កាលពី​ថ្ងៃ​ពុធ​ទី ២៨ មេសា ប្រទេស​ម៉ាឡេស៊ី​សម្រេច​មិន​ប្រើ​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca នៅក្នុង​យុទ្ធនាការ ចាក់​វ៉ាក់សាំង នៅ​ប្រទេស​របស់​ខ្លូន។

លោក Khairy Jamaluddin រដ្ឋមន្ត្រី ក្រសួង​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​ការច្នៃប្រឌិត​ប្រទេស​ម៉ាឡេស៊ី បាន​និយាយ​នៅក្នុង​សន្និសីទ កាសែត​រួមជាមួយ​ក្រសួង សុខាភិបាល​ថា ទោះបីជា​អ្នកជំនាញ​បាន​រកឃើញ​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​វ៉ាក់សាំង AstraZeneca ក៏ដោយ ប៉ុន្តែ​រដ្ឋាភិបាល​បាន កត់សម្គាល់​ពី​ការព្រួយបារម្ភ​របស់​សាធារណជន​ផងដែរ។

លោក Khairy បាន​និយាយថា៖ «ទាក់ទង​នឹង​បញ្ហា​នេះ​រដ្ឋមន្ត្រី​ក្រសួង សុខាភិបាល​លោក Adham Baba និង​ខ្ញុំ​បាន​ពិភាក្សា​អំពី​ការប្រើប្រាស់​វ៉ាក់សាំង AstraZeneca ។ យើង​មិន​ចង់​ខ្ជះខ្ជាយ​វ៉ាក់សាំង​ដែលមាន​ប្រសិទ្ធភាព និង​មាន​សុវត្ថិភាព​នោះទេ ប៉ុន្តែ​យើង​យល់ថា នៅក្នុង​អំឡុង​ពេលនេះ​ប្រហែល ជា​វិទ្យាសាស្ត្រ​មិនអាច​យកឈ្នះ​ការភ័យខ្លាច និង​ព័ត៌មាន​ក្លែងក្លាយ​ដែល​បាន​ផ្សព្វផ្សាយ​ទៅ​ប្រជាជន​នោះទេ» ។

មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​ពិសេស​ដែល​ចែកចាយ​វ៉ាក់សាំង​កូវីដ១៩​របស់​ក្រុមហ៊ុន AstraZeneca នឹង​ត្រូវ​បាន​បើក ហើយ​វ៉ាក់សាំង​នឹងមិន​ត្រូវបាន​ប្រើ​នៅក្នុង​មជ្ឈមណ្ឌល​ចាក់​វ៉ាក់សាំង​កូវីដ១៩​ឡើយ។ ការចែកចាយ​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca នឹង​ដាក់ឱ្យ​សាធារណជន​ប្រើប្រាស់​នៅ​មជ្ឈមណ្ឌល​ពិសេស ដោយ​មាន​ការចុះឈ្មោះ​ស្ម័គ្រចិត្ត​ក្នុង​ការទទួល​វ៉ាក់សាំង​ដែល​ផលិត​ពី​ក្រុមហ៊ុន​នោះ៕