាយប៉ុណ្ណោះ»។
លោក Oehlerich មានប្រសាសន៍ថា៖ «ទំនាក់ទំនងនៅនឹងកន្លែង និងទំនាក់ទំនងជាមួយអ្នកខាងលើគឺ រឹងមាំស្រាប់ហើយ។ ប៉ុន្តែការដែលមកដកជំនួយពីភ្នាក់ងារនេះប្រៀបដូចយកកាំបិតចិតដងឯងអ៊ីចឹង»។
មន្ត្រីសហរដ្ឋអាមេរិកជាន់ខ្ពស់ម្នាក់ទៀត បានប្រាប់ CNN ថា លិខិតដែលលោក Millerផ្ញើទៅ CIA ដែលថា ក្រសួងការពារជាតិឈប់គាំទ្រ CIA នេះ អាចមានន័យថា CIA នឹងមិនអាចបន្តបេសកកម្មភេរវកម្មនេះបានទៀតទេ។
លោក Darrell Blocker អតីតអនុប្រធានមជ្ឈមណ្ឌលប្រឆាំងភេរវកម្មរបស់ទីភ្នាក់ងារ CIA បាននិយាយថា ការដកជំនួយនៃគំនិតផ្តួចផ្តើមលើបេសកម្មរបស់ទីភ្នាក់ងារ CIA ដោយក្រសួងការពារជាតិនេះ ដូចជាការបំផ្លាញការងារដែល CIA បានធ្វើហើយទាំងស្រុង។
គួរបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរមួយនេះ នឹងក្លាយជាការផ្លាស់ប្តូរគោលនយោបាយចុងក្រោយបង្អស់ក្រោមតំណែងរបស់លោកប្រធានាធិបតី Donald Trump ដែលបានផ្តួចផ្តើមបង្កើតមន្ត្រីសំខាន់ៗ និងធ្វើឱ្យមានការរង្គោះរង្គើក្នុងមន្ទីរនេះ ចាប់តាំងពីការចាញ់ឆ្នោតលោក Joe Biden មក។
រដ្ឋបាល Trump កាលពីពេលថ្មីៗនេះ ក៏បានប្រកាសអំពីការដកកងទ័ពអាមេរិកមួយចំនួនធំ ចេញពីប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងសូម៉ាលី ហើយបានដកតំណែងមន្ត្រីដឹកនាំស៊ីវិលរបស់មន្ទីរបញ្ចកោណកាលពីប៉ុន្មានសប្តាហ៍មុន។ ជាមួយគ្នានេះលោក Trump ក៏បានយកមន្រ្តីស្មោះត្រង់ខាងលោកមកជំនួសតំណែងមន្ត្រីទាំងនោះវិញ។
កាលពីថ្ងៃសុក្រ សប្តាហ៍មុន មន្ទីរបញ្ចកោណបានប្រកាសថា ខ្លួននឹងដកទ័ពសហរដ្ឋអាមេរិកមួយភាគធំចេញពីប្រទេសសូម៉ាលី តាមបញ្ជារបស់លោក Trump។ មន្ទីរបញ្ចកោណមិនបានផ្តល់ព័ត៌មានលម្អិត ស្ដីពីការដកទ័ពចេញនេះទេ គ្រាន់តែបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា កងទ័ពសហរដ្ឋអាមេរិកនឹងត្រូវដកចេញពីប្រទេសសូម៉ាលី នៅដើមឆ្នាំ ២០២១ នេះ។
មន្ទីរបញ្ចកោណបាននិយាយថា ការដកទ័ពចេញពីប្រទេសសូម៉ាលី មិនមែនជាការបញ្ចប់នៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មទេ ប៉ុន្តែគឺជាការសម្ដែងភាពស្រងាកចិត្តប៉ុណ្ណោះ ហើយការសម្រេចចិត្តនេះអាចនឹងសម្រេចឡើងវិញនៅពេលណាមួយ ក្នុងអំឡុងពេលលោក Biden ចូលកាន់តំណែង៕