ក្រុង​បាងកកៈ ​​​នៅ​ក្នុង​​ការ​អធិប្បាយ​​មួយ​​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឡើង​នៅ​ជំនួប​ក្នុង​តំបន់​កាល​ពី​ថ្ងៃ​សៅរ៍​ ប្រទេស ​ម៉ាឡេស៊ី ​បាន​ថ្លែង​ថា ​ក្រុម​ឧក្រិដ្ឋជន​​នៃ​​អំពើ​ហិង្សា​ប្រឆាំង​ជន​ភាគតិច​រ៉ូហ៊ីងយ៉ា​នៅ​មីយ៉ាន់ម៉ា​ ត្រូវ​តែ ​«​នាំ​ខ្លួន​ទៅ​កាន់​តុលាការ​»​។

មីយ៉ាន់ម៉ា​ មិន​បាន​ទទួល​ស្គាល់​ជន​រ៉ូហ៊ីងយ៉ា​ថា​ជា​ពលរដ្ឋ​របស់​ខ្លួន​នោះ​ទេ ជំនួស​មក​វិញ​ដោយ​ហៅ​ពួក​គេ​ជា​ផ្លូវ​ការ​ថា​ជា «​ជន​បេងហ្គាលី» ដែល​ជា​ជន​គ្មាន​ការងារ​ ដោយ​ធ្វើ​អន្តោប្រវេសន៍​ខុស​ច្បាប់​ចេញ​ពី​ប្រទេស​ក្បែរ​ខាង​បង់ក្លាដែស​​។​

ការ​បង្ក្រាប​ដោយ​យោធា​កាល​ពី​ឆ្នាំ ​២០១៧​ បាន​ជំរុញ​ឲ្យ​ជន​រ៉ូហ៊ីងយ៉ា​ជាង ​៧៤ ​ម៉ឺន​នាក់ ​រត់​ភៀស​ខ្លួន​ចូល​ទៅ​ប្រទេស ​បង់ក្លាដែស​ ដោយ​រត់​គេច​ចេញ​ពី​ការ​ចាប់​រំលោភ​ ការ​សម្លាប់ ​និង​ការ​ដុត​បំផ្លាញ​ភូមិ​​ជា​ដើម​។​

ក្រុម​អ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សហប្រជាជាតិ​ បាន​អំពាវនាវ​ឲ្យ​ក្រុម​ឧត្តមសេនីយ៍​កំពូល​របស់​​ប្រទេស ​មីយ៉ាន់ម៉ា​ ត្រូវ​បាន​​នាំ​ខ្លួន​ទៅ​កាត់-​ទោស​ពី​បទ​​ប្រល័យ​ពូជ​សាសន៍​។

ប៉ុន្តែ​កង​ទ័ព​មីយ៉ាន់ម៉ា ​និង​មេ​ដឹកនាំ​លោកស្រី​ អ៊ុងសាន​ ស៊ូជី ​បាន​ការពារ​សកម្មភាព​នោះ​ថា ​ជា​ការ​ចាំបាច់ ​ដើម្បី​បោស​សម្អាត​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រ៉ូហ៊ីងយ៉ា​ចេញ​ពី​រដ្ឋ​រ៉ាក់ឃីន​។​

ក្រសួង​របស់​លោក​ បាន​ថ្លែង​នៅ​លើ​គេហ​ទំព័រ​ធ្វីធើរ​ថា​ នៅ​ក្នុង​កិច្ច​ពិភាក្សា​កាល​ពី​ថ្ងៃ​សៅរ៍​ជាមួយ​សមភាគី​ប្រទេស​អាស៊ី​អាគ្នេយ៍ ​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ាឡេស៊ី ​លោក​ Saifuddin Bin Abdullah ​បាន​អំពាវនាវ​ឲ្យ ​«​ក្រុម​ឧក្រិដ្ឋជន​នៃ​​អំពើ​ហិង្សា​ប្រឆាំង​ជន​រ៉ូហ៊ីងយ៉ា ​ត្រូវ​នាំ​ខ្លួន​ឡើង​​តុលាការ​ជា​ដាច់​ខាត​»​។​

លោក​ Saifuddin Bin Abdullah ​បាន​ថ្លែង​ថា​ ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ក្រុម​ជន​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ចេញ​ពី​កន្លែង​ស្អុយ​កខ្វក់​ ជា​ជំរំ​ជន​ភៀស​ខ្លួន​មាន​ហ្វូង​មនុស្ស​ដ៏​ច្រើន​ណែនណាន់​តាន់តាប់​នៅ​​ប្រទេស ​បង់ក្លាដែស ​«នៅ​ក្នុង​នោះ​មាន​ភាព​ជា​ពលរដ្ឋ​ល្អ​រ៉ូហ៊ីងយ៉ា​ទៀត​ផង​»​។​

ម៉ាឡេស៊ី​ ជា​ប្រទេស​មូស្លីម​មួយ​ដែល​បាន​រៀបចំ​ទទួល​យក​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ច្រើន​ជាង​គេ​ ហើយ​ក៏​ជា​សមាជិក​មួយ​ក្នុង​ចំណោម​ប្រទេស​​ខ្លះ​នៃ​សមាគម​ប្រទេស​អាស៊ី​អាគ្នេយ៍ ​(ASEAN) ​ដែល​បាន​​​និយាយ​រិះគន់​យ៉ាង​ខ្លាំងៗ​ជុំវិញ​បញ្ហា​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​ ដែល​រត់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស ​មីយ៉ាន់ម៉ា ​ដោយសារ​ការ​បង្រ្កាប​របស់​យោធា​​​៕​ AFP/SK​