ក្រុង​សេអ៊ូល៖ ​មេ​បញ្ជាការ​កងកម្លាំង​អាមេរិក (USFK) ​លោក​ឧត្តមសេនីយ៍ ​រ៉ូបឺត ​អាប្រាមស៍ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ ប្រទេស​កូរ៉េ​ខាង​ត្បូង ​និង​អាមេរិក​ គួរ​បន្ត​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​រួម​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ការ​ប្រឈម​មុខ​ជាមួយ​សមត្ថភាព​មីស៊ីល ​និង​អាវុធ​នុយក្លេអ៊ែរ ​ដែល​ទើប​ផលិត​ថ្មី​​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​។​

នៅ​ក្នុង​សុន្ទរកថា​មួយ​ នៅ​ក្នុង​វេទិកា​មួយ​ដែល​បាន​រៀបចំ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​ លោក ​រ៉ូបឺត​ អាប្រាមស៍​ ក៏​បាន​បញ្ជាក់​ថា​ មាន​ការងារ​ចាំ​បាច់​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ​ ដើម្បី​រៀបចំ​ផែនការ​ផ្លាស់ប្តូរ​នៃ​ការ​គ្រប់គ្រង​ប្រតិបត្តិការ​ពេល​មាន​សង្គ្រាម ​(OPCON) ​របស់​កងកម្លាំង​កូរ៉េ​ខាង​ត្បូង​​ពី​ទីក្រុង​វ៉ាស៊ីនតោន​ទៅ​ក្រុង​សេអ៊ូល​។​

លោក ​រ៉ូបឺត​ អាប្រាមស៍​ បាន​ថ្លែង​ថា៖ «​ជា​អកុសល​ យើង​ត្រូវ​តែ​ពន្យារ​ពេល​ការ​​បណ្តុះបណ្តាល​ប៉ុស្តិ៍​​បញ្ជា​ការ​រួម​កម្រិត​សំខាន់​របស់​យើង​នៅ​ឆ្នាំ​នេះ​ ដោយសារ​ការ​ឆ្លង​រាល​ដាល​សកល​កំពុង​បន្ត​នៅ​ឡើយ​។​ ខណៈ​យើង​មាន​សមត្ថភាព ​ដើម្បី​ធ្វើ​ការ​បណ្តុះបណ្តាល​អភិវឌ្ឍ​មេ​ដឹកនាំ​ដ៏​សំខាន់​ ដែល​នោះ​មិន​មែន​ជា​មធ្យោបាយ​ចម្លង​យ៉ាង​ម៉ឺងម៉ាត់​ និង​ការ​ប្រាកដ​និយម​ អំពី​ព្រឹត្តិការណ៍​បណ្តុះបណ្តាល​​ពាក់​កណ្តាល​ប្រចាំ​ឆ្នាំ​ដ៏​សំខាន់​របស់​យើង​នោះទេ​»​។​

កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ​ ក្រុង​សេអ៊ូល​ និង​ក្រុង​វ៉ាស៊ីនតោន​ បាន​ប្រកាស​អំពី​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ ចំពោះ​ការ​ពន្យារពេល​ធ្វើ​សមយុទ្ធ​គ្មាន​ដែន​កំណត់​ នៅ​និទាឃរដូវ​ដ៏​សំខាន់​របស់​ពួក​គេ​ ដោយសារ​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩​ ហើយ​ការ​ពិភាក្សា​នានា​ គឺ​កំពុង​ដំណើរការ​ ដើម្បី​កំណត់​ពេល​វេលា​ និង​កម្មវិធី​សម្រាប់​ការ​ធ្វើ​សមយុទ្ធ​រួម​នៅ​ពេល​រដូវ​ក្តៅ​របស់​ពួក​គេ​។​

មេបញ្ជា​ការ​រូប​នោះ​បាន​ថ្លែង​ថា​៖ «​យើង​ត្រូវ​តែ​បន្ត​ធ្វើ​ការ​បណ្តុះបណ្តាល​យោធា​រួម​ នៅ​កន្លែង​ធ្វើ​សមយុទ្ធ​យ៉ាង​ម៉ឺងម៉ាត់​» ​ដោយ​បាន​ប្តេជ្ញា​ពិភាក្សា​បន្ថែម​ទៀត​ ​ជាមួយ​ភាគី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ អំពី​មធ្យោបាយ​ ​ដើម្បី​ត្រៀម​លក្ខណៈ​​ទប់ទល់​ស្ថានការណ៍​នោះ​។​

ថា​តើ​ត្រូវ​ធ្វើ​សមយុទ្ធ​ប្រចាំ​ឆ្នាំ​នៅ​រដូវ​ក្តៅ​ នៅ​ពេល​ណា​ និង​ដោយ​របៀប​ណា​? ការ​ធ្វើ​សមយុទ្ធ​នោះ ​បាន​រៀបចំ​ធ្វើ​ឡើង​ នៅ​ចំពេល​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​ ជាមួយ​កូរ៉េ​ខាង​ជើង​។​ ប្រទេស​កុម្មុយនីស្ត​មួយ​នេះ​ បាន​ប្រកាស​តវ៉ា​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​រួម​តាំង​ពី​យូរ​ រវាង​អាមេរិក ​និង​កូរ៉េ​ខាង​ត្បូង​ថា ​ជា​ការ​ហ្វឹកហាត់​មួយ​ ​ដើម្បី​ឈ្លាន​ពាន​កូរ៉េ​ខាង​ជើង​។​

ភាព​តានតឹង​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង​ បាន​ឡើង​កម្តៅ​​កាន់​តែ​ខ្លាំង​ឡើង​កាល​ពី​ខែ​មុន​ ខណៈ​ក្រុង​ព្យុងយ៉ាង​បាន​កាត់​ផ្តាច់​ខ្សែ​ទូរស័ព្ទ​ទំនាក់ទំនង​ជាមួយ​ប្រទេស​កូ​រ៉េ​ខាង​ត្បូង​ ដោយ​បាន​កម្ទេច​ការិយាល័យ​ទំនាក់​ទំនង​អន្តរ​កូរ៉េ ​១​​ ហើយ​បាន​គំរាម​ចាត់​វិធានការ​យោធា​ ដោយសារ​មិន​ពេញ​ចិត្ត​ជុំវិញ​ខិត្តប័ណ្ណ​ឃោសនា​ប្រឆាំង​ក្រុង​ព្យុងយ៉ាង​ ដែល​បាន​បង្ហោះ​​ពី​ទឹក​ដី​កូរ៉េ​ខាង​ត្បូង​។​

ស្ថានការណ៍​នោះ​ ក្រោយ​មក​ស្ងប់ស្ងាត់​បន្តិច​ទៅ​វិញ​ ក្រោយ​ពី​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​លោក ​គីម ​ជុងអ៊ុន​ បាន​ពន្យារ​ផែនការ​សកម្មភាព​យោធា​របស់​ខ្លួន​​នោះ​​៕ Yonhap/SK