ក្រុងយ៉ាំងហ្គោនៈ កាលពីថ្ងៃសៅរ៍ ប្រទេសមីយ៉ាន់ម៉ា បានបដិសេធការចោទប្រកាន់ពីបទ បាញ់ឆ្លងព្រំដែន ដែលធ្វើឲ្យមានភាពតានតឹង កើនឡើងជាមួយបង់ក្លាដែស នៅមុនកាលបរិច្ឆេទចាប់ផ្តើមធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិតចូលមកដល់ហើយនោះ។
ជម្លោះការទូតថ្មីៗនេះ បានកើតឡើងក្រោយពីមន្ត្រីឆ្មាំការពារព្រំដែនបង់ក្លាដែស ១ រូប បានថ្លែងថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាម្នាក់ ដែលមានអាយុ ១៥ ឆ្នាំ ត្រូវបានគេបាញ់នៅចំកែងដៃកាលពីថ្ងៃទី ៤ ខែ វិច្ឆិកាកន្លងទៅ ក្រោយពីគ្រាប់កាំភ្លើងជាច្រើនគ្រាប់ ត្រូវបានបាញ់ចេញពីប៉ុស្តិ៍សន្តិសុខ ១ ឆ្លងខ្សែបន្ទាត់ព្រំដែន។
បង់ក្លាដែស បានកោះហៅឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ដើម្បីធ្វើការតវ៉ា ប៉ុន្តែរដ្ឋាភិបាលរបស់លោកស្រីអ៊ុងសាន ស៊ូជី បាននិយាយថា ខ្លួនបានពិនិត្យមើលទៅលើការចោទប្រកាន់នោះ ហើយបដិសេធថា ករណីនេះ មិនធ្លាប់កើតឡើងនោះទេ។
ក្រសួងការបរទេស ដែលទទួលខុសត្រូវដោយលោកស្រីអ៊ុងសាន ស៊ូជី បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃសៅរ៍ថា៖ «ឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា បានទំនាក់ទំនងយ៉ាងទៀងទាត់ជាមួយឆ្មាំសន្តិសុខការពារព្រំដែនមីយ៉ាន់ម៉ា ដែលបានអះអាងថា គ្មានឧបទ្ទវហេតុបាញ់ណាមួយ កើតឡើងទេ»។
មីយ៉ាន់ម៉ានិយាយថា ខ្លួនត្រូវបានជាប់ពាក់ព័ន្ធនៅក្នុងការយាមល្បាត ចំពេលមាន ការចោទប្រកាន់ទៅនឹងឧបទ្ទវហេតុជាមួយកងកម្លាំងបង់ក្លាដែសនៅតាមដងទន្លេណាហ្វ (Naf) ដែលខណ្ឌចែក ប្រទេស ២ នេះ៕