ក្រុងប៉ារីសៈ ប្រធានាធិបតីបារាំង លោក ម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃអង្គារ បានខិតខំប្រឹងប្រែងស្តារស្ថានការណ៍ឲ្យប្រសើរឡើងវិញ បន្ទាប់ពីការតវ៉ាប្រឆាំងរដ្ឋាភិបាលប្រកបដោយហិង្សា ២ ខែមកនេះ ដោយបើកកិច្ចពិភាក្សាថ្នាក់ជាតិមួយជុំវិញការខូចខាតដែលបង្កឡើងដោយចលនា «អាវកាក់ពណ៌លឿង»។
លោក ម៉ាក្រុង បានធ្វើដំណើរទៅកាន់ក្រុង Grand Bourgtheroulde ភាគខាងជើង ដើម្បីចាប់ផ្តើមអ្វីដែលលោកបានប្រកាសថាជា «ការជជែកដេញដោលថ្នាក់ជាតិអស្ចារ្យមួយ» ដែលលោកសង្ឃឹមថា នឹងជួយឲ្យលោកវិលទៅកាន់តំណែងជាប្រធានាធិបតីរបស់លោកវិញ។
ជនកណ្តាលនិយមមានវ័យ ៤១ ឆ្នាំរូបនេះបានដើរឆ្លងកាត់ក្រុមអ្នកតវ៉ា «អាវកាក់ពណ៌លឿង» អ្នកខ្លះនៅក្នុងចំណោមពួកគេបានស្រែកថា «ម៉ាក្រុង ចុះចេញពីតំណែងទៅ» នៅតាមផ្លូវទៅកាន់កន្លែងដែលលោកជួបជាមួយអភិបាលក្រុង ៦០០ នាក់ ដែលត្រូវបានផ្សាយបន្តផ្ទាល់តាមប៉ុស្តិ៍ទូរទស្សន៍សារព័ត៌មានបារាំង រយៈពេល ៣ ម៉ោង។
នៅពេលថ្លែងទៅកាន់ក្រុមអ្នកប្រមូលផ្តុំនៅទីលានកីឡានៃក្រុងនោះ លោក ម៉ាក្រុង បានសន្យាថា រាល់សំណួរទាំងអស់ ដែលបានលើកឡើងដោយក្រុមពលរដ្ឋ នឹងត្រូវបានយកមកពិចារណា។
នៅក្នុងការឆ្លើយសំណួរទៅនឹងការចោទប្រកាន់ថា លោកបានព្យាយាមកំណត់ទំហំនៃកិច្ចពិភាក្សា ដើម្បីឲ្យស្របជាមួយនឹងរបៀបវារៈកំណែទម្រង់របស់លោកនោះ លោកបានថ្លែងថា៖ «មិនអាចមានការកំណត់នោះទេ»។
លោក ម៉ាក្រុង បានថ្លែងប្រឆាំងការចោទប្រកាន់ដែលថា លោកមានការលម្អៀងកាន់តែខ្លាំងឡើង និងមិនយកចិត្តទុកដាក់ដល់ខេត្ត ជាច្រើននោះ៕ AFP/SK