ព្រះមហាក្សត្រ​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​អង្គារ​ ទី ​១២ បាន​ប្រកាស​ភាព​អាសន្ន​ទូទាំង​ប្រទេស ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ ១៩ ដែល​សកម្មភាព​នេះ​ត្រូវ​​គេ​រិះគន់​ថា​ជា​សកម្មភាព​របស់​រដ្ឋាភិបាល​មិន​ស្ថិត​ស្ថេរ ​ដើម្បី​កាន់​អំណាច​បន្ត​។

រាជវាំង​ម៉ាឡេស៊ី​បាន​ប្រកាស​ថា​ ព្រះមហាក្សត្រ Sultan Abdullah Sultan Ahmad Shah បាន​យល់ព្រម​ប្រកាស​ភាព​អាសន្ន​រហូត​ដល់​ថ្ងៃ​ទី ១ ខែ​សីហា បន្ទាប់​ពី​ទទួល​សំណើ​ពី​នាយក​រដ្ឋមន្ត្រី​លោក Muhyiddin Yassin។

ការ​សម្រេច​ចិត្ត​នេះ​​ត្រូវ​បាន​គេ​យល់​ឃើញ​ថា ​នឹង​ប្រគល់​អំណាច​ដ៏​ធំធេង​ដល់​លោក Muhyiddin និង​គណៈរដ្ឋមន្ត្រី​របស់​លោក។ ការ​ប្រកាស​​ភាព​អាសន្ន​នឹង​ការ​ព្យួរ​សកម្មភាព​របស់​សភា​ហើយ​ធ្វើ​ឱ្យ​​រដ្ឋាភិបាល​មាន​អំណាច​តែង និង​អនុម័ត​ច្បាប់​ដោយ​គ្មាន​ការ​យល់ព្រម​​ពី​សភា​។ ការ​បោះឆ្នោត​នានា​ក៏​នឹង​ត្រូវ​បាន​ព្យួរ​ផង​ដែរ​។

រដ្ឋាភិបាល​អាយុ​ ១០ ខែ​ របស់​​​លោក​ Muhyiddin បាន​ឡើង​កាន់​អំណាច​បន្ទាប់​ពី​លោក​បាន​បំបែក​សម្ពន្ធភាព​កាន់​អំណាច​​របស់​លោក​ Mahathir Mohamad ហើយ​បង្កើត​រដ្ឋាភិបាល​ថ្មី​ដោយ​ជោគជ័យ​។ តែ​រដ្ឋាភិបាល​របស់​លោក​រង​ការ​ប្រកួត​ប្រជែង​ជា​ច្រើន​លើក​ច្រើន​សា។

កាល​ពី​​​ចុង​ខែ​កញ្ញា​ និង​ដើម​ខែ​តុលា​មេ​​ដឹកនាំ​បក្ស​ប្រឆាំង​លោក​ Anwar Ibrahim បាន​អះអាង​ថា ​​លោក​មាន​ការ​គាំទ្រ​ពី​សមាជិក​​សភា​គ្រប់គ្រាន់​សម្រាប់​ផ្ដួល​រំលំ​រដ្ឋាភិបាល​លោក​ Muhyiddin ហើយ​បង្កើត​រដ្ឋាភិបាល​ថ្មី​ តែ​មក​ដល់​ពេល​នេះ​លោក​ Anwar មិន​​ទាន់​ជោគជ័យ​នៅ​ឡើយ​​៕