ក្រុងការ៉ាកាសៈ ​មេ​ដឹកនាំ​បក្ស​ប្រឆាំង​ប្រទេស ​វ៉េណេស៊ុយអេឡា​ កាល​ពី​ថ្ងៃ​សៅរ៍ ​បាន​ទាត់​ចោល ​«​កិច្ច​ចរចា​​មិន​ស្មោះ​ត្រង់​» ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​ក្នុង​​ប្រទេស​នេះ​ ខណៈ​ប្រទេស ​ន័រវែស​ បាន​ប្រកាស​ថា​ ខ្លួន​នឹង​រៀបចំ​កិច្ច​​ចរចា​មួយ​ជុំ​​​ទៀត​រវាង​ក្រុម​អ្នក​តំណាង​របស់​គណបក្ស​ប្រឆាំង​ ​និង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ នីកូឡាស​ ម៉ាឌូរ៉ូ​។​

រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស ​ស្កង់ឌីណាវី ​គឺ​លោក Ine Eriksen Soreid ​បាន​ថ្លែង​ថា​ ភាគី​ទាំង ​២​ ​នឹង​ត្រឡប់​ទៅ​កាន់​ក្រុង​អូស្លូ​នៅ​សប្តាហ៍​ក្រោយ​នេះ​ «ដើម្បី​បន្ត​ដំណើរការ​​ចរចា​មួយ​ដែល​បាន​សម្រប​សម្រួល​ដោយ​ប្រទេស ​ន័រវែស​»​។​

ការ​ដឹកនាំ​សម្រុះ​សម្រួល​នោះ​ បាន​កើត​ឡើង ​ក្រោយ​ពី​មាន​ការ​តស៊ូ​ដណ្តើម​អំណាច​គ្នា​អស់​រយៈពេល​ជា​ច្រើន​ខែ ​រវាង​មេ​ដឹកនាំ​ប្រធាន​សភា ​លោក​ Juan Guaido ​និង​ប្រធានាធិបតី​សង្គម​និយម​លោក​ នីកូឡាស​ ម៉ាឌូរ៉ូ​ ពេល​ខ្លះ​​មាន​ការ​ប៉ះ​ទង្គិច​រវាង​ក្រុម អ្នក​តវ៉ា និង​ប៉ូលិស​​នៅ​តាម​ផ្លូវ​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់។​

អ្នក​គាំទ្រ​​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​កាន់​រូប​ថត​របស់​អតីត​ប្រធានាធិបតី ហ៊ូហ្គោ​ ឆាវេស នៅ​ក្នុង​អំឡុង​ការ​ជួបជុំ​។

លោក​ Guaido ​គាំទ្រ​ដោយ​អាមេរិក​ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​រាប់​សិប​ប្រទេស​ទៀត​ថា ជា​ប្រធានាធិបតី​បណ្ដោះ​អាសន្ន​ ក្រោយ​ពី​ការ​ចាត់​ទុក លោក​ ប្រធានាធិបតី​ ម៉ាឌូរ៉ូ​ ថា​«​ខុស​ច្បាប់​»​ បន្ទាប់​ពី​​លោក​ជាប់​ឆ្នោត​ជា​ថ្មី​​ កាល​ពី​ឆ្នាំ​ ២០១៨​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជា​ទូទៅ​ដែល​​​ត្រូវ​​បាន​គេ​ចាត់​ទុក​ថា​ មាន​ការ​លួច​បន្លំ​​។​

លោក​ ម៉ាឌូរ៉ូ​ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ ពី​សហគមន៍​អន្តរជាតិ​ជុំវិញ​ការ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស ​វ៉េណេស៊ុយអេឡា​ ធ្លាក់​ចុះ​ ដែល​បាន​នាំ​ឲ្យ​មាន​ការ​ខ្វះខាត​ស្បៀង​អាហារ​ជា​មូលដ្ឋាន​ ដោយ​បង្ខំ​ឲ្យ​ប្រជាជន​រាប់​លាន​នាក់ ​រត់​ភៀស​ខ្លួន​ និង​ធ្វើ​ការ​បង្ក្រាប​យ៉ាង​សាហាវ​ផង​ដែរ​។​

លោក ​ម៉ាឌូរ៉ូ​ ត្រូវ​បាន​គាំទ្រ​ដោយ​ប្រទេស​ធំៗ​មួយ​ចំនួន​​ដូច​ជា ប្រទេស ​រុស្ស៊ី​ ចិន​ គុយបា​ និង​ក្រុម​យោធា​ដ៏​មាន​អំណាច​ផង​ដែរ​។​

លោក​ Guaido ​បាន​ប្រាប់ ក្រុម​អ្នក​កាសែត​នៅ​ក្រុង​ការ៉ាកាស​ ជា​សារព័ត៌មាន​រដ្ឋ ​Lara ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​៖ «​គ្មាន​នរណា​ម្នាក់​ នឹង​ធ្វើ​ឲ្យ​យើង​នៅ​ទី​នេះ​ យល់​ច្រឡំ​អំពី​ការ​ចរចា​មិន​ស្មោះ​ត្រង់​នេះ​ទេ​»​ ដោយ​លោក​មិន​បាន​ធ្វើ​សុន្ទរក​ថា​ អំពី​សេចក្តី​ប្រកាស​ដោយ​ត្រង់ៗ​របស់​ប្រទេស ​ន័រវែស ​នោះ​ឡើយ។​

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ លោក Juan Guaido (កណ្តាល​) ថ្លែង​នៅ​ក្នុង​អំឡុង​សន្និសីទ​កាសែត​។ AFP

លោក​បាន​ប្រយ័ត្ន​ប្រយែង​អំពី​កិច្ច​ពិភាក្សា​ទាំង​នោះ​ ចាប់​តាំង​ពី​ពួក​គេ​មិន​មាន​​ប្រជាប្រិយភាព​ជាមួយ​បក្ស​ប្រឆាំង​ជា​មូលដ្ឋាន​ដែល​បាន​ចំណាយ​ពេល​អស់​ជា​ច្រើន​ខែ​នៅ​តាម​ដង​ផ្លូវ​នានា ​ដែល​បាន​ព្យាយាម​ជំរុញ​ឲ្យ​លោក ​ម៉ាឌូរ៉ូ​ ចុះ​ចេញ​ពី​អំណាច​នោះ​។​

លោក​ Guaido ​បាន​ថ្លែង​ថា ​មិន​មាន ​«​ការ​ចរចា​» ​នៅ​ក្នុង​កិច្ច​ពិភាក្សា​នៅ​ប្រទេស ​ន័រវែស ​នោះ​ទេ ​ខណៈ​កិច្ច​ព្រមព្រៀង​ណា​មួយ ​គួរ​ដាក់​បញ្ចូល​ឲ្យ​មាន​ការ​សម្រុះ​សម្រួល​ដល់​ការ​ចេញ​ដំណើរ​របស់​លោក ​ម៉ាឌូរ៉ូ ​និង​ការ​បោះ​ឆ្នោត​ថ្មី ​ត្រូវ​រៀបចំ​ធ្វើ​ឡើង​វិញ​។​

លោក​ Guaido ​​ថា៖ «​យើង​នឹង​នៅ​តែ​ទទូច​ឲ្យ ​ម៉ាឌូរ៉ូ ​ចុះ​ចេញ​ពី​តំណែង​»​៕ AFP/SK