The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មេ​ដឹកនាំ​កូរ៉េ​​ខាង​ជើង​​ជឿ​ថា ​ជំនួប​ជាមួយ ​ពូទីន ​នឹង​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​

មេ​ដឹកនាំ​កូរ៉េ​​ខាង​ជើង​​ជឿ​ថា ​ជំនួប​ជាមួយ ​ពូទីន ​នឹង​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​

Content image - Phnom Penh Post
មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​ លោក គីម ជុងអ៊ុន (ឆ្វេង) លើក​កែវ​ស្រា​​ប្រសិទ្ធពរ​ជាមួយ​​លោក ​វ្ល៉ាឌីមៀរ ពូទីន ក្នុង​អំឡុង​ជំនួប​។ Yonhap

មេ​ដឹកនាំ​កូរ៉េ​​ខាង​ជើង​​ជឿ​ថា ​ជំនួប​ជាមួយ ​ពូទីន ​នឹង​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​

ក្រុង​សេអ៊ូលៈ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ក្រុង​ព្យុងយ៉ាង​ បាន​រាយការណ៍​ឲ្យ​ដឹង​ថា​ មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​ គីម​ ជុងអ៊ុន​ បាន​បង្ហាញ​ការ​ជឿជាក់​យ៉ាង​មុតមាំ​កាល​ពី​ថ្ងៃ​ពុធ​ថា​ កិច្ច​ព្រមព្រៀង​ដែល​លោក ​បាន​ធ្វើ​ឡើង​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​ វ៉្លាឌីមៀរ ពូ ទីន​ កាល​ពី​ខែ​មេសា​ នឹង​ទទួល​បាន ​«​លទ្ធផល​ជា​ផ្លែផ្កា​»​ និង​បន្ត​ពង្រឹង​​ទំនាក់ទំនង​ប្រពៃណី​ និង​​ជា​យុទ្ធសាស្ត្រ​​របស់​ពួក​គេ​បន្ថែម​ទៀត​។​

យោង​តាម​ទីភ្នាក់ងារ​មជ្ឈិម​កូរ៉េ​ខាង​ជើង​បាន​ឲ្យ​ដឹង​ថា ​ជា​ការ​ផ្ញើសារ​គួរ​ឲ្យ​កក់ក្តៅ​មួយ​ទៅ​កាន់​លោក ​ពូទីន ​នៅ​ក្នុង​ឱកាស​នៃ​បុណ្យ​ជាតិ​របស់​រុស្ស៊ី​ លោក ​គីម​ ជុងអ៊ុន ​បាន​ថ្លែង​ថា ​នេះ​​គឺ​ជា​ «​ការ​ទទួល​ខុស​ត្រូវ​រួម» របស់​ប្រទេស​ទាំង ​២​ ដើម្បី ​«​ផ្តល់​តម្លៃ​ដល់​​​ចំណង​មិត្តភាព​ជា​ច្រើន​សតវត្សរ៍​​​មក​ហើយ​នោះ​»។ ​

លោក​ គីម​ ជុងអ៊ុន ​ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ដោយ​និយាយ​ថា​៖ «​នេះ​ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​រួម​របស់​ពួក​យើង​ជា​យូរយារ​មក​ហើយ និង​ជា​ប្រវត្តិសាស្ត្រ​ ដើម្បី​ផ្តល់​តម្លៃ​​​​ដល់​ចំណង​​មិត្តភាព​​ជា​ច្រើន​សតវត្សរ៍​រវាង​ប្រទេស​ទាំង ​២​»​។​

លោក​បាន​ថ្លែង​​បន្ថែម​ថា៖ ​«​ខ្ញុំ​សូម​បង្ហាញ​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា ការ​យោគយល់​ និង​កិច្ច​ព្រមព្រៀង​រួម​​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ជំនួប​ដ៏​សំខាន់​លើក​ដំបូង ​នឹង​លេច​​ចេញ​ផ្លែផ្កា​យ៉ាង​សម្បូរ​បែប ​ហើយ​ជា​លទ្ធផល​​​ចំណង​ទំនាក់​ទំនង​ និង​មិត្តភាព​ជា​ប្រពៃណី ​និង​ជា​យុទ្ធសាស្ត្រ​ DPRK-រុស្ស៊ី​នេះ ​មេ​ដឹកនាំ​ទាំង ​២ ​នឹង​ធ្វើ​ឲ្យ​មាន​ការ​រីក​ចម្រើន​ថែម​ទៀត»។ ​​

DPRK តំណាង​ឲ្យ​ឈ្មោះ​ផ្លូវ​ការ​របស់​កូរ៉េ​ខាង​ជើង ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​។

លោក ​គីម​ ជុងអ៊ុន និង​លោក ​ពូទីន ​បាន​ជួប​គ្នា​កាល​ពី​ចុង​ខែ​មេសា​នៅ​ក្នុង​ក្រុង ​Vladivostok​នៃ​ព្រំដែន​រុស្ស៊ី​សម្រាប់​ជំនួប​លោក​ដំបូង​មិន​ធ្លាប់​មាន​ពី​មុន​មក​​នោះ​៕ Yonhap/SK

អត្ថបទគួរចាប់អារម្មណ៍