កាល​ពី​ថ្ងៃ​សៅរ៍ ទី ២៧ កុម្ភៈ រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​បាន​ដក​ឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការ​សហប្រជាជាតិ​ចេញ​ពី​តំណែង ១ ថ្ងៃ ​បន្ទាប់​ពី​លោក​បាន​ធ្វើ​ការ​ថ្លែង​សុន្ទរកថា​ចំពោះ​មុខ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ប្រឆាំង​នឹង​ការ​ធ្វើ​រដ្ឋប្រហារ និង​អំពាវនាវ​រក​ជំនួយ​អន្តរជាតិ​ក្នុង​ការ​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ។

ក្នុង​សុន្ទរកថា​កាល​ពី​​ថ្ងៃ​សុក្រ​ ទី ២៦ សប្ដាហ៍​មុន ឯកអគ្គរដ្ឋទូត U Kyaw Moe Tun បាន​ប្រាប់​មហាសន្និបាត​ថា៖ «យើង​ជា​គណៈកម្មាធិការ​តំណាង​ឱ្យ CRPH [គណៈកម្មាធិការ​តំណាង​ឱ្យ​សភា] ស្នើ​ដល់​អង្គការ​សហ​ប្រជាជាតិ​ក្រុម​ប្រឹក្សា​សន្តិសុខ និង​សហគមន៍​អន្តរជាតិ ដែល​មាន​បំណង​ចង់​កសាង​សង្គម​ពិភព​លោក​ស៊ីវិល័យ​ប្រកប​ដោយ​សន្តិភាព​ឱ្យ​ប្រើ​មធ្យោបាយ​ណា​មួយ​ដែល​ចាំបាច់ ​ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​យោធា​មីយ៉ាន់ម៉ា និង​ដើម្បី​ផ្តល់​នូវ​សុវត្ថិភាព និង​សន្តិសុខ​សម្រាប់​ប្រជាជន​មីយ៉ាន់ម៉ា»។

លោក​បាន​បន្ត​ទៀត​ថា៖ «យើង​ត្រូវ​ការ​សកម្មភាព​ខ្លាំងក្លា​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ ​ដើម្បី​បញ្ចប់​រដ្ឋ​ប្រហារ​យោធា​បញ្ឈប់​ការ​គាបសង្កត់​ប្រជាជន​ស្លូត​ត្រង់​ប្រគល់​អំណាច​រដ្ឋ​ជូន​ប្រជាជន និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើង​វិញ»។

លោក Kyaw Moe Tun បាន​បញ្ចប់​សុន្ទរក​ថា​របស់​លោក​ដោយ​លើក​ម្រាមដៃ ៣ ដែល​ជា​និមិត្តសញ្ញា​ដក​ចេញ​ពី​ខ្សែ​ភាពយន្ត «The Hunger Games» និង​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​ថៃ។

CRPH គឺ​ជា​គណៈកម្មាធិការ​មួយ​ដែល​តំណាង​ឱ្យ​សមាជិកសភា​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សម្ព័ន្ធជាតិ ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់​លោកស្រី​ អ៊ុងសាន ស៊ូជី ដែល​សមាជិក​ភាគ​ច្រើន​ត្រូវ​បាន​យោធា​ចាប់​ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ នៅ​ថ្ងៃទី ១ កុម្ភៈ។ លោក Kyaw Moe Tun ត្រូវ​បាន​តែងតាំង​ក្រោម​រដ្ឋាភិបាល​ស៊ីវិល ហើយ​លោក​បាន​រួច​ពី​ការ​ចាប់​ខ្លួន និង​បាន​រក្សា​តំណែង​ដោយសារ​លោក​ស្ថិត​នៅ​ខាង​ក្រៅ​ប្រទេស​មីយ៉ាន់ម៉ា ​នៅ​ពេល​រដ្ឋប្រហារ​បាន​កើត​ឡើង។

ទូរទស្សន៍​រដ្ឋ​មីយ៉ាន់ម៉ា​បាន​ប្រកាស​ពី​ការ​បណ្ដេញ​លោក​ចេញ​ពី​តំណែង​ដោយ​និយាយ​ថា៖ «លោក​បាន​ក្បត់ជាតិ និង​បាន​និយាយ​សម្រាប់​អង្គការ​ក្រៅ​ផ្លូវ​ការ​មួយ​ដែល​មិន​តំណាង​ប្រទេស ហើយ​បាន​រំលោភ​អំណាច និង​ការ​ទទួល​ខុស​ត្រូវ​របស់​ឯកអគ្គ​រដ្ឋទូត»។

សុន្ទរកថា និង​ការ​បណ្ដេញ​ចេញ​នេះ​កើត​ឡើង ខណៈ​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​បន្ត​រៀបចំ​ការ​បាតុកម្ម​ជា​រៀងរាល់​ថ្ងៃ​ចាប់​តាំង​ពី​យោធា​បាន​ធ្វើ​រដ្ឋប្រហារ ហើយ​ឃុំ​ខ្លួន​លោកស្រី ​អ៊ុងសាន ស៊ូជី និង​សមាជិក​ដទៃ​ទៀត​នៃ​រដ្ឋាភិបាល​ស៊ីវិល​ក្រោម​ការ​អះអាង​ថា ការ​បោះឆ្នោត​កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០២០ គឺ​ពោរពេញ​ទៅ​ដោយ​ការ​ក្លែងបន្លំ។

យោធា​បាន​ចាប់​ផ្ដើម​បង្ក្រាប​ការ​តវ៉ា​ដោយ​ប្រើប្រាស់​កម្លាំង​ខ្លាំង​ជាង​មុន។ កាល​ពី​​ចុង​សប្ដាហ៍​មុន​កង​កម្លាំង​យោធា​បាន​បាញ់​គ្រាប់​កាំភ្លើង​ពិត​ទៅ​លើ​ក្រុម​បាតុករ​នៅ​ទីក្រុង Mandalay ធ្វើ​ឱ្យ​មនុស្ស ២ នាក់​ស្លាប់ និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​រងរបួស។

ការ​បង្កើន​កម្លាំង​របស់​យោធា​ក្នុង​បង្ក្រាប​ក្រុម​បាតុករ​បាន​ធ្វើ​ឱ្យ​មាន​ការ​​ថ្កោលទោស​ពី​អន្តរជាតិ​ដែល​រួមទាំង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោក Antony Blinken ដែល​បាន​ព្រមាន​នៅ​លើ​បណ្ដាញ​សង្គម Twitter កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា៖ «សហរដ្ឋ​អាមេរិក​នឹង​បន្ត​ចាត់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើហិង្សា​ប្រឆាំង​នឹង​ប្រជាជន​នៃ​ប្រទេស​ភូមា នៅ​ពេល​ពួកគេ​ទាមទារ​ការ​ស្ដារ​ឡើង​វិញ​នូវ​រដ្ឋាភិបាល​ដែល​បាន​ជ្រើសរើស​តាម​បែប​ប្រជាធិបតេយ្យ»។

កាល​ពី​ថ្ងៃ​ពុធ រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី លោកស្រី RetnoMarsudi និង​រដ្ឋមន្ត្រី​ការ​បរទេស​ថៃ​លោក Don Pramudwinai បាន​ជួប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​យោធា​មីយ៉ាន់ម៉ា​លោក U WunnaMaung Lwinនៅ​ទីក្រុង​បាងកក ដើម្បី​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិភាព​ចំពោះ​វិបត្តិ​នេះ។ លោកស្រី Retnoក៏​បាន​ជួប​ជាមួយ​សមាជិក​បក្ស NLD ដែល​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ ​ផងដែរ៕