ក្រុងការ៉ាកាសៈ មេដឹកនាំគណបក្សវ៉េណេស៊ុយអេឡាលោក Juan Guaido កាលពី ថ្ងៃសៅរ៍ បានថ្លែងថា លោកបានប្រមូលអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ ដើម្បីជួយនាំយកជំនួយអាមេរិកចូលក្នុងប្រទេសនេះនៅក្នុងសប្តាហ៍នេះ ខណៈលោក ប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បានប្តេជ្ញាពង្រឹងសន្តិសុខព្រំដែន និងរាំងខ្ទប់អ្វី ដែលលោកថា ជាការឈ្លានពានរបស់អាមេរិកនោះ។
ប៉ុន្តែថ្វីបើវិបត្តិនយោបាយដែលរុញឲ្យលោក Guaido ប្រឆាំងនឹងលោក ម៉ាឌូរ៉ូ បន្តធ្លាក់ចូលកាន់តែជ្រៅក្តី ក្រុង ការ៉ាកាស បានបញ្ជាក់ពីការចរចាជាសម្ងាត់ជាមួយប្រេសិតពិសេសនៃរដ្ឋការរបស់លោក ត្រាំ ដែលមានបំណងបន្ធូរបន្ថយវិបត្តិនេះ។
លោក Guaido និងលោក ម៉ាឌូរ៉ូ បានធ្វើសង្រ្គាមពាក្យសម្តីជាមួយគ្នាជុំវិញជំនួយរបស់អាមេរិកដែលបានមកដល់ព្រំដែនក្រុង Cucuta នៃប្រទេស កូឡុំប៊ី។ កាលពីថ្ងៃសៅរ៍ យន្តហោះដឹកទំនិញ C-17 ពីរគ្រឿងរបស់យោធាអាមេរិក បានដឹកជំនួយស្បៀងអាហាររាប់សិបតោន ដែលអមដំណើរដោយគណៈប្រតិភូជំនួយអាមេរិក។
នៅពេលជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា Jorge Arreaza បានអះអាងថា បានរៀបចំជំនួយ ២ ជាសម្ងាត់ជាមួយប្រេសិតពិសេសអាមេរិក ជាទីប្រឹក្សាដ៏យូររបស់ប្រធានាធិបតីជាច្រើនរូបនៃគណបក្សសាធារណរដ្ឋគឺ លោក Elliott Abrams។
នៅក្នុងក្រុងការ៉ាកាសលោក Guaido ដែលបានប្រកាសខ្លួនឯងជាប្រធានាធិបតីបណ្តោះអាសន្ននោះ នាពេលបច្ចុប្បន្ននេះនិងត្រូវបានទទួលស្គាល់ដោយប្រទេសជាង ៥០ នោះ បានថ្លែងប្រាប់ជំនួបការជួបជុំទ្រង់ទ្រាយធំមួយថា មនុស្ស ៦០ ម៊ឺននាក់បានចុះឈ្មោះដើម្បីជួយនាំជំនួយដែលត្រូវការយ៉ាងខ្លាំងនោះចូលមកតាមច្រកព្រំដែន។
លោកប្រធានសភារូបនេះបានថ្លែងប្រាប់ក្រុមអ្នកគាំទ្រភាគច្រើនពាក់អាវយឺត និងមួកដែលមានពណ៌ទង់ជាតិវ៉េណេស៊ុយអេឡាថា ក្រុមអ្នកស្ម័គ្រចិត្តទាំងនោះនឹងត្រូវបានដាក់ពង្រាយនៅក្នុងក្រុងនានានៃប្រទេសនេះ ជាទីដែលនឹងមានបាតុកម្មនៅថ្ងៃទី ២៣ ខែកុម្ភៈដើម្បីឲ្យជំនួយចូលមកនោះ។
ជាការបន្ថែមទៅលើជំនួយដែលមកដល់ប្រទេស កូឡុំប៊ី នោះ លោក Guaido បានថ្លែងថា ជំនួយបន្ថែមទៀតនឹងមកដល់តាមរយៈប្រទេស ប្រេស៊ីល និងកោះ Curacao នៃសមុទ្រការីប៊ីន។
ការដឹកជញ្ជូនរបស់អាមេរិកកាលពីថ្ងៃសៅរ៍ត្រូវអមការពារដោយគណៈប្រតិភូមួយក្រុមដឹកនាំដោយលោក Mark Green ប្រធាននៃទីភ្នាក់ងារ USAID។ ជំនួយទាំងនោះ ត្រូវបានប្រមូលផ្តុំទុកក្នុងឃ្លាំងមួយនៅក្បែរស្ពានអន្តរជាតិ Tienditas ពំ្រដែនកូឡុំប៊ី៕ AFP/PSA