ក្រុងដាក្កា៖ រដ្ឋមន្ត្រី​ការ​បរទេស​លោក​ AK ​Abdul Momen ​កាល​ពី​ថ្ងៃ​ពុធ​​បាន​ថ្លែង​ថា​ មីយ៉ាន់ម៉ា​ខកខាន​មិន​បាន​បញ្ចុះ​បញ្ចូល​ក្រុម​ជន​រ៉ូហ៊ីងយ៉ា​ឲ្យ​វិល​ត្រឡប់​ទៅ​កាន់​​ប្រទេស​កំណើត​របស់​ពួក​គេ​ពី​បង់ក្លាដែស​វិញ​នោះ​ទេ។​

លោក​បាន​ថ្លែង​ថា​៖ «​វា​គឺ​ជា​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ ដើម្បី​បញ្ចុះ​បញ្ចូល​ប្រជាជន​របស់​ពួក​គេ​ឲ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​វិញ​។​ ពួក​គេ​បាន​បរាជ័យ​​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​»​។​

រដ្ឋមន្ត្រី​រូប​នោះ​បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ ក្រោយ​ពី​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​មួយ​ស្តីអំ​ពី​ទិសដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ (SDG) ​ដែល​បាន​រៀបចំ​ដោយ​មូលនិធិ​ Palli ​Karma ​Shahayak​ Foundation ​(​PKSF​) ​នៅ​ឯ​សាល​ប្រជុំ​របស់​ខ្លួន​នៅ​ក្នុង​ក្រុង​ដាក្កា។​

លោក​ Momen ​បាន​ថ្លែង​ថា​​ បង់ក្លាដែស​ចង់​ឲ្យ​ក្រុម​ជន​ភៀស​ខ្លួន​ ធ្វើ​មាតុភូមិនិវត្តន៍​ដោយ​ស្ម័គ្រ​ចិត្ត ​និង​គ្មាន​ការ​បង្ខិតបង្ខំ​ទៅ​កាន់​ប្រទេស​ មីយ៉ាន់ម៉ា ​វិញ​។ ​

លោក​បាន​បន្ថែម​ថា​៖ «​យើង​នឹង​មិន​បង្ខំ​ពួក​គេ ​(ជន​រ៉ូហ៊ីងយ៉ា) ​ឲ្យ​វិល​ត្រឡប់​ទៅ​វិញ​នោះ​ទេ​ ប៉ុន្តែ​យើង​ចង់​ឃើញ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ដោយ​ស្ម័គ្រ​ចិត្ត​»​។ ​​នៅ​ពេល​ត្រូវ​​ស្នើ​ឲ្យ​ធ្វើ​អត្ថាធិប្បាយ​អំពី​របាយការណ៍​របស់ ​BBC ដែល​​ថា ភូមិ​របស់​ជន​រ៉ូហ៊ីងយ៉ា​​ត្រូវ​កម្ទេច​ចោល ​​និង​ជំរំ​ជា​ច្រើន​​ត្រូវ​បាន​សាងសង់​នៅ​ទីនោះ ​​លោក​ ​Momen ​​ថ្លែង​​ថា នៅ​ពេល​វិល​ត្រឡប់​ទៅ​វិញ ពួក​គេ​នឹង​ត្រូវ​សាងសង់​ផ្ទះ​របស់​ពួក​គេ ហើយ​លោក​សង្ឃឹម​ថា ​មីយ៉ាន់ម៉ា​នឹង​បង្ហាញ​ភាព​ស្មោះ​ត្រង់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ៕ Daily Star