ក្រុង​កាប៊ុល៖ ​អនុ​ប្រធានាធិបតី​ប្រទេស​អាហ្វហ្គានីស្ថាន​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន​ បាន​សម្លាប់​មេ​ខ្លោង​លេខ ​២​ ដែល​បាន​វាយ​ប្រហារ​ទៅ​លើ​សាកល​វិទ្យាល័យ​ក្រុង​កាប៊ុល​យ៉ាង​បង្ហូរ​ឈាម​នៅ​ខែ​នេះ​ ដែល​បាន​បង្ក​ឱ្យ​មនុស្ស ​២២ ​នាក់​ស្លាប់​នោះ។​

លោក ​អាមរូលឡាហ៍​ សាឡេហ៍ ​បាន​ថ្លែង​ថា៖ ​«​មេខ្លោង​ទី​២» ​មិន​ស្គាល់​ឈ្មោះ​រូប​នោះ​ ត្រូវ​បាន​គេ​​សម្លាប់​នៅ​ក្នុង​ខេត្ត​ប៉ាក់ទៀ​ភាគ​ខាង​កើត​ និង​មេខ្លោង​លេខ ​៣ ​ដែល​ទទួល​បន្ទុក​ផ្នែក​ប្រតិបត្តិការ​ត្រូវ​បាន​គេ​ចាប់ខ្លួន​។​

ខ្មាន់​កាំង​ភ្លើង​ទាំង ​៣ ​នាក់​ បាន​វាយ​ប្រហារ​យ៉ាង​កំរោល​ចូល​ទៅ​ក្នុង​សាកល​វិទ្យាល័យ​ក្រុង​កាប៊ុល​ កាល​ពី​ថ្ងៃទី ​២ ​ខែ​វិច្ឆិកា​ ដោយ​បាន​បោក​គ្រាប់​បែក​ និង​បាញ់​កាំភ្លើង​ស្វ័យ​ប្រវត្តិ​នៅ​ពាស​ពេញ​បរិវេណ​សាកល​វិទ្យាល័យ​ អស់​រយៈ​ពេល​ជា​ច្រើន​ម៉ោង​។​

ការ​វាយ​ប្រហារ​នោះ​ត្រូវ​បាន​អះអាង​ដោយ​ក្រុម​រដ្ឋ​អ៊ិស្លាម​ ទោះបី​ជា​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​ បាន​ស្តី​បន្ទោស​ទៅ​លើ​ក្រុម​កងកម្លាំង​តាលីបង់​ក្តី​។​

ប្រទេស​អាហ្វហ្គានីស្ថាន​កំពុង​រក​មធ្យោបាយ​ដោះស្រាយ​ជាមួយ​ការ​កើន​ឡើង​នូវ​អំពើ​ហិង្សា​ ដែល​កាន់​តែ​អាក្រក់​ខ្លាំង​ឡើង​ ទោះបី​ជា​រដ្ឋាភិបាល​បាន​រៀបចំ​ឱ្យ​មាន​កិច្ច​ពិភាក្សា​សន្តិភាព​ជាមួយ​ក្រុម​តាលីបង់​ នៅ​ក្នុង​ប្រទេស​​កាតា ​ក្តី​។

កិច្ច​ពិភាក្សា​ទាំង​នោះ​បាន​ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​មួយ​ រវាង​ក្រុង​វ៉ាស៊ីនតោន​ និង​ក្រុម​អ៊ិស្លាម​ប្រកាន់​តឹង​ ដើម្បី​ដក​កង​កម្លាំង​យោធា​អាមេរិក​ទាំង​អស់ ​ចេញ​ពី​អ្វី​ដែល​បាន​ក្លាយ​ជា​សង្គ្រាម​យ៉ាងយូរ​បំផុត​របស់​ US នៅ​អាហ្វហ្គានីស្ថាន​​៕ AFP/SK