ក្រុង​យ៉ាំងហ្គោន៖ ​យោធា​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា​ ​មន្ត្រី​យោធា​មីយ៉ាន់ម៉ា ​៣ ​នាក់​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ទោស​ដោយ​តុលាការ​យោធា​មួយ​ ដែល​បាន​ស៊ើប​អង្កេត​ទៅ​លើ​ការ​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​ប្រឆាំង​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​ នៅ​រដ្ឋ​រ៉ាក់​ឃីន ដែល​​ញាំញី​ដោយ​ជម្លោះ​នោះ​។​

វិធានការ​ដ៏​កម្រ​ប្រឆាំង​នឹង​សមាជិក​យោធា​​បាន​ធ្វើ​ឡើង​ ខណៈ​ប្រទេស​មីយ៉ាន់ម៉ា ​បាន​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជសាសន៍​ នៅ​ឯ​តុលាការ​កំពូល​របស់​អង្គការ​សហប្រជាជាតិ​ ជុំវិញ​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​មួយ​ប្រឆាំង​ជន​រ៉ូហ៊ីងយ៉ា​កាល​ពី​ឆ្នាំ ​២០១៧ ​កន្លង​ទៅ​។​

ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​ប្រហែល ​៧៥ ម៊ឺន​​នាក់​ បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​បង់ក្លាដែស​ ដោយ​បាន​និយាយ​រៀប​រាប់​អំពី​ឃាតកម្ម​ ការ​ចាប់​រំលោភ ​និង​ការ​ដុត​បំផ្លាញ​ផ្ទះ​សំបែង​​ ដែល​ត្រូវ​បាន​គេ​ដឹង​គ្រប់ៗ​គ្នា​នៅ​ទូទាំង​​ពិភព​លោក​។​

ក្រុម​សិទ្ធិ​មនុស្ស​បាន​ចោទ​ប្រកាន់​កងកម្លាំង​សន្តិសុខ​ពី​បទ​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​ប្រឆាំង​ជន​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ភូមិ​ជា​ច្រើន​ផ្សេងៗ​ទៀត​ នៅ​ក្នុង​នោះ​មាន​ភូមិ​ហ្គូដារយីន​ជា​ទី​ដែល​ពួក​គេ ​បាន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​មនុស្ស​​ ត្រូវ​បាន​គេ​រក​ឃើញ​ផ្នូរ​រាក់ៗ​យ៉ាង​តិច ​៥ ​កន្លែង​ ដែល​កប់​សាកសព​នៅ​ទីនោះ​។​

ដោយ​បាន​ប៉ាន់ស្មាន​ពី​ក្រុម​អ្នក​ដែល​នៅ​មាន​ជីវិត​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​ បាន​ដាក់​ចំនួន​អ្នក​ស្លាប់​រាប់​រយ​នាក់​។​

ក្រោយ​ពី​បាន​បដិសេធ​ដំបូង​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ​ យោធា​បាន​ឲ្យ​តុលាការ​សឹក​​​​​ចាប់​ផ្តើម​ដំណើរ​នីតិវិធី​​នៅ​ខែ​កញ្ញា ​ខាង​មុខ​នេះ​ ដោយ​បាន​ទទួល​ស្គាល់​ថា​ មាន​ភាព ​«ចុះ​ខ្សោយ​​ក្នុង​ការ​អនុវត្ត​បទ​បញ្ជា​នានា​» ​នៅ​ក្នុង​ភូមិ​នោះ​។​

ការិយាល័យ​របស់​អគ្គ​មេបញ្ជាការ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា​ តុលាការ​យោធា​បាន ​«​អះអាង​អំពី​ទោស​កំហុស​របស់​អ្នក​ប្រព្រឹត្ត​» ​ហើយ​បាន​កាត់​ទោស​មន្ត្រី​យោធា​ទាំង ​៣ ​រូប​នោះ​។​

មិនមាន​ព័ត៌មាន​លម្អិត​ត្រូវ​បាន​គេ​ផ្តល់​ឲ្យ​​អំពី​អ្នក​ប្រព្រឹត្ត​អំពើ​​ឧក្រិដ្ឋ​របស់​ពួក​គេ​ ឬ​ការ​កាត់​ទោស​នោះ​ទេ​។​

អង្គការ​លើកលែង​ទោស​អន្តរជាតិ ​(Amnesty International) ​បាន​ចាត់​ទុក​​តុលាការ​យោធា​ថា បាន ​«កាត់​ទោស​គ្មាន​តម្លាភាព​»​។​

លោកស្រី ​ម៉ីង​ យូ ​ហាហ៍​ ​អនុប្រធាន​ប្រចាំ​តំបន់​នៃ Am- nesty International បាន​ថ្លែង​ថា៖ «​ការ​កាត់​ទោស​បិទ​ទ្វារ​ ​គឺ​ខ្វះ​ឯករាជភាព»៕ AFP/SK