
លោក Kim Yu Song អានសេចក្តីថ្លែងការណ៍នៅខាងក្រៅបរិវេណទូតកូរ៉េខាងជើងនៅទីក្រុងគូឡាឡាំពួ។ AFP
កាលពីថ្ងៃអាទិត្យកន្លងទៅ មន្ត្រីការទូតកូរ៉េខាងជើងត្រូវបានបណ្តេញចេញពីប្រទេសម៉ាឡេស៊ី ក្រោយប្រទេសទាំង ២ បានកាត់ផ្តាច់ទំនាក់ទំនងការទូត ជុំវិញករណីបញ្ជូនជនជាតិកូរ៉េខាងជើងម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីលាងលុយកខ្វក់ទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមនឹងទោសព្រហ្មទណ្ឌ។
ក្រោយមកប្រទេសម៉ាឡេស៊ី ក៏បានបញ្ជាឱ្យលោក Mun Chol Myong មន្ត្រីការទូតកូរ៉េខាងជើងប្រចាំម៉ាឡេស៊ីចេញពីប្រទេសខ្លួនក្នុងរយៈពេល ៤៨ ម៉ោង ហើយបានចោទប្រកាន់ប្រទេសកូរ៉េខាងជើង ពីបទប៉ុនប៉ងចូលក្នុងប្រព័ន្ធយុត្តិធម៌របស់ប្រទេសខ្លួន។
រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីលោក Hishammuddin Hussein បាននិយាយថាការបណ្តេញចេញនេះ គឺជាការឆ្លើយតបទៅនឹងការសម្រេចចិត្តកាលពីថ្ងៃសុក្ររបស់ទីក្រុងព្យុងយ៉ាង ក្នុងការកាត់ផ្តាច់ចំណងការទូតជាឯកតោភាគី និងភាពមិនទទួលខុសត្រូវទាល់តែសោះរបស់ខ្លួន។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សកម្មភាពនេះ គឺជាការរំឭកដល់កូរ៉េខាងជើងថា ប្រទេសម៉ាឡេស៊ី មិនដែលអត់ឱនចំពោះការប៉ុនប៉ងណាមួយ ដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងប្រព័ន្ធតុលាការដោយមិនគោរពប្រព័ន្ធអភិបាលកិច្ចរបស់យើង ហើយបង្កើតភាពតានតឹងមិនចាំបាច់ដែលប្រឆាំងនឹងបទបញ្ជាអន្តរជាតិនោះឡើយ»។
២ ថ្ងៃបន្ទាប់ពីទីក្រុងគូឡាឡាំពួបានធ្វើបត្យាប័ន បុរសជនជាតិកូរ៉េខាងជើងម្នាក់ទៅកាន់សហរដ្ឋអាមេរិកទាក់់ទិនករណីលាងលុយកខ្វក់មកកូរ៉េខាងជើងបានខឹងសម្បា ហើយប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងបញ្ចប់ទំនាក់ទំនងការទូតជាមួយប្រទេសម៉ាឡេស៊ី។ ជាការឆ្លើយតបនឹងការសម្រេចចិត្តនេះ ប្រទេសម៉ាឡេស៊ី បានទុកពេលឱ្យមន្ត្រីការទូតកូរ៉េខាងជើងរយៈពេល ៤៨ ម៉ោងប៉ុណ្ណោះ ដើម្បីចាកចេញពីប្រទេសនេះ។
លោក Kim Yu Song មន្ត្រីកូរ៉េខាងជើងទទួលបន្ទុកការបរទេស និងជាសមាជិកក្រុមប្រឹក្សាប្រចាំនៅទីក្រុងគូឡាឡាំពួ បាននិយាយថា ប្រទេសម៉ាឡេស៊ី បានប្រព្រឹត្តបទឧក្រិដ្ឋ ដែលមិនអាចលើកលែងបាន និងបានបន្ទរសេចក្តីថ្លែងការណ៍ របស់ក្រុងព្យុងយ៉ាង ដែលទើបនឹងចេញដោយចោទប្រកាន់ប្រទេសម៉ាឡេស៊ីថា បានចុះចូលនឹងសហរដ្ឋអាមេរិក ហើយក៏ជាផ្នែកមួយនៃការឃុបឃិតគ្នាជាមួយសហរដ្ឋអាមេរិក ដែលមានគោលបំណងធ្វើឱ្យកូរ៉េខាងជើងឯកោ និងបំបិទផ្លូវប្រទេសនេះផងដែរ។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅខាងក្រៅស្ថានទូត មុនពេលចេញដំណើរទៅអាកាសយានដ្ឋានថា អាជ្ញាធរម៉ាឡេស៊ីបានបញ្ជូនពលរដ្ឋរបស់យើងទៅសហរដ្ឋអាមេរិក ហើយនៅចុងបញ្ចប់បានបំផ្លាញមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីដោយផ្អែកលើការគោរពអធិបតេយ្យភាពថែមទៀត។
ប្រទេសកូរ៉េខាងជើង បានហៅការចោទប្រកាន់ការលាងលុយកខ្វក់នេះថា ជាការប្រឌិតមិនសមហេតុផល និងផែនការ ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក និងបានព្រមានថា ទីក្រុងវ៉ាស៊ីនតោននឹងត្រូវទទួលខុសត្រូវនូវអ្វីដែលខ្លួនបានធ្វើ។
លោក Mun បានប្រកែកនៅក្នុងតុលាការថា គាត់គឺជាជនរងគ្រោះនៃហេតុផលនយោបាយ ដោយការធ្វើបត្យាប័ននេះ គឺមានគោលបំណងដាក់សម្ពាធលើកូរ៉េខាងជើងទាក់ទិននឹងកម្មវិធីមីស៊ីលរបស់ប្រទេសនេះប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា លោក Mun បានរស់នៅប្រទេសម៉ាឡេស៊ី ចាប់តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ ហើយធ្លាប់ត្រូវបានចាប់ខ្លួននៅខែឧសភា ឆ្នាំ ២០១៩ បន្ទាប់ពីសហរដ្ឋអាមេរិកបានចោទប្រកាន់លោកពីការផ្គត់ផ្គង់ទំនិញប្រណីតៗខុសច្បាប់ទៅកូរ៉េខាងជើង ដែលជាការរំលោភទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
លោកត្រូវបានគេចោទប្រកាន់ថា បានបោកយកថវិកាពីមូលនិធិតាមរយៈក្រុមហ៊ុនជួរមុខ និងបានចេញឯកសារក្លែងបន្លំ ដើម្បីគាំទ្រការដឹកជញ្ជូនខុសច្បាប់ទៅកូរ៉េខាងជើង ខណៈពេលកំពុងធ្វើការនៅប្រទេសសិង្ហបុរី មុនពេលលោកផ្លាស់មកធ្វើនៅប្រទេសម៉ាឡេស៊ី។
ប៉ុន្តែទីក្រុងព្យុងយ៉ាង បានអះអាងថា លោក Mun បានចូលរួមក្នុងសកម្មភាពពាណិជ្ជកម្មខាងក្រៅស្របច្បាប់នៅក្នុងប្រទេសសិង្ហបុរី អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ដោយឡែក លោក Hoo Chiew Ping អ្នកជំនាញខាងកិច្ចការនយោបាយឧបទ្វីបកូរ៉េបាននិយាយថា ឥឡូវនេះប្រទេសម៉ាឡេស៊ី គឺជាប្រទេសតែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលមិនមានទំនាក់ទំនងការទូតជាមួយទាំងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។
លោកបានបន្តថា ប្រទេសម៉ាឡេស៊ី បាត់បង់ឥទ្ធិពលរបស់ខ្លួនក្នុងនាមជាអ្នកដើរតួយ៉ាងសំខាន់ក្នុងរបៀបវារៈឧបទ្វីបកូរ៉េក្នុងកម្រិតអាស៊ានហើយ។
អ្នកជំនាញខ្លះនិយាយថា ការកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសម៉ាឡេស៊ី គឺជាវិធីរបស់កូរ៉េខាងជើងក្នុងការបង្ហាញកំហឹងដាក់រដ្ឋបាលរបស់ប្រធានាធិបតី Joe Biden ដោយមិនឱ្យការវិលត្រឡប់ទៅចរចាកិច្ចព្រមពៀងនុយក្លេអ៊ែរជាមួយទីក្រុងវ៉ាស៊ីនតោនជួបហានិភ័យ។
ប្រទេសកូរ៉េខាងជើង បានប្រើប្រាស់ប្រទេសម៉ាឡេស៊ី ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់ជាកន្លែងដែលខ្លួនគ្រប់គ្រងពាណិជ្ជកម្មការនាំចេញកម្លាំងពលកម្ម និងអាជីវកម្មខុសច្បាប់មួយចំនួននៅអាស៊ីអាគ្នេយ៍ ប៉ុន្តែទំនាក់ទំនងរបស់ពួកគេបានជួបប្រទះឧបសគ្គធំៗ ក្រោយករណីការសម្លាប់លោក គីម ជុងណាម ឆ្នាំ ២០១៧ នៅអាកាសយានដ្ឋានគូឡាឡាំពួមកម្ល៉េះ៕