The Phnom Penh Post Search

Search form

ម៉ូន​និង​ត្រាំ​ប្តេជ្ញា​បង្កើន​សម្ពាធ​ប្រឆាំង​កូរ៉េខាងជើង

Content image - Phnom Penh Post
លោក​ ម៉ូន ជេអ៊ីន (ស្តាំ​) ធ្វើ​ជា​អធិបតី​ក្នុង​ជំនួប​គ្រាអាសន្ន​មួយ​ជាមួយ​ក្រុមប្រឹក្សា​សន្តិសុខ​អ​.ស.ប.នៅ​ក្រុង​សេអ៊ូល​។ ​AFP

ម៉ូន​និង​ត្រាំ​ប្តេជ្ញា​បង្កើន​សម្ពាធ​ប្រឆាំង​កូរ៉េខាងជើង

ក្រុងសេអ៊ូលៈ ក្រុង​សេអ៊ូល បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​សមភាគី​កូរ៉េខាងត្បូង​របស់​លោក​បាន​ប្តេជ្ញា​ដាក់​សម្ពាធ​ឲ្យ​កាន់​តែខ្លាំង​ប្រឆាំង​ក្រុង​ព្យុងយ៉ាង ក្រោយ​ពី​កូរ៉េខាងជើង​ផ្គើន​នឹង​ទណ្ឌកម្ម​ថ្មី​ជាមួយ​នឹង​ការបាញ់​សាកល្បង​មីស៊ីល និង​បាន​និយាយ​ថា ខ្លួន​ចង់​ប្រកួត​ជាមួយ​កម្លាំង​នុយក្លេអ៊ែរ​របស់​អាមេរិក។

សហគមន៍​អន្តរជាតិ​កំពុង​ប្រឹងប្រែង​ទប់ទល់​ជាមួយនឹង​កូរ៉េខាងជើង​ដែល​ប៉ុន្មាន​សប្តាហ៍​ថ្មី​នេះ បាន​ធ្វើ​ឲ្យ​ពិភពលោក​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ដោយ​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​ធំ​បំផុត​ទី ៦ របស់​ខ្លួន និង​បាញ់​តេស្ត​មីស៊ីល​ចម្ងាយ​ឆ្ងាយ​រំលង​ជប៉ុន ដែល​ខ្លួន (កូរ៉េខាងជើង) និយាយ​ថា អាច​ដល់​ទឹកដី​របស់​អាមេរិក។

នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​អាទិត្យ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​ម៉ូន ជេអ៊ីន និង​លោក​ត្រាំ បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការបាញ់​តេស្ត​មីស៊ីល​ថ្មីៗ​នេះ កាល​ពី​ថ្ងៃ​សុក្រ​ដែល​បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​ប្រកាស​សេចក្តីសម្រេច​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​នឹង​ក្រុង​ព្យុងយ៉ាង។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​និយាយ​ថា៖ «មេដឹកនាំ​ទាំងពីរ​បាន​ឯកភាព​គ្នា​ទៅ​លើ​សម្ពាធ​ខ្លាំង​និង​ច្បាស់​ជាង​មុន ដើម្បី​ធ្វើ​ឲ្យ​របប​នេះ​ដឹងថា ការបន្ត​បង្កហេតុ​នឹង​កាន់តែ​ធ្វើឲ្យ​មាន​ភាព​ឯកោ​ផ្នែក​ការទូត និង​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​នាំ​ទៅរក​ផ្លូវ​ដួលរលំ»។

ព្យុងយ៉ាង​ថ្លែង​ថា ខ្លួន​ត្រូវការ​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ខ្លួន​ពី​កងកម្លាំង​អាមេរិក ហើយ​ព្យុងយ៉ាង​ក៏​ប្ដេជ្ញាចិត្ត​ក្នុងការ​ផលិត​ប្រព័ន្ធ​សព្វាវុធ​ដែល​មាន​សមត្ថភាព​អាច​ពាំ​ក្បាលគ្រាប់​នុយក្លេអ៊ែរ​ទៅ​ដល់​ទឹកដី​អាមេរិក​ផងដែរ។

Content image - Phnom Penh Post
សមយុទ្ធ​បាញ់​មីស៊ីល​បាលីស្ទីក Hwasong12 ចម្ងាយ​ឆ្ងាយ​ និង​មធ្យម​​របស់​កូរ៉េខាងជើង​នៅ​ទីតាំង​ដែល​គេ​មិន​ស្គាល់​។ AFP

នេះ​បើ​តាម​ភា្នក់ងារ​សារពត៌មាន​ផ្លូវការ​របស់​កូរ៉េខាងជើង KCNA បាន​ឲ្យដឹង​ថា មេដឹកនាំ​កូរ៉េខាងជើង ដែល​ជា​អ្នកត្រួតពិនិត្យ​ការធ្វើ​តេស្ត​មីស៊ីល​ចុងក្រោយ​បង្អស់​ដោយ​ផ្ទាល់​នោះ​បាន​ថ្លែង​ថា ការបាញ់​សាកល្បង​នេះ​បាន​ជួយ​បង្កើន​សមត្ថភាព​នៃ «កងកម្លាំង​នុយក្លេអ៊ែរ»។

លោក​បាន​ថ្លែង​ថា ការបាញ់​សាកល្បង​នេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ប្រទេស​កូរ៉េខាងជើង​ក្នុងការ​សម្រេច​ឲ្យ​បាន​នូ វ«តុល្យភាព​នៃ​កងកម្លាំង» ជាមួយ​នឹង​អាមេរិក។

អ្នកជំនាញ​ជឿថា កម្មវិធី​សព្វាវុធ​របស់​ទីក្រុង​ព្យុងយ៉ាង​បាន​ស្គាល់​ការអភិវឌ្ឍ​យ៉ាង​លឿន​រហ័ស​នៅ​ក្រោម​ការដឹកនាំ​របស់​លោក​គីម ជុងអ៊ុន​ដែល​នោះ​ស្ដែង​ឲ្យ​ឃើញ​ថា ទណ្ឌកម្ម​មុនៗ​បាន​ជះឥទ្ធិពល​តិចតួច​បំផុត​លើ​កូរ៉ខាងជើង។

ក្រុម​អ្នកការទូត បាន​និយាយ​ថា ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. ដែល​បាន​ថ្កោលទោស​លើ​ការធ្វើ​តេស្ត​កាល​ពី​ថ្ងៃ​សុក្រ​ថា ជា​ទង្វើ​បង្កហេតុ​នឹង​រៀបចំ​ឲ្យ​មាន​នូវការ​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដែល​នឹង​ផោ្តត​ជា​សំខាន់​ទៅ​លើ​ការរីក​រាលដាល​នៃ​អាវុធ​ប្រល័យ​លោក និង​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង៕

Content image - Phnom Penh Post
លោកគីម ជុនអ៊ុន តាម​ដាន និង​ពិនិត្យ​មើល​សមយុទ្ធ​បាញ់​មីស៊ីល Hwasong-12។ AFP

អត្ថបទគួរចាប់អារម្មណ៍

  • សណ្ឋាគារ​ប្រណីត​នៅ​កោះរ៉ុង បើក​ជា​ផ្លូវការ

    ភ្នំពេញៈ សណ្ឋាគារ​ដ៏ប្រណីត Royal Sands នៅលើ​កោះរ៉ុង​របស់​លោក គិត ម៉េង បាន​បើក​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ម្សិលមិញ ដែល​គេ​រំពឹង​ថា​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​។

  • ដំរី​ដែល​ចូល​ចម្ការ​អ្នក​ភូមិ​បាន​គេច​ទៅ​ភ្នំ​ដងរែក

    ឧត្តរមានជ័យៈ ក្រុម​មន្ត្រី​បាន​និយាយ​ថា​សត្វ​ដំរី​ញី​មួយ​ក្បាល​ដែល​បាន​ចូល​លុកលុយ​ក្នុង​ចម្ការ​អ្នកភូមិ​រំដួល​ចាស់ ឃុំ​អម្ពិល ស្រុក​បន្ទាយ​អម្ពិល ខេត្ត​ឧត្តរមានជ័យ​កាលពី​ព្រឹក​ថ្ងៃ​អាទិត្យ​នោះ​បាន​គេច​ខ្លួន​ចូល​ទៅ​ក្នុង​តំបន់​ជួរ​ភ្នំ​ដងរែក​វិញ​ហើយ ខណៈ​ដែល​ក្រុម​មន្ត្រី​ជំនាញ​បរិស្ថាន និង​អាជ្ញាធរ​កំពុង​បន្ត​ឃ្លាំ​មើល​ពី​ដំណើរ​របស់​វា​។

  • ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ធានា​ការពារ​យុត្តិធម៌​ និង គោរព​សិទ្ធិ​មនុស្ស

    ភ្នំពេញៈ ក្រោយពី​ឈ្នះ​អាសនៈ​ទាំង​ ៥៨ ដោយ​មិន​មាន​អតីត​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គូប្រកួត​ដ៏ស័ក្តិសម​នឹង​គ្នា​សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​ពី​ខែ​កុម្ភៈ គណបក្ស​កាន់​អំណាច​ដែល​ទទួល​ជ័យជម្នះ​បាន​បន្ត​គ្រប់គ្រង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ជាថ្មី​ដោយ​បើក​សម័យប្រជុំ​លើក​ដំបូង នីតិកាល​ទី​ ៤ ​នៃ​ព្រឹទ្ធសភា​ពី​ម្សិលមិញ​ក្រោម​ព្រះរាជាធិបតីភាព​ព្រះមហាក្សត្រ​ព្រះបាទ​សម្តេច​ព្រះនរោត្តម សីហមុនី ដែល​ព្រះអង្គ​អំពាវនាវ​ឲ្យ​មាន​ការធានា​ការពារ​យុត្តិធម៌ និង​គោរព​សិទ្ធិ​មនុស្ស និង​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​។

  • នាយក​រដ្ឋមន្ត្រី​បញ្ជា​ឲ្យ​ដកហូត​កោះ​ ៣០ ​មក​វិញ និង​ឲ្យ​ពិនិត្យ​អ្នក​នៅ​ពី​ក្រោយ​ការទន្ទ្រាន​យក​ដី

    ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ដកហូត​កោះ​ដែល​មិន​បាន​អភិវឌ្ឍ​ប្រមាណ​ ៣០ ​មក​វិញ​ ខណៈ​អត្តសញ្ញាណ​របស់​ម្ចាស់​ក្បាល​ដី​ចំនួន​ ៥៨៤ ​ដែល​មាន​ទាំង​មន្ត្រី​មាន​អំណាច​កំពុង​ត្រូវបាន​ពិនិត្យ​រឿង​នៅ​ពី​ក្រោយ​ខ្នង​ការកាប់​ទន្ទ្រាន​យក​ដី​ដ៏ក្តៅគគុក​នៅ​កោះរ៉ុង ហើយ​មន្ត្រី​ជាន់ខ្ពស់​ខ្លះ​នឹង​មិន​ត្រូវ​ឲ្យ​ចូលរួម​បង្កើត​រដ្ឋាភិបាល​ថ្មី​នៅ​​អាណត្តិ​ក្រោយ​ឡើយ​។