ក្រុងសេអ៊ូលៈ មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន​បាន​ថ្លែងថា លោក​នឹង​ឈប់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​នៅ​ក្នុង​ការ​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍ ដែល​ត្រូវ​បាន​ប្រធានា​ធិបតី​អាមេរិក​លោក ដូណាល់ត្រាំ ស្វាគមន៍ មុន​ពេល​កិច្ច​ប្រជុំ​រវាង​ថ្នាក់​ដឹកនាំ​ទាំង ២ នា​ពេល​អនាគត​ឆាប់ៗ​ខាង​មុខ​នេះ។

ការប្រកាស​របស់​ក្រុង​ព្យុងយ៉ាង ដែល​ត្រូវបាន​ទន្ទឹងរង់ចាំ​ដោយ​អាមេរិក​អស់​រយៈពេល​ដ៏​យូរ​នោះ នឹង​ក្លាយ​ទៅ​ជា​ជំហាន​ដ៏​សំខាន់​នៅ​ក្នុង​ជំហរ​ការទូត​នៅ​ឧបទ្វីប​កូរ៉េ។

ការប្រកាស​នោះ បានកើត​ឡើង​មិន​ដល់​ជាង​មួយ​សប្ដាហ៍​មុនពេល​មេដឹកនាំ​កូរ៉េខាងជើង​ជួប​ជាមួយ​នឹង​ប្រធានា​ធិបតី​កូរ៉េខាងត្បូង​លោក​ម៉ូន ជេអ៊ីន​សម្រាប់​កិច្ចប្រជុំ​ដែល​រៀបចំ​ឡើង​នៅ​ឯ​តំបន់​គ្មាន​កងទ័ព​ដែល​ពុះ​ចែក​ឧបទ្វីប​ជា ២ មុន​ពេល​ជំនួប​ជាមួយ​នឹង​លោក​ដូណាល់ត្រាំ។

ប៉ុន្តែ​លោក​គីម ជុង​អ៊ុន មិនបាន​បញ្ចេញ​សញ្ញាណ​អ្វីដែល​បញ្ជាក់ថា ក្រុង​ព្យុងយ៉ាង​នឹង​បោះបង់​អាវុធ​នុយក្លេអ៊ែរ ឬ​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប​ដែល​អាច​បាញ់​ដល់​អាមេរិក​របស់​ខ្លួន​នោះ​ទេ។

ប្រជាជន​មើលព័ត៌មាន​តាមទូរទស្សន៏ដែលបង្ហាញ​រូបភាពវីដេអូ​នៃ​ការបាញ់​​មីស៊ីលរបស់​កូរ៉េខាងជើង​។ AFP

លោក​គីម ជុង​អ៊ុន បាន​ថ្លែងថា កូរ៉េខាងជើង បាន ធ្វើការ​អភិវឌ្ឍ​បច្ចេកវិទ្យា​មីស៊ីល​បាលីស្ទិក​អន្តរទ្វីប និង​បច្ចេកវិទ្យា​ក្នុងការ​បំ​ព្រួញ​ក្បាល​គ្រាប់​មីស៊ីល​ឲ្យ​តូច​ល្មម​សម្រាប់​បំពាក់​លើ​មីស៊ីល​របស់ ខ្លួន​ដោយ​ជោគ​ជ័យ។ ដូច្នេះ កូរ៉េខាងជើង មិន​ឃើញ​ពី​សារៈ​សំខាន់​នៃ​ការ​ធ្វើ​តេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ការ​បាញ់​សាកល្បង​នៃ​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម និង​មីស៊ីល​បាលី​ស្ទិក​អន្តរទ្វីប​នោះ​ទេ។

បើតាម​ភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ KCNA របស់​កូរ៉េខាងជើង លោក​បាន​ថ្លែងប្រាប់​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស​ពល​ដែល​ជា​បក្ស​កាន់​អំណាច ខណៈ​កន្លែង ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង លែង​ត្រូវការ​ទៀត​នោះ។

គណបក្ស​នេះ បានសម្រេច​ថា ការធ្វើ​តេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​បាលី​ស្ទិក​អន្តរទ្វីប នឹង​ត្រូវ​ផ្អាក​នៅ​ថ្ងៃ​សៅរ៍​នេះ។

គេ​បាន​សង្កេតឃើញថា កូរ៉េខាងជើង​មិនបាន​ធ្វើតេស្ត​សាកល្បង​អ្វី​ឡើយ ចាប់​តាំង​ពី​ខែ​វិច្ឆិកា​មក ហើយ​ទីកន្លែង​សម្រាប់​ការបាញ់​តេស្ត​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង មីស៊ីល​នាពេល​កន្លង​ទៅ​នោះ ក៏​នឹង​ត្រូវ​រុះរើ ដើម្បី​ធានា​ឲ្យ​ច្បាស់​អំពី​ការ​ផ្អាក​ការ​សាកល្បង​នោះ​ដែរ៕