ក្រុង​សេ​អ៊ូ​លៈ មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន បាន​ថ្លែង​កាលពី​ថ្ងៃ​ពុធ បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​លោក​ប្រធានា​ធិបតី​កូរ៉េខាងត្បូង​មូន ជេអ៊ីន នៅ​ក្រុង​ព្យុងយ៉ាង ថា​លោក​នឹង​ធ្វើ​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៅ​កាន់​ក្រុង​សេអ៊ូល «នៅ​ក្នុង​ពេល​ខាង​មុខ​ឆាប់ៗ​នេះ»។

លោក​មូ​ន ដែល​បានធ្វើដំណើរ​ទៅកាន់​កូរ៉េខាងជើង​ដើម្បី​ផ្ដល់​សម្ទុះ​ថ្មី​ដល់​កិច្ចខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ ដែល​បាន​ជាប់​គាំង​នោះ បាន​ថ្លែង​ថា​ទស្សនកិច្ច​អាច​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​ឆ្នាំ​នេះ​លុះត្រា​តែ​មាន​កាលៈ​ទេសៈ​ពិសេស​អ្វីមួយ​កើត​ឡើង។

លោក​មូ​ន បាន​បន្ថែមថា កូរ៉េខាងជើង បាន​យល់ព្រម​បញ្ឈប់​ការធ្វើ​តេស្ត​នៃ​ម៉ាស៊ីន​គ្រាប់​មី​ស៊ី​ល និង​ស្ថានីយ​បាញ់​បង្ហោះ​មីស៊ីល Tongchangri ជា​អចិន្រៃ្តយ៍​ជាមួយ​នឹង​ការ​ចូលរួម​ពី​សំណាក់​ក្រុម​អ្នក​ជំនាញ​ពី​បណ្ដា​ប្រទេស​ដែល មាន​ការ​ពាក់​ព័ន្ធ។

កូរ៉េខាងជើង​បានធ្វើ​តេស្ត​មី​ស៊ី​ល​ជាច្រើន​ដង​នៅ​ស្ថានីយ​ទាំងនោះ បើទោះបីជា​កម្មវិធី​មី​ស៊ី​ល​បាលី​ស្ទិក​អន្តរ​ទ្វីប ត្រូវ​បាន​ហាមឃាត់​ដោយ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហ​ប្រជាជាតិ​ប៉ុន្តែ​កូរ៉េខាងជើង បាន​ធ្វើ​តេស្ត​សាក​ល្បង​មីស៊ីល​របស់​ខ្លួន​នៅ​កន្លែង​ផ្សេងៗ​ទៀត ដែល​រួមទាំង​ព្រលាន​យន្តហោះ​នៃ​ក្រុង​ព្យុងយ៉ាង​ផង​ដែរ។

រូបភាព​ផ្កាយរណប​នៅក្នុង​ខែសីហា ឆ្នាំ ២០១៨ នេះ បាន​ឲ្យ​ដឹងថា កម្មករ​បាន​កំពុង​តែ​ធ្វើការ​រុះរើ​ម៉ាស៊ីន​នៃ​ស្ថានីយ​សាកល្បង ដែល​នេះ​វា​ស៊ីគ្នា​ជាមួយ​នឹង​កិច្ចសន្យា​ដែល​បាន ធ្វើ​ជាមួយ​នឹង​ប្រធានា​ធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ នៅ ឯ​ជំនួប​នៅ​ប្រទេស​សិង្ហបុរី។

លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​ថ្លែងថា កូរ៉េខាងជើង​អាច​បិទ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​ខ្លួន បើ​ក្រុង​វ៉ាស៊ីនតោន «មាន​វិធាន​ការ​ឆ្លើយ​តប» ណាមួយ៕