កាលពី​ថ្ងៃ​ចន្ទ ទី ២៦ មេសា ក្រុមអ្នកតវ៉ា​នៅ​ប្រទេស​មីយ៉ាន់ម៉ា​នៅតែ​បន្តរ​ការតវ៉ា​ដោយ​មិន​ពេញចិត្ត​ទៅនឹង​សេចក្តី​សម្រេច​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) កាលពីពេល​កន្លងទៅ​នៅ​ទីក្រុង​ហ្សាការតា។ នេះ​បើ​យោងតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Straits Times ។

គណៈកម្មាធិការ​ជាតិ​កូដកម្ម​ទូទៅ (General Strike Committee of Nationalities) បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី ២៦ មេសា​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​នៅ​ទីក្រុង​ហ្សាការតា​គឺ​មិន​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ និង​សំឡេង​របស់​ប្រជាជន​មីយ៉ាន់ម៉ា ហើយ​មិនបាន​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា​នៅឡើយ​ទេ។

បន្ទាប់ពី​កិច្ចប្រជុំ​មេដឹកនាំ​អាស៊ាន​មាន​ការប្រកាស​មូលមតិ​គ្នា​ស្តីពី​ការបញ្ឈប់​អំពើ​ហិង្សា​ជាបន្ទាន់​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា និង​ការចាប់ផ្តើម​ការសន្ទនា​គ្នា​រវាង​គណបក្ស​សំខាន់ៗ​ដែល​ត្រូវ​សម្របសម្រួល​ដោយ​ប្រេសិត​ពិសេស​អាស៊ាន ដែល​បាន​ជួយ​សម្រួល​ដោយ​អគ្គលេខាធិការ​អាស៊ាន។ ពួកគេ​ក៏បាន​ឯកភាព​ផងដែរ​ថា គណៈប្រតិភូ​អាស៊ាន​នឹង​ធ្វើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា ហើយ​សមាគម​អាស៊ាន​នឹង​ផ្តល់​ជំនួយ​មនុស្សធម៌​ទៅកាន់​ប្រទេស​នេះ​ផងដែរ។

គួរបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​កិច្ចប្រជុំ​នោះ អាស៊ាន​បាន​ឯកភាព​លើ​បញ្ហា​ចំនួន ៥ រួមមាន ការបញ្ចប់​អំពើហិង្សា ការចរចា​ប្រកប​ដោយ​ការស្ថាបនា​ចំណោម​ភាគី​ពាក់ព័ន្ធ ការបញ្ជូន​ជំនួយ​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា ការតែងតាំង​ប្រេសិត​ពិសេស​ ដើម្បី​សម្របសម្រួល​ការចរចា និង​អនុញ្ញាត​ឱ្យធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​នោះ។

អ្នកសង្កេតការណ៍ និង​ប្រជាជន​មីយ៉ាន់ម៉ា​មួយចំនួន​បាន​បញ្ចេញមតិ​មិន​ពេញចិត្ត​ទៅលើ​លទ្ធផល​ដែល​បានសម្រេច​ពី​ការប្រជុំ​នោះ ដោយ​លើក​ហេតុផល​ថា ការសម្រេច​នោះ​គឺ​មិន​បាន​ដោះស្រាយ​បញ្ហា​នយោបាយ​នៅ​មីយ៉ាន់ម៉ា ព្រមទាំង​មិនបាន​លើកឡើង​ពី​ការជំរុញ​ឱ្យ​មាន​ការដោះលែង​អ្នកនយោបាយ​ដែល​ត្រូវបាន​ចាប់ខ្លួន។

លោក Phil Robertson អនុប្រធាន​អាស៊ី​ប្រចាំ​នៅ​ទីក្រុង​បាងកក ស្ថិត​ក្នុង​ចំណោម​អ្នកសង្កេតការណ៍​ក្នុង​តំបន់​ដែលមាន​ទស្សនៈ​ស្រពេចស្រពិល​ចំពោះ​ការព្រមព្រៀង ៥ ចំណុច​របស់​អាស៊ាន។

កាលពី​ថ្ងៃទី ២៥ មេសា លោក Robertson បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា៖ «អាស៊ាន​មិនអាច​យល់ច្បាស់​អំពី​ការពិត​ដែលថា គ្មាន​កិច្ចព្រមព្រៀង​សម្រាប់​យោធា​ភូមា​ដោះលែង​អ្នកទោសនយោបាយ​ជាង ៣៣០០ នាក់​ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ឡើយ»។ នេះ​បើតាម​ការដកស្រង់​សម្តី​របស់​សារព័ត៌មាន South China Morning Post ។

លោក​បាន​បន្ត​និយាយថា ការព្រួយបារម្ភ​គឺ​ពិតជា​មាន​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​នេះ​ដោយសារ​ភាពទន់ខ្សោយ​របស់​អាស៊ាន​ក្នុង​ការអនុវត្ត​សេចក្តី​សម្រេចចិត្ត និង​ផែនការ​ដែល​ខ្លួន​បានចេញ​ផ្សាយ។

ទោះបីជា​មាន​ការមិន​ពេញចិត្ត និង​ភាពស្រពេចស្រពិល​ពី​អ្នកសង្កេតការណ៍​មួយចំនួន​ក៏ដោយ បណ្តា​ប្រទេស​មួយ​ចំនួន​បានបង្ហាញ​ពី​ភាពវិជ្ជមាន​របស់​សេចក្តី​សម្រេច​នោះ ដោយ​លើកឡើង​ថា ជា​ជំហាន​មួយ​ដែល​អាច​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​បច្ចុប្បន្ន។

លោក Evan Laksmana នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​អន្តរជាតិ​ក្នុងប្រទេស​ឥណ្ឌូនេស៊ី​បាន​និយាយថា សមិទ្ធផល​កាលពី​ថ្ងៃទី ២៤ មេសា អ្វីដែល​គួរឱ្យ​កត់សម្គាល់​នោះ​គឺជា​ការរួបរួម​របស់​អាស៊ាន។ នេះ​បើ​យោងតាម​ការស្រង់​សម្តី​ពី​សារព័ត៌មាន South China Morning Post ។

លោក​បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter របស់លោក​ថា៖ «អ្វីដែល​យើង​មាន​ឥឡូវនេះ​គឺជា​មូលដ្ឋានគ្រឹះ និង​ការចាប់ផ្តើម​នៃ​ដំណើរការ​ដឹកនាំ​ដោយ​អាស៊ាន។ ការមូល​មតិ​គ្នា ៥ ចំណុច​មិនមែន​ជា​កិច្ចព្រមព្រៀង​ចុងក្រោយ ឬ​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នោះទេ។ ដូច្នេះ​ការរិះគន់​នឹង​ខ្លឹមសារ​នោះ​គួរតែ​ស្នើ​ជា​គំនិត​ដែល​អាចដាក់​បញ្ចូល​ទៅក្នុង​ដំណើរការ​នាពេល​ខាងមុខ​សម្រាប់​ដោះស្រាយ​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា។

តែ​ទោះជា​យ៉ាងណា ប្រទេស​ចិន​បាន​ស្វាគមន៍ និង​សម្ដែង​នូវ​សុទិដ្ឋិនិយម​នៃ​កិច្ចប្រជុំ​របស់​អាស៊ាន​នេះ ហើយ​ហៅ​វា​ថា “ចំណុច​ចាប់ផ្ដើម​ដ៏ល្អ​មួយ​សម្រាប់​ភាគី​ទាំងអស់ ដើម្បី​លើកស្ទួយ​យន្តការ​អាស៊ាន​ប្រកប​ដោយ​បើកទូលាយ និង​មិន​ប្រកាន់​បក្ខពួក ដើម្បី​កាត់បន្ថយ​ស្ថានការណ៍​នៅក្នុង​ប្រទេសមួយ​នេះ។

គួរបញ្ជាក់​ផងដែរ​ថា ប្រទេស​មីយ៉ាន់ម៉ា​ត្រូវបាន​យោធា​ធ្វើ​រដ្ឋប្រហារ​កាលពី​ថ្ងៃទី១ កុម្ភៈ ដោយ​ចោទប្រកាន់​ថា មាន​ការកេងប្រវ័ញ្ច​សន្លឹកឆ្នោត និង​មាន​ការឃាត់ខ្លួន​មេដឹកនាំ​គណបក្ស​សម្ព័ន្ធជាតិ​ ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី​ អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ៕