
អ្នកដំណើរម្នាក់ត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩នៅមុនពេលឡើងជិះយន្តហោះនៅព្រលានយន្តហោះអន្តរជាតិ Juanda ក្នុងទីក្រុង Sidoarjo កាលពីថ្ងៃទី ២២ ធ្នូ ឆ្នាំ ២០២០។ AFP
មេធាវីឥណ្ឌូនេស៊ី ២ នាក់គ្រោងនឹងប្តឹងក្រុមហ៊ុនឱសថដែលគ្រប់គ្រងដោយរដ្ឋ បន្ទាប់ពីត្រូវបានគេរកឃើញថា បានប្រើសំឡីត្បារច្រមុះ ដើម្បីតេស្តរកមេរោគកូវីដ១៩ ឡើងវិញលើមនុស្សរាប់ពាន់នាក់។
កាលពីសប្តាហ៍មុនប៉ូលិសបានចាប់ខ្លួនអ្នកធ្វើការក្នុងក្រុមហ៊ុនឱសថ Kimia Farma ចំនួន ៥ នាក់ រួមទាំងអ្នកគ្រប់គ្រងអាជីវកម្មម្នាក់នៅទីក្រុង Medan នៃខេត្តស៊ូម៉ាត្រាខាងជើង ត្រូវបានគេចោទប្រកាន់ពីបទលាង និងខ្ចប់ឧបករណ៍តេស្តមេរោគកូវីដ១៩ ឡើងវិញ និងបញ្ជូនឧបករណ៍ទាំងនោះទៅអាកាសយានដ្ឋានអន្តរជាតិគូឡាម៉ាមួ (Kualanamu) ដើម្បីតេស្តលើអ្នកដំណើរ។
មេធាវីម្នាក់ក្នុងចំណោមមេធាវីទាំង ២ រូប បានឱ្យដឹងថា៖ «វាជាបទពិសោធអាក្រក់ណាស់ និងគួរឱ្យសង្ស័យ ពីព្រោះពួកគេបានធ្វើតេស្តលើពួកយើង ដោយទទូចសុំត្បារច្រមុះខ្ញុំជាច្រើនដង បើទោះជាខ្ញុំបាននិយាយថា នីតិវិធី ដែលគេកំពុងធ្វើនេះមិនបានអនុវត្តទៅតាមវិជ្ជាជីវៈទេ»។
លោកបានបន្តថា៖ «ឥឡូវនេះដោយមានបទពិសោធនៅកន្លែងធ្វើតេស្តផ្ទាល់ខ្ញុំសង្ស័យថា មូលហេតុដែលគេត្រូវត្បារច្រមុះខ្ញុំច្រើនដង និងរុកជ្រៅខ្លាំងគឺដោយសារតែពួកគេកំពុងប្រើសំឡីត្បារ ដែលលាង និងយកមកប្រើប្រាស់ឡើងវិញ ហើយដោយសារតែសំឡីនោះវារបស់ប្រើឡើងវិញ ទើបធ្វើឱ្យដំណើរការនៃការស្វែងរកមេរោគពិបាក ដោយត្រូវត្បារជាច្រើនដង។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំជាជនរងគ្រោះនៃការបោកប្រាស់ដ៏ធ្ងន់ធ្ងរ»។
មេធាវីទាំង ២ គ្រោងនឹងទាមទារសំណងពីក្រុមហ៊ុន Kimia Farma ចំនួន ៦៩ ០០០ ដុល្លារអាមេរិក ដល់អ្នកដំណើរក្នុង ១ នាក់ ដែលជាអ្នករងគ្រោះពីការបោកប្រាស់នេះ ខណៈអ្នកទាំង ២ កំពុងចងក្រងសេចក្តីថ្លែងការណ៍ពីជនរងគ្រោះ ដើម្បីដាក់ពាក្យបណ្តឹងរដ្ឋប្បវេណីរួមមួយ។
លោក RZ Panca Putra Simanjuntak មេប៉ូលិសនៅទីក្រុង Medan បានប្រាប់ អ្នកយកព័ត៌មានថា អ្នកដំណើរជាង ៩ ០០០ នាក់អាចរងផលប៉ះពាល់ ដោយឧបករណ៍តេស្តប្រើប្រាស់ឡើងវិញនេះ។ អ្នកដំណើរចន្លោះពី ១០០ ទៅ ២០០ នាក់ ត្រូវបានធ្វើតេស្តជាប្រចាំថ្ងៃនៅអាកាសយានដ្ឋាននេះ ដោយក្នុងនោះ ឧបករណ៍ខ្លះជាប្រដាប់ប្រដាពិត និងខ្លះទៀតជាឧបករណ៍ប្រើប្រាស់ឡើងវិញ។
គោលបំណងនៃការប្រើប្រាស់ឡើងវិញនេះត្រូវបានគេជឿថា ជាហេតុផលចង់ចំណេញផ្នែកហិរញ្ញវត្ថុ ព្រោះថា ក្រុមហ៊ុនឱសថ Kimia Farma បានគិតថ្លៃ ១៤ ដុល្លារអាមេរិកសម្រាប់ការធ្វើតេស្តម្ដង។
បុគ្គលិក Kimia Farma អាចរកប្រាក់បានប្រមាណ ១២៥ ០០០ ដុល្លារអាមេរិក ចាប់តាំងពីពាក់កណ្តាលខែធ្នូមក។ ប៉ូលិសកំពុងតែតាមដានថា តើអ្នកដំណើរណាម្នាក់បានឆ្លងមេរោគ ដោយសារឧបករណ៍តេស្តកូវីដឡើងវិញនេះដែរឬយ៉ាងណា?
មន្ត្រីអាកាសយានដ្ឋានម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា បុគ្គលិកអាកាសយានដ្ឋានបានធ្វើព្រងើយកន្ដើយចំពោះករណីនេះ។ ប្រភពដដែលបានបន្តថា៖ «ក្រុមហ៊ុនអាកាសចរណ៍មានជំនឿជាក់លើអាកាសយានដ្ឋាន Kualanamu ក្នុងការជួយសម្រួលដំណើរការនៃការធ្វើតេស្តនេះ»។
មន្ត្រីប៉ូលិស បានឱ្យដឹងថា ព្រលានយន្តហោះនេះកំពុងធ្វើប្រតិបត្តិការជាធម្មតា បើទោះជាមានលេចឮពីព័ត៌មាននេះក៏ដោយ។ ដោយឡែក សម្រាប់មជ្ឈមណ្ឌលធ្វើតេស្តនៅព្រលានយន្តហោះនេះត្រូវបានបិទ និងរឹបអូស។
បើយោងតាមច្បាប់សុខភាពរបស់ឥណ្ឌូនេស៊ី ជនសង្ស័យអាចនឹងជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ ប្រសិនបើត្រូវបានរកឃើញថា ប្រព្រឹត្តអំពើនេះមែន។
លោកស្រី Irma Hidayana អ្នកពិគ្រោះយោបល់ផ្នែកសុខភាពសាធារណៈបាននិយាយថា រឿងនេះមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ដោយសារការត្រួតពិនិត្យទាក់ទិននឹងការធ្វើតេស្តមិនមានការត្រួតពិនិត្យត្រឹមត្រូវពីរដ្ឋាភិបាល និងក្នុងតំបន់ក្នុងប្រទេសឥណ្ឌូនេស៊ីឡើយ។
កន្លងមកអាជ្ញាធរបានរកឃើញការលក់លិខិតក្លែងបន្លំ ដែលបង្ហាញថា មនុស្សនោះមិនមានជំងឺកូវីដ១៩ ដើម្បីអនុញ្ញាតឱ្យអ្នកទាំងនោះបានធ្វើដំណើរ។ លោកស្រីវេជ្ជបណ្ឌិត Hidayana ក៏បានមានប្រសាសន៍ថា៖ «មិនមានការឃ្លាំមើលយ៉ាងដិតដល់លើការធ្វើតេស្តអង់ទីហ្សែននៅនឹងកន្លែងនោះទេ»។
លោកក៏បានបន្ថែមថា កង្វះការត្រួតពិនិត្យ និងចំណាត់ការរបស់រដ្ឋាភិបាល ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺនេះអាចនឹងបង្កជាកង្វល់មួយ ដោយសារតែប្រទេសនេះទើបតែរកឃើញករណីវ៉ារ្យ៉ង់ថ្មីមកពីប្រទេសឥណ្ឌា ដែលអាចធ្វើឱ្យប្រទេសនេះកាន់តែប្រឈមនឹងហានិភ័យខ្ពស់៕