រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ប្រកាស​ថា ជន​ចំណាក​ស្រុក​ដែល​មិន​មាន​ភាព​ស្របច្បាប់​នឹង​មិន​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ក្នុង​អំឡុង​ពេល​ចែកចាយ​វ៉ាក់សាំង​ទេ ប្រសិន​បើ​ពួក​គេ​ទៅ​ទទួល​វ៉ាក់សាំង ខណៈ​កម្មវិធី​ចាក់​វ៉ាក់សាំង​ក្នុង​ប្រទេស​នេះ នឹង​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ។

រដ្ឋមន្ត្រី​ក្រសួង​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា ​និង​ការ​ច្នៃប្រឌិត លោក Khairy Jamaluddin បាន​និយាយ​ថា ក្រុម​ការងារ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ (CITF) នឹង​ត្រូវ​ធ្វើ​ការ​ជាមួយ​ក្រសួង​ការបរទេស ក៏​ដូចជា​សង្គម​ស៊ីវិល​នានា ដើម្បី​ស្វែងរក​ជន​ចំណាក​ស្រុក​ដែល​គ្មាន​ឯកសារ​ឱ្យ​មក​ចាក់​វ៉ាក់សាំង។

លោក​បាន​និយាយ​ថា៖ «សម្រាប់​ជន​ចំណាក​ស្រុក​គ្មាន​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ក្រុម​ការងារ​នឹង​រៀបចំ​ផែនការ ដោយ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ជន​ទាំង​នោះ ទទួល​បាន​វ៉ាក់សាំង​ដែរ។ ស្ថានទូត​បរទេស អង្គការ​អន្តរជាតិ សង្គម​ស៊ីវិល អង្គការ​ក្រៅ​រដ្ឋាភិបាល​អាច​ជួយ​ក្នុង​ការ​កៀរគរ​ជន​បរទេស ដែល​គ្មាន​ឯកសារ​ឱ្យ​ចេញ​មក​ចាក់​វ៉ាក់សាំង​ដោយ​ធានាថា យើង​នឹង​មិន​ឃុំ​ខ្លួន ឬ​ចាប់​ពួក​គេ​ទេ»។

លោក​បាន​បន្ត​ថា៖ «ខ្ញុំ​គិត​ថា នោះ​គឺ​ជា​សារៈសំខាន់​បំផុត ដែល​យើង​ចង់​ផ្សាយចេញ។ ការ​ធ្វើ​ដូច​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ជន​ទាំង​នោះ ឱ្យ​ចេញ​មុខ​ដោយ​សេរី ​និង​មាន​ទំនុកចិត្ត​ថា រដ្ឋាភិបាល​នឹង​ចាក់​វ៉ាក់សាំង និង​មិន​ឃុំ​ខ្លួន​ពួក​គេ​ទេ»។

ដោយ​ឡែក​សម្រាប់​ពលករ​បរទេស​ដែល​មាន​ឯកសារ​លោក Khairy បាន​និយាយ​ថា ក្រសួង​មហាផ្ទៃ​រួម​ជាមួយ​ក្រសួង​ធនធាន​មនុស្ស នឹង​មាន​ភារកិច្ច​ទាក់ទង​ពួកគេ​ទាំង​នោះ។

លោក Khairyបាន​និយាយ​ថា៖ «យើង​នឹង​ធ្វើ​ការ​ជាមួយ​និយោជិត​របស់​ពួក​គេ ​ដូច្នេះ​ពួក​គេ​អាច​ផ្តល់​ជូន​យើង​នូវ​ព័ត៌មាន​លម្អិត​របស់​និយោជក​របស់​ពួកគេ​ឱ្យមក​យើង។ ដូច្នេះ​យើង​អាច​ធ្វើ​ការ​ណាត់​ជួប​កម្មករ ដើម្បី​ផ្ដល់​វ៉ាក់សាំង​ឱ្យ​គេ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​គណនេយ្យភាព»។

រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ឱ្យ​ដឹង​ថា ​ខ្លួន​បាន​ត្រៀម​វ៉ាក់សាំង​គ្រប់គ្រាន់ ​ដើម្បី​ចែកចាយ​ដល់​ប្រជាជន​ជាង ៨០% នៃ​ប្រជាជន​សរុប​ជិត ៣៣ លាន​នាក់​របស់​ខ្លួន។ ប្រទេស​នេះ ក៏​បាន​អះអាង​ផង​ដែរ​ថា ខ្លួន​នឹង​ផ្តល់​ការ​ចាក់​វ៉ាក់សាំង​ឥត​គិត​ថ្លៃ​ដល់​ជន​គ្រប់​រូប ដែល​រស់នៅ​ក្នុង​ប្រទេស រួមទាំង​ពលករ​ចំណាក​ស្រុក ជនភៀសខ្លួន និង​ជនបរទេស​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែ​ថា កាល​ពី​ឆ្នាំ​មុន​អង្គការ​សហប្រជាជាតិ​បាន​រិះគន់​ប្រទេស​ម៉ាឡេស៊ី ​ចំពោះ​ការ​ប្រមូល​ជនអន្តោប្រវេសន៍ ​និង​ជន​ភៀស​ខ្លួន​ដែល​គ្មាន​ឯកសារ​ស្រប​ច្បាប់​រាប់រយ​នាក់​ក្នុង​អំឡុង​ពេល​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន រយៈពេល ៣ ខែ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។ អ្នក​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​ឃុំឃាំង​ទៀត​ផង។

លោក Charles Santiago សមាជិកសភា​គណបក្ស​ប្រឆាំង​មក​ពី​គណបក្ស​សកម្មភាព​ប្រជាធិបតេយ្យ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ចៀសវាង​ពី​ការ​ប្រព្រឹត្ត​កំហុស​ចាស់​ម្តង​ទៀត ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ការ​លើកលែង​ទោស​ដល់​ជន​ចំណាក​ស្រុក​ដែល​គ្មាន​ឯកសារ​ឱ្យ​បង្ហាញ​ខ្លួន ​ដើម្បី​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ។

លោក Khairyបាន​និយាយ​ថា ប្រទេស​ម៉ាឡេស៊ី ក៏​កំពុង​ស្វែង​រក​មើល​ការ​ចាក់​វ៉ាក់សាំង​ដែល​ត្រូវ​ការ​តែ ១ ដង និង​អាច​ត្រូវ​បាន​ប្រើ​លើ​អ្នក​ដែល​ងាយ​រងគ្រោះ​ដូចជា​ជន​ចំណាក​ស្រុក​គ្មាន​អត្តសញ្ញាណ​ស្រប​ច្បាប់​ដែល​នឹង​អាច​ស្ទាក់ស្ទើរ​ក្នុង​ការ​មក​ចាក់​វ៉ាក់សាំង ២ ដង។

គួរ​បញ្ជាក់​ផង​ដែរ​ថា វ៉ាក់សាំង Pfizer-BioNTech សរុប​ចំនួន ៣១២ ៣៩០ ដូស នឹង​ត្រូវ​ដឹក​មក​ប្រទេស​នេះ​ជា​លើក​ដំបូង​បង្អស់​នៅ​ថ្ងៃទី ២១ ខែ​កុម្ភៈ ដោយ​នឹង​ធ្វើ​ការ​ចាប់ផ្តើម​កម្មវិធី​ចាក់​វ៉ាក់សាំង​នៅ​ថ្ងៃទី ២៦ ខែកុម្ភៈ ​ខាង​មុខ៕