កាលពីថ្ងៃអង្គារ ទី ៩ មីនា រដ្ឋាភិបាលសហរដ្ឋអាមេរិក និងឥណ្ឌាប្រកាសថា មេដឹកនាំអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលីនឹងជួបគ្នាតាមវីដេអូនៅថ្ងៃសុក្រ ខាងមុខនេះ ដែលជាកិច្ចពិភាក្សាលើកដំបូងរវាងប្រមុខរដ្ឋនៃក្រុមប្រទេស «Quad» ខណៈភាពតានតឹងរវាងប្រទេសទាំង ៤ ជាមួយចិនកំពុងតែកើនឡើង។
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រកាសថា៖ «ថ្នាក់ដឹកនាំនឹងពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់ និងពិភពលោកដែលជាចំណាប់អារម្មណ៍រួម ហើយធ្វើការផ្លាស់ប្ដូរយោបល់គ្នាលើផ្នែកជាក់ស្ដែងនៃកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហ»។
សេតវិមាននិយាយថា ប្រធានបទដែលនឹងត្រូវពិភាក្សារួមមានវិបត្តិកូវីដ ១៩ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិបត្តិការប្រែប្រួលអាកាសធាតុ។ អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយថា៖ «ការធ្វើរបស់លោកប្រធានាធិបតី Joe Biden ឱ្យកិច្ចប្រជុំនេះ ក្លាយជាការចូលរួមពហុភាគីដំបូងបំផុតរបស់លោក បង្ហាញអំពីសារៈសំខាន់ដែលយើងដាក់ទៅលើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើងនៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក»។
ក្រៅពីនេះ ប្រភពជាមន្ត្រីរដ្ឋបាល Biden ជាន់ខ្ពស់មួយរូបបានប្រាប់សារព័ត៌មាន Reuter ថា ប្រទេសទាំង ៤ គ្រោងនឹងប្រកាសកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់ការពង្រីកសមត្ថភាពផលិតវ៉ាក់សាំងកូវីដ ១៩ ក្នុងប្រទេសឥណ្ឌា។
កិច្ចព្រមព្រៀងហិរញ្ញប្បទាននេះនឹងផ្តោតជាពិសេសទៅលើក្រុមហ៊ុន និងស្ថាប័ននានាក្នុងប្រទេសឥណ្ឌា ដែលផលិតវ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុនឱសថអាមេរិក Novavax និង Johnson &Johnson។
ប្រទេសឥណ្ឌា បានជំរុញឱ្យសមាជិក Quad ផ្សេងទៀតវិនិយោគលើសមត្ថភាពផលិតវ៉ាក់សាំងរបស់ខ្លួនក្នុងគោលបំណងប្រកួតប្រជែងនឹង «ការទូតវ៉ាក់សាំង» របស់ប្រទេសចិន។
«Quad» ឬកិច្ចសន្ទនាសន្តិសុខចតុភាគី គឺជាវេទិកាយុទ្ធសាស្ត្រក្រៅផ្លូវការរបស់ប្រទេសទាំង ៤ សម្រាប់ប្រទេសទាំង ៤ ដែលត្រូវបានបង្កើតតាំងពីឆ្នាំ ២០០៧។ តាមរយៈវេទិកានេះប្រទេសទាំង ៤ បានបើកកិច្ចប្រជុំកំពូលជារឿយៗ និងធ្វើការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក។
តែមកដល់ពេលនេះ កិច្ចប្រជុំកំពូល គឺធ្វើឡើងត្រឹមថ្នាក់រដ្ឋមន្ត្រីការបរទេស ដោយមេដឹកនាំប្រទេសទាំង ៤ នេះ មិនដែលបានជួបគ្នាក្នុងពេលតែមួយទេ។ កិច្ចប្រជុំខាងមុខនេះ នឹងមានការចូលរួមពីលោក Biden លោក Modi នាយករដ្ឋមន្ត្រីជប៉ុនលោក Yoshihide Suga និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison។
បើទោះបីមិនមែនជាសម្ព័ន្ធមិត្តយោធាផ្លូវការដូចអង្គការណាតូ (NATO) តែ«Quad» ត្រូវគេមើលឃើញថា អាចប្រឈមនឹងឥទ្ធិពល និងមហិច្ឆតាកំពុងកើនឡើងរបស់ចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ «Quad» ត្រូវបានអ្នកវិភាគមួយចំនួនដាក់ងារថា «Asian NATO» ឬអង្គការណាតូអាស៊ី ដោយលើកឡើងថា Quad អាចនឹងរក្សាតុល្យភាពជាមួយចិនបាន ហើយមានសក្ដានុពលក្នុងការឡោមព័ទ្ធប្រទេសចិន បើសិនវេទិកាយុទ្ធស្រាស្តក្លាយនេះជាសម្ព័ន្ធភាពយោធាផ្លូវការមួយ។
ប្រទេសទាំង ៤ មានទំនាក់ទំនងយ៉ាងច្របូកច្របល់ជាមួយចិន ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
កាលពីខែមិថុនា ឆ្នាំមុន កងទ័ពឥណ្ឌា និងចិន បានប៉ះទង្គិចគ្នានៅតាមបណ្ដោយបន្ទាត់គ្រប់គ្រងជាក់ស្តែង (LAC) ដែលជាតំបន់ព្រំដែនមានជម្លោះនៅជួរភ្នំហិមាល័យ បណ្ដាលឱ្យទាហានទាំងសងខាងស្លាប់ បន្ទាប់ពីការប្រយុទ្ធគ្នាដោយដៃ ដំបង និងខែល។ ក្រៅពីនេះ ចំណុចក្ដៅរវាងក្រុងប៉េកាំង និងក្រុងញូវដេលី រួមមានជម្លោះពាណិជ្ជកម្ម និងបច្ចេកវិទ្យាផងដែរ។
ប្រទេសជប៉ុន និងចិន នៅតែមានភាពតានតឹងជុំវិញប្រជុំកោះមានជម្លោះសេនកាគូ ឬតាវយូ។ ក្រុងប៉េកាំង បានបង្កើនវត្តមានរបស់នាវាឆ្មាំសមុទ្ររបស់ខ្លួននៅជិតប្រជុំកោះសមុទ្រចិនខាងកើតមួយនេះដែលគ្មានមនុស្សរស់នៅលើ។ រដ្ឋាភិបាលជប៉ុនក៏បានបង្ហាញការព្រួយបារម្ភចំពោះច្បាប់ចិនថ្មី ដែលអនុញ្ញាតឱ្យនាវាឆ្មាំសមុទ្រធ្វើការបាញ់ប្រហារទៅលើនាវាបរទេស។
ទំនាក់ទំនងរវាងចិន និងអូស្ត្រាលីបានធ្លាក់ចុះ បន្ទាប់ពីចិនដាក់កម្រិតលើការនាំចូលផលិតផលអូស្ត្រាលីដូចជាធ្យូងថ្ម ស្រាទំពាំងបាយជូរ សាច់គោ និងស្រូវសាលីជាដើម ខណៈពេលដែលអូស្ត្រាលីបានទាមទារឱ្យមានការបើកការស៊ើបអង្កេតរកប្រភពជំងឺកូវីដ ១៩ នៅចិន។
ទន្ទឹមនឹងនេះដែរ សហរដ្ឋអាមេរិកបានបង្កើនចំនួនបេសកកម្មកងទ័ពជើងទឹក និងអាកាសរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង និងច្រានចោលការកាន់កាប់របស់ចិនលើផ្លូវទឹកដ៏ធំនេះ។ អាមេរិកក៏បានបង្កើនការគាំទ្រចំពោះកោះតៃវ៉ាន់ ដែលចិនចាត់ទុកថា ជាដែនដីអធិបតេយ្យរបស់ខ្លួន។
កិច្ចសហប្រតិបត្តិការយោធានៅក្នុង «Quad» បានកំពុងកើនឡើងក្នុងឆ្នាំកន្លងមកតាមរយៈកិច្ចព្រមព្រៀងទ្វេភាគីរវាងដៃគូ Quad និងការធ្វើសមយុទ្ធយោធារួមគ្នា។
កាលពីខែវិច្ឆិកា ឆ្នាំមុនប្រទេសអូស្ត្រាលី បានចូលរួមសមយុទ្ធប្រចាំឆ្នាំ Malabar ជាមួយសហរដ្ឋអាមេរិកជប៉ុន និងឥណ្ឌា។ សមយុទ្ធនេះ បានរីកចម្រើនទាំងទំហំ និងភាពស្មុគស្មាញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីដោះស្រាយនូវអ្វីដែលកងទ័ពជើងទឹកអាមេរិកបានពិពណ៌នាពីមុនថា ជា «ការគំរាមកំហែងផ្សេងៗគ្នាចំពោះសន្តិសុខដែនសមុទ្រនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»។ ការចូលរួមរបស់អូស្ត្រាលីមានន័យថា សមាជិកទាំង ៤ នៃ Quad បានចូលរួមនៅក្នុងសមយុទ្ធរួមគ្នាលើកដំបូងចាប់តាំងពីការបង្កើតវេទិកានៅឆ្នាំ ២០០៧។
ការប្រមូលផ្ដុំប្រទេសទាំង ៤ នេះ ត្រូវបានទីក្រុងប៉េកាំងរិះគន់ថា ជាការបង្កើតប្លុក ដើម្បីប្រឆាំងចិន។ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi បានអំពាវនាវឱ្យមាន «ពហុភាគីនិយមពិតប្រាកដ» ហើយបានជំទាស់នឹងការបង្កើតក្រុមផ្ដាច់មុខ ឬ «ពហុភាគីនិយមរើសអើង»៕